ព័ត៌មានអន្តរជាតិ  |  សង្គម

“​ទិន្នន័យ​ខ្សាច់​”​ មិន​ត្រូវ​បានលើកឡើង​​ក្នុង​ជំនួប​រវាង​​លោក​ហ៊ុន សែន​​និង​ប្រធានាធិបតី​សិង្ហ​បុរី​ទេ​​

10-01-2017 4:07 pm
 ចំនួនទស្សនា 381

​ប្រធានាធិបតី​សិង្ហ​បុរី​លោក តូ​នី តាន់ កេង យាំ បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៧​។ ក្នុង​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ភាគី​ទាំង​ពីរ​សម្រេចបាន​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ មួយ​គឺ​សម្រាប់​វិស័យ​សុខាភិបាល និង​មួយទៀត​សម្រាប់ វិស័យ​អប់រំ និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​បើ​តាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​វិមាន​សន្តិភាព​ថា ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក តូ​នី តាន់ កេង យាំ ពី​សក្ដានុពល​ជាច្រើន​សម្រាប់​ពាណិជ្ជកម្ម​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សិង្ហ​បុរី សរុប​បាន​តែ​៥០០​លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៥​។​

​យ៉ាងណាក៏ដោយ អ្វី​ដែល​ជា​ការចាប់អារម្មណ៍​នោះ ភាគី​ទាំងពីរ​មិន​បាន​លើកឡើង​អំពី​ការនាំ​ចូល​ខ្សាច់​ដ៏​ចម្រូងចម្រាស​នោះទេ​។ លោក​ហ៊ុន សែន​គ្រាន់តែ​ស្នើ​ឲ្យ​សិង្ហបុរី​ជួយ​ទិញ​អង្ក​របស់​កម្ពុជា តែប៉ុណ្ណោះ​។​

​ការ​មិន​លើកយក​បញ្ហា​ភាពមិនប្រក្រតី ពី​ការនាំចេញ​ខ្សាច់​ដ៏​ចម្រូងចម្រាស ទៅកាន់​សិង្ហ​បុរី នា​ពេលកន្លងមក ទៅ​ពិភាក្សា​ក្នុងជំនួប​នោះ ត្រូវបាន​លោក អ៊ាង សុផល្លែត ថ្លែងថា មិន​មាន​ការពិភាក្សា​អំពី​ការនាំ​ចេញ​ខ្សាច់​កាលពីពេល​ថ្មីៗ​នេះ​ទៅ​កាន់​សង្ហ​បុរី​ ព្រោះនេះ​ជា​ការពិភាក្សា​ទូទៅ មិនមែន​ជា​ការពិភាក្សា​លម្អិត​។​

សូមបញ្ជាក់​ថា កន្លង​មក​ការនាំ​ខ្សាច់​ចេញពី​កម្ពុជា​ទៅកាន់​សង្ហ​បុរី ដែល​បើ​ផ្អែក​លើ​ទិន្នន័យ​អង្គការសហប្រជាជាតិ បាន​កត់ត្រា​ការ​នាំចូល​ខ្សាច់​យ៉ាងច្រើន​ពី​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មាន​ប្រមាណ​៧៣,៦​លាន​តោន ដែល​តួលេខ​នេះ​មាន​ភាពខុសគ្នា​ឆ្ងាយ​បើ​ប្រៀបធៀប​ទៅនឹង​អ្វី​ដែល​កម្ពុជា​បាន​កត់ត្រា ៕

ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត

 
x