មន្ដ្រីថៃដែលជាប់ពាក់ព័ន្ធក្នុងករណីពុករលួយ គិតជាទឹកប្រាក់លើសពី០១ពាន់លានបាតស្មើនឹង២៨លានដុល្លារអាមេរិក អាចប្រឈមនឹងទោសប្រហារជីវិត។នេះបើតាមសំណើមួយដែលត្រូវបានអនុម័តនៅថ្ងៃទី០៩មករានេះ ដោយគណៈកម្មាធិការដឹកនាំកំណែទម្រង់ជាតិ តែងតាំងដោយយោធា។
ក្នុងចំណោមសមាជិកគណៈកម្មាធិការ១៦២រូបមានវត្ដមាន បានបោះឆ្នោតគាំទ្រសំណើថ្មី១៥៥រូប ព្រមឲ្យប្រើទោសប្រហារជីវិត។ចំណែកមន្ដ្រីដែលរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមានទឹកប្រាក់តិចជាង១ពាន់លានបាត អាចប្រឈមនឹងការជាប់ពន្ធនាគារដល់០៥ឆ្នាំ។
តាមសមាជិកគណៈកម្មាធិការម្នាក់បញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំបានឯកភាពលើវិធានការថ្មី ហើយនឹងមានការស្នើសុំមតិយោបល់បន្ថែមពីសមាជិកសភាមុនពេលបញ្ជូនបន្ដ។វិធានការនេះត្រូវដាក់ជូនទៅគណៈរដ្ឋមន្ដ្រី ទៅសភា បន្ទាប់មកបញ្ជូនទៅគណៈកម្មាធិការរដ្ឋធម្មនុញ្ញពិភាក្សមុនពេលអុម័តឲ្យប្រើប្រាស់។សមាជិកសភាបាននិយាយថា ដំណើរការនេះអាចត្រូវចំណាយពេលគួរសម។
វិធានការថ្មីដែលឈានដល់ការប្រហារជីវិត និងជាប់ពន្ធនាគារសម្រាប់អ្នកប្រព្រឹត្ដអំពើពុករលួយនេះទៀតសោត ត្រូវក្រុមអ្នកវិភាគនិយាយថា ដូចចង់ដាក់ទោសបន្ថែមសម្រាប់ការប្រព្រឹត្ដអំពើពុករលួយគ្រប់សណ្ឋាន ដែលរបបយោធាកំពុងគ្រប់គ្រងក្រុមប្រឆាំង ក្នុងនោះមានសម្ព័ន្ធមិត្ដរបស់អតីតនាយករដ្ឋមន្ដ្រីថៃលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាផងដែរ។
ចំពោះលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃត្រូវទម្លាក់ចេញដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដ្បិតថាលោកស្រីកំពុងស្ថិតក្នុងការកាត់ទោសពាក់ព័ន្ធគម្រោងទិញស្រូវអង្ករប្រជាជនខាតប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្ដែលោកស្រីនឹងមិនទទួលទោសតាមវិធានការថ្មីទេ។វាជាវិធានការសម្រាប់អនុវត្ដនៅពេលអនាគត ការពារកុំឲ្យមានអំពើពុករលួយកើតឡើងកាន់តែច្រើន៕