អ្នក​វិភាគ​ថា ​វប្បធម៌​សន្ទនា ​របស់​គណបក្ស​​ធំ​ទាំងពីរ​ គ្រាន់តែ​ជា​ឆាកល្ខោន​​បំភ័ន្ត​ភ្នែក​រាស្ត្រ​​

ដោយ៖ ខាត់ សុធី 08-01-2017 4:27 pm 4848

​វប្បធម៌​សន្ទនា​ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​នយោបាយ​នៃ​គណបក្ស​ធំៗ​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​នោះ ម្តង​ឃើញ​ស្រស់បំព្រង ម្តង​ក៏​ស្វិត​ស្រពោន ឬ​គេ​ហៅ​ថា​មួយថ្ងៃ​កាត់​មួយ​ថ្ងៃ​កោរ ម្តង​រស់ ម្តង​ក៏​គាំងស្ញេញ​គិតថា​ស្លាប់បាត់​ទៅ​ហើយ​ក៏​មាន​។​ប៉ុន្តែ​ស្លាប់​ឬ​រស់ ស្រស់បំព្រង ឬ​ស្វិត​ស្រ​ពោន វា​ស្ថិត​នៅលើ​ក្រុម​អ្នកនយោបាយ​នៃ​ភាគី​ទាំង​២​ជា​អ្នក​ស្រោច​ទឹក​ដាក់​ជី​ថែទាំ ឬ​មិន​ចង់​ថែទាំ​តែប៉ុណ្ណោះ​។​

 

​ភាគី​ទាំង​២ ម្ខាងៗ​សុទ្ធតែ​អះអាង​រក្សា​វប្បធម៌​សន្ទនា និង​អួត​ប្រាប់​ពលរដ្ឋ​អ្នកគាំទ្រ​របស់​ខ្លួន​តែ​រៀងៗ​ខ្លួន​ថា វប្បធម៌​សន្ទនា​នេះ គឺ​បាន​ជា​ប្រយោជន៍​ដ៏​ធំ​សម្បើម​សម្រាប់​ប្រទេសជាតិ​។ តែ​អ្វី​ដែល​គេ​មើលឃើញ ពេល​ភាគី​ណាមួយ​ក្នុង​ចំណោម​ភាគី​ទាំង​២ មានការ​ថ្នាំងថ្នាក់​នឹង​គ្នា​ពី​បញ្ហា​អ្វីមួយ ពិសេស​គណបក្ស​កាន់អំណាច តែងតែ គំរាម​ព្រមាន​សម្លាប់​វប្បធម៌​សន្ទនា​នេះ ឯ​ភាគី​ម្ខាង​ទៀត គឺ​គណបក្ស​ប្រឆាំង ក៏​បញ្ចេញ​ឫកពារ​ក្រអឺតក្រទម​ដាក់​វិញ​ដែរ​។​លុះ​ស្ថានការណ៍​ជ្រុល​ចូល​ដល់​ភាពទ័លច្រក​រៀងខ្លួន ក៏​តាំង​ដាស់​វប្បធម៌​សន្ទនា​នេះ មកវិញ​។​តែ​ការ​ដាស់​ឲ្យ​ងើប​នៃ វប្បធម៌​សន្ទនា​នេះ មកវិញ តែងតែ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ ឬ​ការព្រមាន​ផ្សេងៗ​។​

 

