លោក​សួន សេរី​រដ្ឋា​​ត្រូវ​អតីត​បុគ្គលិក​​ធ្វើការ​​ក្នុង​បក្ស​​ប្តឹង​ពី​បទ​​ប៉ុនប៉ង​​មនុស្សឃាត​​និង​បរិហារ​​បង្កាច់​កេរ្តិ៍​

ដោយ៖ អ៊ុន សុខឡា 10-01-2017 4:37 pm 7726

​នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​មករា​នេះ​លោក​សួន សេរី​រដ្ឋា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ អមដំណើរ​ដោយ​មេធាវី​ការពារ​ក្តី​របស់​លោក​គឺ​លោក​សុក សំអឿន បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ បទ​ប៉ុនប៉ង​មនុស្សឃាត​និង​បទ​បរិហារ​បង្ហាច់​កេរ្តិ៍ ដែល​ប្តឹង​ដោយ​ដើមបណ្តឹង​ឈ្មោះ​ម៉ៃ ស្រី​លក្ខណ៍ ជា​អតីត​បុគ្គលិក​គណបក្ស​អំណាច​ខ្មែរ​។ នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ចុង​បណ្តឹង​ឈ្មោះ​សួន សេរី​រដ្ឋា​បាន​បដិសេធ​មិន​ទទួលយក​ពាក្យបណ្តឹង​នេះឡើយ​។ បើ​តាម​ការបញ្ជាក់​ពី​លោក​រដ្ឋា ថា​លោក​ធ្វើ​តែ​នយោបាយ​មិន​ដែល​ទៅ​ប៉ង​សម្លាប់​នរណា​ម្នាក់​ឡើយ​…………

 

សំឡេង​លោក​សួន សេរី​រដ្ឋា​៖

លោក​សុក សំអឿន​មេធាវី​ការពារ​ក្តី​លោក​សួន សេរី​រដ្ឋា​បាន​បញ្ជាក់ថា ដើមបណ្តឹង បាន​ដាក់ពាក្យ​ប្តឹង​កូនក្តី​របស់​លោក​ដោយ​សំអាង​លើ​ភស្តុតាង នៃ​សារឆ្លើយឆ្លង​គ្នា​រវាង​សមាជិក​បក្ស នៅក្នុង​ហ្គ្រុ​បឆាត​របស់​គណបក្ស កើតឡើង​អំឡុង​ខែ​តុលា​ឬ​ខែវិច្ឆិកា​ឆ្នាំ​២០១៦​។ លោក​សុក សំអឿន​អះអាងថា សារ​នោះ​កូនក្តី​របស់​លោក បាន​លើក​ឡើង​តែ​ពី​ការងារ​ពាក់ព័ន្ធ​គណបក្ស​ប៉ុណ្ណោះ ហើយ​សារ​នោះ​ទៀតសោត​ក៏​មិន​បាន​និយាយ​សំដៅ​ឲ្យចំ​ឈ្មោះមា​ជិកណាម្នាក់​នៅក្នុង​ហ្គ្រុ​បឆាត​នោះ​ដែរ​……

 

សំឡេង​លោក​សុក សំអឿន​៖

លោក​មេធាវី​សុក សំអឿន​បាន​ពន្យល់​ជាទូទៅ​ថា បទល្មើស​ការប៉ុនប៉ង​ធ្វើឃាត លុះត្រាតែ​អ្នក​ដែល​ប៉ុនប៉ង​សម្លាប់​បាន​ធ្វើ​សកម្មភាព​អ្វី​មួយ ដូចជា​បាន​ប្រើប្រាស់​អាវុធ​ធ្វើ​សកម្មភាព​សម្លាប់​នឹង​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ​។ លោក​ពន្យល់​ទៀត​ថា សម្រាប់​ការ​គំរាម​សម្លាប់​តាម​សារ មិនទាន់​ចាត់​ចូល​ជា​បទល្មើស​ប៉ុន​ប៉ុង​ធ្វើឃាត​នៅឡើយ​ទេ វា​អាច​ចូល​ជា​បទល្មើស​ផ្សេងទៀត​។ សូម​ស្តាប់​ការពន្យល់​របស់​លោក​មេ​ធា​វី​សុក សំអឿន​……………

 

សំឡេង​លោក​សុក សំអឿន​៖

 

​គួរ​ជម្រាបជូន​ដែរ​ថា ដើមបណ្តឹង​ដែល​ដាក់ពាក្យ​ប្តឹង​ប្រធាន​គណបក្ស​បក្ស​អំណាច​ខ្មែរ​មាន​ឈ្មោះ​ម៉ៃ ស្រី​លក្ខណ៍​។ ដើមឡើយ​ម៉ៃ ស្រី​លក្ខណ៍​ធ្វើ​ការងារ​ផ្នែក​បោសសម្អាត របស់​គណបក្ស​អំណាច​ខ្មែរ បន្ទាប់មក​ត្រូវបាន​ជ្រើសតាំង​ធ្វើ​ជា​ពិធីការនី​វិទ្យុ​។ នៅ​អំឡុង​ពេល​ធ្វើ​ជា​ពិធីការនី​វិទ្យុ​នោះ​ហើយ ដែល​ដើមបណ្តឹង​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ហ្គ្រុ​បឆាត​របស់​គណបក្ស​។ ប៉ុន្តែ​ក្រោយមក​ម៉ៃ ស្រី​លក្ខណ៍​បាន​សុំ​ប្តូរ​មក​មើល​ការខុសត្រូវ​ផ្នែក​លក់​អង្ករ​របស់​គណបក្ស​វិញ ហើយ​ដោយសារ​ការងារ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ហ្គ្រុ​បឆាត​របស់​បក្ស គេ​ក៏​ដក​ម៉ៃ ស្រី​លក្ខណ៍​ចេញពី​ក្រុម​នោះ​។ ក្រោយមក​ម៉ៃ ស្រី​លក្ខណ៍​បាន​សុំ​លាឈប់​បម្រើ​ការងារ​ពី​គណបក្ស​អំណាច​ខ្មែរ​៕

ព័ត៌មានផ្សេងទៀត