ព័ត៌មានជាតិ  |  សន្តិសុខ

តារា​សម្តែង​លោក​ថៃ នរៈ​ពិ​ទូ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

11-01-2017 9:46 am
 ចំនួនទស្សនា 739
រូបភាពពីអង្គរថែមស៍

​អតីត​Freshy  boy និង​ជា​តារា​សម្តែង​លោក​ថៃ នរៈ​ពិ​ទូ និង​ភរិយា រួម​នឹង​បក្សពួក​ចំនួន​៤​នាក់​ផ្សេង​ទៀត ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១០ មករា នៅក្នុង​បន្ទប់​ខារ៉ាអូខេ ដឺ​សោ​ន ហ្វា​មីលី ស្ថិត​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច ដកហូត​បាន​នូវ​វត្ថុតាង​មួយ​ចំនួន ដូចជា​៖ ថ្នាំញៀន​ប្រភេទ​កេតា​មីន​(KETAMINE​ខេ )​ចំនួន​៣​ថង់ ទម្ងន់​០,៨៨​ក្រាម  ឧបករណ៍​សម្រាប់​កែច្នៃ​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ីចំនួន​២  ថ្នាំ​អំពូល​Diazepam ចំនួន​២​អំពូល  ថ្នាំ​គ្រាប់​ZEPAM​ចំនួន​១៦​បន្ទះ  និង​សម្ភារៈ​វិច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។

​សមត្ថកិច្ច​ឲ្យដឹង​ទៀតថា ជនសង្ស័យ​ទាំង​៦​នាក់ ដែល​ឃាត់ខ្លួន រួមមាន ១.​ឈ្មោះ ថៃ នរ​:​ពិ​ទូ អាយុ​៣២​ឆ្នាំ ជា​អតីត​Freshy boy ឆ្នាំ​២០០៦ និង​ត្រូវ​ជា​កូនប្រុស លោក​ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ២. ឈ្មោះ អោក រតនៈ​ប៊ុណ្ណិ​កា អាយុ​២៧​ឆ្នាំ ត្រូវជា​ភរិយា លោក​ថៃ នរៈ​ពិ​ទូ ៣.​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ខេត្ត​បាត់ដំបង ៤.​ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ៥.​ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៦.៖​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។​ ​បច្ចុប្បន្ន​ជនសង្ស័យ ពាក់ព័ន្ធ​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​ផែនការ ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​បោសសម្អាត​គ្រឿងញៀន នៅ​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួលបាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត​។ ដោយឡែក សម្រាប់​លទ្ធផល​នៃ​ការបង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១០ មករា គឺ​បង្ក្រាបបាន​ចំនួន ៤២​ករណី ឃាត់ខ្លួន​៨៨​នាក់ (​ស្រី​១១​នាក់​) ក្នុងនោះ ករណី​ជួញដូរ គ្រឿងញៀន​២៥​ករណី ឃាត់ខ្លួន​៥៤​នាក់ និង​ករណី​ប្រើប្រាស់​គ្រឿងញៀន​១៦​ករណី ឃាត់ខ្លួន​៣៤​នាក់​។​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 
x