​ស្ថានការណ៍​នយោបាយ​នៅ​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់​ពី​គណបក្ស​នយោបាយ​ទាំងពីរ​បាន​អង្គុយ​បែរខ្នង​ដាក់គ្នា​មួយ​ស្របក់​ធំ​មក​នោះ ក៏​បាន​ងាក​មក​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន​ជុំវិញ​ការចរចា ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​។ បក្សប្រឆាំង​បាន​បង្ហាញ​គោលបំណង​របស់​ខ្លួន​ក្នុងការ​បញ្ចប់​បញ្ហា​។ ប៉ុន្តែ​ដោយសារ​បក្សប្រឆាំង នៅតែ​បន្ត​ការរិះគន់​មកលើ​គណបក្សកាន់អំណាច ធ្វើឲ្យ​មាន​ការ​ថ្នាំងថ្នាក់ ក៏​តាំង​ព្រមាន​សម្លាប់​វប្បធម៌​សន្ទនា​នេះ​វិញ​។​តួយ៉ាង កាលពី​ថ្ងៃ​ទី​០៧ មករា ប្រធាន​គណបក្ស​កាន់អំណាច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ដៃគូ​សន្ទនា​ឲ្យ​ប្រយ័ត្នប្រយែង​ក្នុង​ការប្រើ​ពាក្យពេចន៍ និង​ត្រូវ​មាន​ភាពស្មោះត្រង់ បើ​មិន​ដូច្នេះ​ទេ ជីវិត​វប្បធម៌​សន្ទនា​នឹង​ត្រូវ​បញ្ចប់​។​

 

​ចំណុច​នេះ​ប្រមុខ​គណបក្សកាន់អំណាច​ចង់​បង្គាប់​ឲ្យ​គណបក្សប្រឆាំង​ខ្លបខ្លាច​ខ្លួន​ដោយ​ត្រូវតែ​បញ្ឆប់​ការរិះគន់​ជាដា​ច់​ខាត ទើប​អាច​និយាយ​ចរចា​គ្នា​បាន​។ លោក​ហ៊ុន សែន​បញ្ជាក់ថា ការសន្ទនា​ត្រូវតែ​ជា​ការសន្ទនា​ដោយ​ស្មោះត្រង់ ដូច្នេះ ប្រសិន​ដៃគូ​សន្ទនា​ម្ខាង​ទៀត​គ្មាន​ភាពស្មោះត្រង់ នឹង​មិន​អាច​រក្សា​វប្ប​ធម៌​សន្ទនា​បានឡើយ ដែល​ឈានទៅដល់​ការបំផ្លាញ​ឯកភាព​ជាតិ​។​
​សម្រាប់​អ្នកវិភាគ ការ​និយាយ​ពី​វប្បធម៌​សន្ទនា​វា​ដូច​ជា​រឿង​ច្រំ​ដែល​ទៅហើយ​។​ច្រំ​ដែល ព្រោះ​អ្នកនយោបាយ​ទាំង​២​ភាគី តែង​ង​ង៉ក់​ដាក់​គ្នា​ទៅវិញទៅមក​តាំងពីដើម​រៀងមក​។ រូបភាព​បែបនេះ វា​ក្លាយទៅជា​រឿង​ដែល​គួរ​ឲ្យ​ធុញទ្រាន់​សម្រាប់​ប្រជារាស្ត្រ​ទូទៅ​ទៅហើយ​។​

 

​លោក​មាស នី អ្នកវិភាគ​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា បាន​លើកឡើង​ថា ប្រសិនបើ​គណបក្ស​ទាំង​២​នៅតែ​បន្ត​លេងល្បែង​ដដែលៗ​បែប​នេះ​ទៀត ប្រជា​ពលរដ្ឋ​នឹង​អស់ជំនឿ​។​អស់ជំនឿ ព្រោះ​វប្បធម៌​សន្ទនា គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ ក្រៅ​តែ​ពី​ការ​ប៉ែង​ជើង លាប​ពណ៌ កាច់​បំបាក់​គ្នា ទៅវិញទៅមក​………

 

​សំឡេង​លោក​មាស នី​៖

 

