សម្តេច​ប៉ាប​​ដឹងថា​​មាន​ការប៉ុនប៉ង​​វាយប្រហារ​​លើ​ទ្រង់​​ប៉ុន្តែ​​ព្រះអង្គ​​មិន​បង្កើន​​ការការ​ពារ​​ទេ​

ដោយ៖ អ៊ុន សុខឡា 08-01-2017 3:36 pm 1947
សម្តេច​ប៉ាប ហ្វ្រង់ស៊ីស

​យោង​តាម​ខ្លឹមសារ​នៅក្នុង​សៀវភៅ​ថ្មី​មួយ ដែល​និពន្ធ​ដោយ​ជនជាតិ​អ៊ីតាលី​Andrea Tornielli នឹង​ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ​Channel News Asiaដកស្រង់​​ព្រះ​បន្ទូល​របស់​សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​មកចុះផ្សាយថា ព្រះអង្គ​ដឹង​ច្បាស់​ថា​មាន​ការប៉ុនប៉ង​វាយប្រហារ​លើ​ទ្រង់ ប៉ុន្តែ​ព្រះអង្គ​នៅតែ​បន្ត​ធ្វើ​ដំណើរ ដោយ​មិន​ប្រើប្រាស់​រថយន្ត​ការពារ​គ្រាប់កាំភ្លើង ឬ​កម្លាំង​សន្តិសុខ​ច្រើន​ទេ​។ ព្រះអង្គ​បញ្ជាក់​មូលហេតុ​ថា ការធ្វើ​ដូច្នេះ ជា​ឧបសគ្គ​រារាំង​ទ្រង់​មិន​អាច​បង្ក​ភាពស្និទ្ធស្នាល​ជាមួយ ប្រជារាស្ត្រ​ដែល​គោរព​និង​ស្រឡាញ់​ទ្រង់​។​

 

​សម្តេច​ប៉ាប​មាន​ព្រះបន្ទូល​ទៀតថា ប្រហែល​ព្រះអង្គ​ព្រហើន​ជាមួយ​ការគំរាមកំហែង​នេះ ប៉ុន្តែ​ទ្រង់​មិន​បារម្ភ​អំពី​សុវត្ថិភាព​ឡើយ​។ ផ្ទុយទៅវិញ​ទ្រង់​បែរ​បារម្ភ​អំពី​សុវត្ថិភាព​មនុស្ស ដែល​ត្រូវ​មក​ការពារ​ទ្រង់ និង​ធ្វើ​ដំណើរ​ជាមួយ​ទ្រង់​។ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​សម្តេច​ប៉ាប បាន​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​នៅ​ក្នុង​ប្រទេស​ចំនួន​២៥​ហើយ​។ ដោយឡែក​នៅក្នុង​ឆ្នាំនេះ ព្រះអង្គ​មាន​ព្រះរាជដំណើរ​ទៅ​កាន់​ប្រទេស​ព័រ​ទុយ​ហ្គាល់ ប្រទេស​ឥណ្ឌា​និង​ប្រទេស​បង់​ក្លា​ដេស​បន្តទៀត​។ យ៉ាងណាក៏ដោយ គេ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការគំរាមកំហែង​អាយុជីវិត និង​ក្រុម​ដែល​ប៉ុនប៉ង​វាយប្រហារ​លើ​សម្តេច​ប៉ាប​ទេ​។​

 

​គួរ​ម្លឹក​ជូន​ថា កាលពី​២​ឆ្នាំមុន គឺ​ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​នៅ​អឺរ៉ុប ប៉ូលិស​នៃ​ប្រទេស​អ៊ីតាលី​បាន​បង្កើន​កម្លាំង​សន្តិសុខ​នៅ​បុរី​វ៉ា​ទី​កង់ ដើម្បី​ការពារ​សុវត្ថិភាព​។ ប៉ុន្តែ​សម្តេច​ប៉ា​ប នៅ​បន្ត​ប្រើប្រាស់​រថយន្ត​ធម្មតា​ម៉ាក​Ford Focus ពេល​ចេញ​ទៅ​សហគមន៍​កាតូលិក​នៅក្នុង​ទីក្រុង​រ៉ូម​ម្តងៗ​។ ស្តេច​សង្ឃ​ជាតិ​អា​ហ្សង់​ទីន​ព្រះជន្ម​៨០​ព្រះវស្សា​អង្គ​នេះ ខុស​ពី​សម្តេច​សង្ឃ​មុន ដែល​ប្រើប្រាស់​រថយន្ត​ទំនើប​មាន​បំពាក់​កញ្ចក់​ការពារ​គ្រាប់ ប៉ុន្តែ​ទ្រង់​វិញ​ប្រើប្រាស់​រថយន្ត​ធម្មតា​ប៉ុណ្ណោះ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​៕

ព័ត៌មានផ្សេងទៀត