ព័ត៌មានអន្តរជាតិ  |  សន្តិសុខ

នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​​បន្ដ​រងគ្រោះ​ដោយ​​ទឹកជំនន់​​ខណៈ​អ្នកស្លាប់​​កើន​ដល់​២៥​នាក់​

10-01-2017 3:53 pm
 ចំនួនទស្សនា 784
ទឹកជំនន់​កំពុង​វាយប្រហារ​នៅភាគខាងត្បូង​ប្រទេសថៃ

​មួយ​ផ្នែក​ធំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ នៅតែ​ជន់​លិច​ដោយសារ​ទឹកជំនន់​នៅឡើយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាង​មួយ​សប្ដាហ៍​។​តាម​ការបញ្ជាក់​ពី​នាយកដ្ឋាន​បង្ការ​និង​គ្រប់គ្រង​គ្រោះមហន្ដរាយ ទឹកជំនន់​បាន​សម្លាប់​មនុស្ស​២៥​នាក់​និង​ពីរ​នាក់​កំពុង​បាត់​ខ្លួន​នៅឡើយ​។​នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ប្រទេស​ថៃ បន្ទាប់​ពី​តំបន់​ភាគខាងត្បូង​ធ្លាប់​រងគ្រោះ​ដោយសារ​តែ​ទឹកជំនន់​ដូចគ្នា​នេះ​ដែរ​កាលពី​៥០​ឆ្នាំមុន​។​

ប្រជាជន​ប្រមាណ​ជាង​១​លាន​នាក់​មកពី​៣៦៩,៦៨០​គ្រួសារ​ក្នុង​ខេត្ដ​១២​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ រង​ផលប៉ះពាល់​ដោយសារ​តែ​ទឹកជំនន់​។​នេះ​ជាការ​បញ្ជាក់បន្ថែម​របស់​ប្រធាន​នាយកដ្ឋា​ន​បង្ការ​និង​គ្រប់គ្រង​គ្រោះមហន្ដរាយ​។​ខេត្ដ​ទាំង​១២​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មាន​ខេត្ដ​Pattalung, Narathiwat, Songkhla, Pattani, Trang, Yala, Surat Thani, Nakhon Si Thammarat, Chumpon, Ranong, Prachuab Kiri Khan និង​ខេត្ដ​Krabi​។​

​គ្រោះទឹកជំនន់​បាន​បំផ្លាញ​ផ្លូវថ្នល់​២១៨​និង​ស្ពាន​៥៩ ព្រមទាំង​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។​បច្ចុប្បន្ន​រដ្ឋាភិបាល​បានចាប់ផ្ដើម​សាងសង់​ស្ពាន​បណ្ដោះអាសន្ន​សម្រាប់​ជំនួស​ស្ពាន​ដែល​ខូចខាត ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​បាន​។​អាកាសយានដ្ឋាន​នៅ​ខេត្ដ​Nakhon Si Thammarat និង​ខ្សែ​រថភ្លើង​នៅ​តំបន់​ដាច់ស្រយាល​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ត្រូវ​បិទ​។​

ដោយសារ​តែ​ស្ថានភាព​នៅ​ពុំទាន់​បាន​ធូរស្រាល កងទ័ព​ជាច្រើន​នាក់​បាន​បញ្ជូន​ទៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​ខណៈ​ពួកគេ​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​ដោយឡែក​បើ​គិត​ពី​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​វិញ មន្ដ្រី​ថៃ​បាន​អះអាង​ថា​គ្រោះទឹកជំនន់​នឹងមិន​ធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ខ្លាំងក្លា​ទេ គឺ​ត្រឹម​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។​គួរ​ជម្រាប​ដែរ​ថា នៅ​ភាគខាងត្បូង​ប្រទេស​ថៃ សម្បូរ​ដោយ​ផលិតផល​កៅស៊ូ​ហើយក៏​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ច្រើន​ដែរ​៕

ព័ត៌មានផ្សេងទៀត

 
x