​ចំណែក​លោក​ចាន់ វិបុល អ្នកជំនាញ​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ ក៏​យល់​ស្រដៀង​គ្នា​នឹង​លោក​មាស នី​ដែរ​។​លោក​ថា​មែនទែនទៅ ពុំ​គួរ​បង្កើត​ឲ្យមាន​វប្បធម៌ស​ន្ទនា​នេះឡើង ដែល​គ្រាន់​ធ្វើឡើង​ក្នុង​រូបភាព ដូច​សព្វថ្ងៃ​នេះ​នោះ​ទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​សោះ​សម្រាប់​ជាតិ​។ លោក​បញ្ជាក់ថា ដោយសារ​ទង្វើ​គណបក្ស​ធំៗ​ទាំងពី​សព្វថ្ងៃនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​តែលតោល ពិបាក​ក្នុង​ការគាំទ្រ​គណបក្ស​ធំៗ​ទាំង​២​នេះ​ទៀត​ណាស់ ហើយ​ពួកគាត់ អាច​នឹង​ពិចារណា​ជ្រើសរើស​រក​គណបក្ស​ថ្មី​ណាមួយ ជនួស​វិញ​………………..

 

​សំឡេង​លោក​ចាន់ វិបុល​៖

សូមបញ្ជាក់​ថា វប្បធម៌​សន្ទនា​ត្រូវបាន​គណបក្ស​ទាំង​២​ព្រមព្រៀង​គ្នា​បង្កើតឡើង កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ ក្នុងន័យ​ដើម្បី​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឲ្យឃើញ​នូវ «​ការឯកភាព​ជាតិ​»​។ ប៉ុន្តែ​វប្បធម៌​សន្ទនា​នេះ រស់​ស្រស់ស្រាយ​បាន​តែ​ប្រមាណ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវបាន​គេ​ចាត់ទុកថា បាន​ស្លាប់​ទៅ​វិញ​។ ស្លាប់​ទៅ​វិញ ដោយសារ​មេដឹកនាំ​គណបក្សប្រឆាំង ចោទ​លោក​ហ៊ុន សែន​ថា ប្រើ​វប្បធម៌​សន្ទនា​នេះ ជា​ឈ្នាន់​នៃ​នយោបាយ​លួងលោម​ឲ្យ​លោក​សម រង្ស៊ី​ចែកផ្លូវ​គ្នា​ជាមួយ​លោក​កឹម សុខា ប៉ុន្តែ​លោក​ហ៊ុន សែន ចោទ​បក​វិញ​ថា លោក​សម រង្សី​ធ្វើ​នយោបាយ​ចាប់ដៃ​ជាន់​ជើង​។​

 

​តែ​ចុងក្រោយ​នេះ វប្បធម៌​សន្ទនា ត្រូវបាន​អ្នកនយោបាយ​ទាំង​២​ភាគី​លើកឡើង​ជា​ថ្មី ក្រោយពី លោក​ហ៊ុន សែន សម្រេចចិត្ត​ជ្រើសរើស​លោក​កឹម សុខា ជា​ដៃគូ​សន្ទនា​ជំនួស​លោក​សម រង្ស៊ី​។​លោក​ហ៊ុន សែន បាន​អះអាង​ថា លោក​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចង់ឲ្យមាន​«​ការឯកភាព​ជាតិ​»​រវាង​ខ្មែរ​នឹង​ខ្មែរ​។​តែ​មិន​បាន​ប៉ុន្មាន​ផង លោក​ហ៊ុន សែន​ក៏​តាំង​ចាប់ផ្តើម​គំរាម​ជាថ្មីទៀត​។​

 

​សម្រាប់​លោក​មាស នី បាន​វាយតម្លៃ​ថា បើ​អ្នក​នយោបាយ​សព្វថ្ងៃ​មិន​ប្តូរ​ចរិត​ចាស់​ទេ ពិសេស​រដ្ឋាភិបាល​ប្រើ​ស្នៀត​លេង​វប្បធម៌​សន្ទនា ដោយ​បំបិត​ការរិះគន់ នោះ វប្បធម៌​សន្ទនា​នឹង​រលាយ​សាបសូន្យ ជាក់​ជា​ពុំខាន ហើយ​បើ​វា​រលាយ គណបក្ស​កាន់​អំណាច​អាច​នឹង​ខាត​ធំ ព្រោះតែ​មិន​បាន​នាំឲ្យ​មាន​ឯកភាព​ជាតិ​សម្រាប់ព​ប្រទេសជាតិរ​បស់​ខ្លួន​៕

 

​ដោយ ៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត