ឯកសារ​​បែក​ធ្លាយ​​៖​លោក​ហ៊ុន សែន​បង្ខំ​លោក​កឹម សុខា​​ចេញ​សេចក្តី​​ថ្លៃ​ង​ការណ៍​​ម្នាក់​ឯង​​

ដោយ៖ គួន សំបូរ 09-01-2017 3:18 pm 74605

​ឯកសារ​បែកធ្លាយ​មួយ បាន​អះអាង​ថា លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កំពុងតែ​បង្ខំ​ឲ្យ​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចុះហត្ថលេខា​លើ​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​តែ​ម្នាក់ឯង ដោយ​សន្យាថា នឹង​បណ្តេញចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​បុគ្គល​ណា​ដែល​ជេរប្រមាថ នឹង​ការ​មួលបង្កាច់​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស គ្រួសារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​។ ប៉ុន្តែ​ឯកសារ​បែកធ្លាយ​នេះ  ខាង​គណបក្ស​ប្រជាជន​មិន​ទទួលស្គាល់ គណបក្ស​នេះ​ចោទ​បក​ទៅ​លោក​សម រង្ស៊ី​ថា កំពុង​បង្កើត​រឿង​។

​ឯកសារ​មួយ​ដែល​ផ្ញើ​ចេញពី​អាសយដ្ឋាន​អ៊ីមែល​របស់លោក សម រង្ស៊ី មក​កាន់​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​ការ​សែត​នេះ​បាន​ចុះផ្សាយ ដោយ​ចោទប្រកាន់​មក​លើក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា កំពុង​រិះរក​គ្រប់​វិធី​ដើម្បី​បំបែក ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ប្រភព​ដដែល​បាន​លើកឡើង​ថា លោក​ហ៊ុន សែន កំពុងតែ​បង្ខំ​ឲ្យ​លោក កឹម សុខា សរសេរ​លិខិត ឬ​សេចក្តីថ្លែងការណ៍​តែ​ម្នាក់​ឯង​ឲ្យ​លោក​មួយច្បាប់ ដែល​តម្រូវ​ឲ្យ​លោក កឹម សុខា សន្យា នឹង​បណ្តេញចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​បុគ្គល​ណា​ដែល​បាន​ជេរប្រមាថ​លោក ហ៊ុន សែន ភរិយា​គាត់ និង​កូនប្រុស​ច្បង​របស់​គាត់​ឈ្មោះ ហ៊ុន ម៉ា​ណែ​ត ពាក់ព័ន្ធ​ទៅនឹង​ការ​មួលបង្កាច់​មួយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស គ្រួសារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​។

​បើ​តាម​សារ​ដែល​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ចុះផ្សាយ បាន​អះអាង​ទៀតថា តាម​គម្រោង​ដែល​លោក ហ៊ុន សែន ទើបតែ​បាន​រៀបចំ​ថ្មីៗ​នេះ បន្ទាប់ពី​លោក កឹម សុខា បាន​សរសេរ​លិខិត ឬ​សេចក្តី​ថ្លែង​ការណ៍​ដូច​ខាងលើ​រួច​ហើយ​លោក ហ៊ុន សែន នឹង​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ១ ឬ ២ នាក់​ដែល​គាត់​ទិញ​បានឲ្យ​ចេញមុខ​មួលប​ង្កា​ច់ លោក សម រង្ស៊ី ម្តង​វិញ​ថា លោក សម រង្ស៊ី បាន​និយាយ​មួលបង្កាច់​ក្រុមគ្រួសារ​លោក ហ៊ុន សែន ពិត​មែន​នៅ​ក្នុង​កិច្ចប្រជុំ​ណាមួយ​កន្លងមក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។

​សារ​នេះ​បញ្ជាក់ទៀតថា​៖ «​ពេលនោះ​លោក ហ៊ុន សែន នឹង​តម្រូវ​ឲ្យ​លោក កឹម សុខា គោរព​ពាក្យសន្យា​របស់​ខ្លួន​ដូច​មានចែង​ក្នុង​លិខិត ឬ​សេចក្តីថ្លែងការណ៍​ខាងលើ ហើយ​លោក ហ៊ុន សែន នឹង​តម្រូវ​ឲ្យ​លោក កឹម សុខា រៀបចំ​នីតិវិធី​ដើម្បី​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ទាក់ទង​នឹង​ទម្លាយ​ឯកសារ​នេះ លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​នេះ។​

​ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ថ្នាក់ដឹកនាំ​គណបក្ស​លោក ដោយ​លោក​អះអាងថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មិន​ធ្វើ​អំពើ​របៀបនេះ​ទេ​។ លោក​សុខ ឥសាន បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​នេះ​ថា លោក​យល់ថា ករណី​នេះ​ជា​រឿង​មួយ​បង្កើតឡើង​ដោយ​លោក សម រង្ស៊ី ពីព្រោះ​លោក​សម រង្ស៊ី ពូកែ​ប្រើល្បិច​។ លោក​បន្ថែមថា លោក​សម រង្ស៊ី  ខ្លាច​លោក​កឹម សុខា ដេញ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​ហើយ​បាន​បង្កើត​រឿង​នេះ​មក​…

​សំឡេង​លោក​សុខ ឥសាន​៖

​យ៉ាងណាក្តី អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បានបញ្ជាក់​ថា ការទម្លាយ​ឯកសារ​ចោទប្រកាន់​មក​លើក​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​នេះ មិន​បង្ក​ឲ្យ​កម្តៅនយោបាយ ដែល​កំពុង​ស្ងប់ស្ងាត់​​មាន​កម្តៅ​ឡើងវិញ​នោះ​ឡើង ឲ្យតែ​ភាគី​ទាំងពីរ​មាន​ភាពស្មោះត្រង់​នឹង​គ្នា​វប្បធម៌​សន្ទនា​នៅតែ​បន្ត​មាន​។​

​លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​មិន​បាន​ហ៊ាន​អះអាង​ថា បុគ្គល​ណា​ជា​អ្នក រៀបចំ​បញ្ចេញ​ឯកសារ​នោះទេ​។ ប៉ុន្តែ​លោក​គ្រាន់ រម្លឹក​ពី​អតីតកាល និង​ស្រាវជ្រាវ​ពី​ដំណើការ​នយោបាយ​នៅ​កម្ពុជា​កន្លងមក​ឃើញថា គណបក្សកាន់អំណាច​តែងតែ​ព្យាយាម​បំបែកបំបាក់​គណបក្សប្រឆាំង​ឲ្យ​ចុះខ្សោយ​។ លោក​បាន​លើកឡើង​ជា​ឧទាហរណ៍​ដូចជា​៖ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច​ជាដើម​…

​សំឡេង​លោក​សូ ចន្ថា​៖

​លោក​លោក សូ ចន្ថា បាន​ផ្តល់​ជា​យោបល់​ថា គណបក្សប្រឆាំង​គួរតែ​ពង្រឹង​ផ្ទៃក្នុង​របស់​ខ្លួន ល្អ​ជាង​ការ បារម្ភ​ពី​ការព្យាយាម​បំបែក​ពី​គណបក្ស​កាន់អំណាច​។ លោក​ថា ការពង្រឹង​ផ្ទៃក្នុង គឺជា​ដំណោះស្រាយ​មួយ​ដ៏​ល្អ ដើម្បី​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​ឈានទៅរក​ភាព​រឹងមាំ​បន្តទៀត​៕


ព័ត៌មានផ្សេងទៀត