ព័ត៌មានអន្តរជាតិ  |  នយោបាយ

ដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតី​តៃ​វ៉ាន់​​ស្ថិតក្រោម​​ការឃ្លាំមើល​​របស់​ចិន​

08-01-2017 10:59 am
 ចំនួនទស្សនា 2832
អ្នកស្រីត្សៃ អ៊ីង​វិន​ប្រធានាធិបតី​តៃវ៉ាន់

​ដូច​ការគ្រោងទុក អ្នកស្រីត្សៃ អ៊ីង​វិន​ប្រធានាធិបតី​តៃវ៉ាន់ បាន​ចាកចេញ​ពី​តៃវ៉ាន់​ទៅកាន់​ទឹកដី​អាមេរិក​កណ្តាល​ហើយ​នៅ​ថ្ងៃ​ទី​៧​ខែ​មករា​។ អ្នកស្រី​នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ដែល​គាំទ្រ​តៃវ៉ាន់ នៅក្នុង​នោះ​រួមមាន Honduras,  Nicaragua, Guatemala​និង​El Salvador​។ អ្នកស្រីត្សៃ​ក៏​នឹង​ចូលរួម​ពិធី​មួយ​នៅក្នុង​ប្រទេស Nicaragua នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​អ្នកស្រី​នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ចំនួន​៣​ប្រទេស​ផ្សេង​ទៀត​។​

នៅក្នុងដំណើរទស្សនកិ​ច្ចនេះ អ្នកស្រីត្សៃ ក៏ឆ្លៀតចុះចតនៅក្នុងទីក្រុងHouston ស្ថិតក្នុងរដ្ឋTexasសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ និងដោយឡែកនៅសប្តាហ៍ក្រោយ អ្នកស្រីនឹង ធ្វើដំណើរ មក San Francisco។

​ទោះបីជា​ដំណើរ​ទស្សនកិច្ច​នេះ មិន​សំដៅ​រក​អាមេរិក​ក៏​ដោយ ប៉ុន្តែ​ទីក្រុង​ប៉េកាំង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត លើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រីត្សៃ។ ឃ្លាំមើល​ដំណើរ​ទស្សនកិច្ចនេះ ដោយសារលោក​ត្រាំ​​បាន​ប្រកាស​ បើកផ្លូវ​ឲ្យមាន​ជំនួប​រវាង​លោក​និង​អ្នកស្រីត្សៃ​នៅ​អាមេរិកដែរ ប៉ុន្តែ​មិនមែន​ពេលនេះ​ទេ​។ ពោល​ជំនួបជាមួយ​ថ្នាក់ដឹកនាំ​បរទេស​អាច​ធ្វើទៅបាន នៅ​ក្រោយ​លោក​ស្បថ​កាន់​តំណែង​ប្រធានាធិបតី​ជា​ផ្លូវកា​រណ៍​នៅ​ថ្ងៃ​ទី​២០​ខែ​មករា​។​

​ខណៈ​អ្នកស្រីត្សៃ អ៊ីង​វិន​កំពុង​ផ្តោត​លើ​ដំណើរទ​ស្សន​កិច្ច​រយៈពេល​៩​ថ្ងៃ ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ស្ថិត​នៅ​អាមេរិក​កណ្តាល ច្រក​ឆ្លងកាត់​ផ្លូវ​សមុទ្រ​តៃវ៉ាន់​ឯណេះ​វិញ ត្រូវបាន​ទីក្រុង​ប៉េកាំង​បង្កើន​ការ​រឹតបន្តឹង​។ ចាប់តាំងពី​អ្នកស្រីត្សៃ បាន​ជួប​លោក​ត្រាំ​តាម​ទូរស័ព្ទ ដើម្បី​សាទរ​លោក​ជាប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក ចិន​បាន​ចាប់ផ្តើម​បង្កើន​កម្លាំងយោធា បញ្ចេញ​សាច់​សុំ​ដាក់​តៃវ៉ាន់ តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​ក្បែរ​កោះ​តៃវ៉ាន់​។ ទន្ទឹម​គ្នា​នោះ​ចិន​ក៏​ត្រូវ​រំពឹងថា​នឹង​អនុញ្ញាត​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​របស់ខ្លួន​តែមួយគត់ ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវទឹក​តៃវ៉ាន់ អំឡុង​ពេល​អ្នក​ស្រ​ត្សៃ ទស្សនកិច្ច​ទៅ​អាមេរិក​កណ្តាល​។​

​ការ​រាំងខ្ទប់​មិន​ឲ្យមាន​ជំនួប​រវាង​លោក​ត្រាំ​និង​អ្នកស្រីត្សៃ ព្រោះ​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ប៉ុណ្ណោះ គឺ​គ្មាន​សិទ្ធិ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បរទេស​ឡើយ​។ អ្វី​ដែល​ចិន​ព្រួយបារម្ភ​ខ្លាំង ដោយសារ​អ្នកស្រីត្សៃ​មានឆ​ន្ទៈ នៅ​ក្នុង​ការជំរុញ​ឲ្យមាន​ឯក​រាជ្យ​ពេញលេញ​នៅ​តៃវ៉ាន់​។ ដូច្នេះ​អ្នកស្រី​អាច​ស្វែងរក​ការគាំទ្រ​ពី​មេដឹកនាំ​ធំៗ​ក្នុង​លោក ដើម្បី​ជំរុញ​ឲ្យមាន​ឯករាជ្យ​។​

តៃវ៉ាន់​-​អាមេរិក​ធា្លប់មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ប៉ុន្តេ​បាន​ផ្ដាច់ចំណង​ការ​ទូតនឹង​គ្នា​តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ភ្លាមៗ​អាមេរិក​បាន​ងាក​រក​ចិន​វិញ និង​យល់ព្រម​ទទួលស្គាល់​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន​។ តៃវ៉ាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​សម្ព័ន្ធមិត្ដ​ប្រមាណ​៣០​ប្រទេស ក្នុង​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៩០​។ ប៉ុន្ដែ​បច្ចុប្បន្ន​នៅ​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​តែ​២១​ប្រទេស​ទេ ភាគច្រើន​ជា​ប្រទេស​តូចៗ​និង​ក្រីក្រ នៅ​អាមេរិក​ឡាទីន​និង​នៅ​ប៉ាស៊ីហ្វិក​៕

ព័ត៌មានផ្សេងទៀត

 
x