ព័ត៌មានអន្តរជាតិ  |  សង្គម

កូរ៉េខាងជើង​​ប្រកាស​ជា​ថ្មី​​អាច​ធ្វើ​តេស្ដ​មី​ស៊ី​ល​​ឆ្លង​ទ្វីប​​បាន​គ្រប់ពេល​

09-01-2017 11:26 am
 ចំនួនទស្សនា 775
ទិដ្ឋភាពនៅមជ្ឈមណ្ឌលធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង​សាកល្បងមីស៊ីល​ឆ្លងទ្វីប​កន្លងមក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ប្រកាស​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​ថា ប្រទេស​របស់​លោក​នឹង​ឈប់​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទៀតហើយ​។​ប៉ុន្ដែ​រំលង​បានតែ​០៨​ថ្ងៃ គឺ​កាលពី​ថ្ងៃ​ទី​០៨​មករា កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​គេ​អាច​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដែល​លោក​គីម ជុង​អ៊ុន​បានកំណត់​។​កូរ៉េខាងជើង​ថា​ដោយសារ​គោលនយោបាយ​អរិភាព​របស់​អាមេរិក ទើប​ជំរុញ​ឲ្យមាន​ការប​ន្ទោ​ស​លើ​ការអភិវឌ្ឍ​អាវុធ​របស់​កូរ៉េខាងជើង​។​

​រដ្ឋមន្ដ្រី​ការពារជាតិ​អាមេរិក​លោក​Ash Carter​កាលពី​ថ្ងៃ​ទី​០៨​មករា​បាន​និយាយ​ដែរ​ថា សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​និង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប បាន​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​អាមេរិក​។​ដូច្នេះ​អាមេរិក​បាន​រៀបចំ​ការ​ពារ​ខ្លួន គឺ​នឹង​បាញ់​ទម្លាក់​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​ឬ​ធ្វើតេស្ដ​សាកល្បង​។​លោក​Ash Carter​បញ្ជាក់​បែប​នេះ​ថា “​យើង​នឹង​បាញ់​ទម្លាក់​វា​ប្រសិនបើ​វា​គំរាមកំហែង​យើង គឺ​បើសិន​មី​ស៊ី​លបាញ់​សម្ដៅទៅ​ទឹកដី​អាមេរិក​និង​ទឹកដី​សម្ព័ន្ធមិត្ដ​របស់​អា​មេ​រិក​។​”

​យ៉ាងណាមិញ កូរ៉េខាងជើង​មិន​បាន​លម្អិត​ទេ​ថា​អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​គ្រប់ពេល ជា​ការឆ្លើយតប​នឹង​អ្វី​ដែល​អាមេរិក​បាន​ប្រកាស​ឬ​យ៉ាងណា​។​កូរ៉េខាងជើង​គ្រាន់តែ​បង្ហាញ​ជំហរ​របស់​គេ​ថា “​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​នឹង​បាញ់​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង​ដែល​កំណត់​ដោយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។​”

​សូមបញ្ជាក់​ថា មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​ដែល​ផលិត​បាន​ពេញលេញ​ហើយ ពិតជា​អាច​គំរាមកំហែង​ដល់​ឧបទ្វីប​អាមេរិក​បើ​កូរ៉េខាងជើង​ចង់​ធ្វើ ព្រោះ​វា​អាច​បាញ់​បាន​ចម្ងាយ​ប្រមាណ​០៩​ពាន់​គីឡូម៉ែត្រ​។​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ជិត​អាច​បាញ់​បាន​ប្រមាណ​៥,៥០០​គីឡូម៉ែត្រ ប៉ុន្ដែ​មួយ​ប្រភេទ​ទៀត​អាច​បាញ់​បាន​ដល់​០១​ម៉ឺន​គីឡូម៉ែត្រ​ឯណោះ​។​

ជា​ការកត់សម្គាល់ អាមេរិក​មិន​តិច​ដង​ទេ​ទទួល​ការ​គំរាម​ពី​កូរ៉េខាងជើង គឺ​បើសិន​អាមេរិក​ហ៊ាន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​កូរ៉េខាងជើង មី​ស៊ី​ល​ឆ្លង​ទ្វីប​នឹង​ហោះ​សម្ដៅទៅ​ទឹកដី​អាមេរិក​ភ្លាម ដោយ​បាញ់​មិន​ឲ្យ​ខុស​មួយ​មី​លី​ម៉ែត្រ​។​សារ​គំរាម​ពី​កូរ៉េខាងជើង​ក៏​ធ្វើឲ្យ​អាមេរិ​ក​ញញើត​ដែរ ទោះ​មិន​ប្រាកដ​ថា​កូរ៉េ​ខាងជើង​ធ្វើ​មែនឬ​មិនមែន​។​ភាពចម្រូងចម្រាស​នៅ​បន្ដ​កើត​ឡើង មិន​ទាន់​ដោះស្រាយ​បាន​ឡើយ​៕

ព័ត៌មានផ្សេងទៀត

 
x