ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

ស្តាប់​ទស្សនៈ​​អ្នកនយោបាយ​ ជុំវិញ​ជ័យជម្នះ​​០៧ មករា​១៩៧៩​

07-01-2017 12:05 pm
 ចំនួនទស្សនា 2773

​កន្លងផុត​ជិត​៤០​ឆ្នាំ​ហើយ អ្នកនយោបាយ​កម្ពុជា​នៅតែ​បកស្រាយ​យកចំណេញ​តែ​រៀងខ្លួន ជុំវិញ​ជ័យជម្នះ​០៧ មករា ១៩៧៩ ដែល​បាន​ផ្តួលរំលំ​របប​ប៉ុល ពត​ដ៏​យង់ឃ្នង​។ គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ជ័យជម្នះ​នេះ ជា​មត៌ក​ដ៏​មាន​តម្លៃ​របស់​ខ្លួន និង​បាន​យក​ទិវា​នេះ​ធ្វើ​ជា​យុទ្ធសាស្ត្រ ដើម្បី​កៀរគរ​រក​សន្លឹកឆ្នោត​៥​អាណត្តិ​រួចមកហើយ​ដែរ​។ តែ​សម្រាប់​ក្រុម​អ្នកនយោបាយ​ប្រឆាំង​វិញ បានចាត់ទុក​ជ័យជម្នះ​០៧ មករា ១៩៧៩ ថា​ជា​ការឈ្លានពាន​របស់​វៀតណាម​នៅ​កម្ពុជា​ទៅវិញ​។

អ្នកនយោបាយ​កម្ពុជា ពិសេស​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង បាន​វាយតម្លៃ​ផ្សេងគ្នា ចំពោះ​ទិវា​០៧ មករា ដែល​បាន​ផ្តួលរំលំ​របប​ប៉ុល ពត​ដ៏​យង់ឃ្នង​។​គណបក្សកាន់អំណាចរ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​ម្ចាស់​ផ្តាច់មុខ​នៃ​ទិវា​០៧ មករា បាន​ព្យាយាម​លើក​ពី​គុណសម្បត្តិ នៃ​ទិវា​នេះ ដោយ​លោក​ចាត់​ទុក​ជ័យជម្នះ​០៧ មករា គឺជា​ជ័យជម្នះ​ដ៏​ធំធេង របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន បាន​លើកឡើង​ថា បើ​គ្មាន​ការជួយ​សង្គ្រោះ​ឲ្យទាន់​ពេលវេលា​នៅពេល​នោះ​ទេ  ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បន្ត​កម្ទេច​ដោយ គ្មាន​ទីបញ្ចប់​ក្រោម​ស្នាដៃ​នៃ​របប​ប៉ុល ពត​។ នឹក​ដល់​ភាព​សោកសង្រេង​យ៉ាង​ជូរ​ចត់ ក្នុង​របប​ប៉ុល ពត លោក​ហ៊ុន សែន ក្នុងពេល ប្រារព្ធ​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧ មករា លើក​ទី​៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) ដែលមាន អ្នកចូលរួម​រាប់ពាន់នាក់ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​ស្លាប់​យ៉ាង​អាណោច​អាធ័​ម ក្នុង​របប​នោះ​ជាង​៣​លាន​នាក់ បាន​ទៅ​កាន់​សុ​គិត​ភព ជា​រៀង​ដរាប​ទៅ​។​

​លោក​ហ៊ុន សែន បាន​ប្រសាសន៍ថា សោកនាដកម្ម​ដ៏​ធំធេង​ដែល​ធ្លាក់​សង្កត់​មកលើ​ប្រជាជន​កម្ពុជា​នេះ គឺ​ផ្តើមចេញ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ តាម​ខ្សែ​ញាក់​របស់​បរទេស ដែល​បង្ក​ជា​ភ្លើងសង្គ្រាម​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដុត​បំផ្លាញ​មាតុភូមិ​កម្ពុជា​។ ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា សេដ្ឋកិច្ច​កម្ពុជា និង​ជីវភាព​រស់នៅ​ត្រូវបាន​ស្តារឡើងវិញ ដោយ​ផ្តើមចេញពី​លេខ​សូន្យ និង​បាតដៃ​ទទេ ក្នុង​ស្ថានភាព​ប្រទេស​មាន​សន្តិភាព​ផង និង​មាន​សង្គ្រាម​ផង​។​

ដោយឡែក​សម្រាប់​លោក​ស​ម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ទិវា​០៧ មករា ថា​ជា​ឆាកល្ខោន​ដែល​វៀតណាម​បាន​រៀបចំ​ទាំងអស់​។​លោក​សម រង្ស៊ី ថា វៀតណាម មក​រំដោះ​យើង​ពី​ខ្មែរ​ក្រហម តែ​បើ​អត់​មាន​វៀតណាម​ក​ម្មុយ​នី​ស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។ លោក បញ្ជាក់ថា «​មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់ ក្នុង​រយៈពេល​ជិត ៥០ ឆ្នាំ​កន្លងមកនេះ គឺ​មាន​ការរៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​ក​ម្មុយ​នី​ស្ដ ដើម្បី​លេប​ត្របាក់​ទឹកដី​យើង និង​បំភ័ន្ដ​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​។​យើង​ត្រូវ​ចងចាំ​ជានិច្ច​ថា យួន​បង្កប់បាន​ញុះញង់ ឲ្យ​ខ្មែរ​កាប់សម្លាប់​ខ្មែរ​គ្នា​ឯង ក្រោម​របប​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ហើយ​បន្ត​មក​ដល់ ឆ្នាំ ២០១៧​នេះ​ទៀត​»​។ លោក​ថា មកដល់​សព្វថ្ងៃនេះ ពួក​អ្នក​បម្រើ​ផលប្រយោជន៍​បរទេស​ឈ្លានពាន ក៏​នៅ​តែ​រករឿង​ខ្មែរ​គ្នា​ឯង ឥតឈប់ឈរ រហូត​ដល់​លួច​សម្លាប់ និង​ចាប់​ដាក់គុក ដើម្បី​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង បែកបាក់​គ្នា ហើយ​កាន់តែ​ទន់ខ្សោយ​។​

​ស្រដៀង​នឹង​លោក​សម រង្ស៊ី​ដែរ ជា​អ្នកនយោបាយ​ជើង​ថ្មី​ប្រើ​សម្តី​មិន​សំចៃ​មាត់ លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានចាត់ទុក​៧ មករា ១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ទី ២ និង​ផ្តាច់មុខ​របស់ វៀតណាម បន្ទាប់​ពី ថ្ងៃ ១៧ មេសា ១៩៧៥ ដែល​ជា​ថ្ងៃ​ជ័យជម្នះ​រួមគ្នា​របស់ វៀតណាម និង ចិន ដែល វៀតណាម និង ចិន ជា​អ្នក​ជ្រោមជ្រែង ខ្មែរក្រហម​ឲ្យ​ឡើងកាន់អំណាច​។

​លោក​សួន សេរី​រដ្ឋា ថា​ពលរដ្ឋ​ខ្មែរ មិន​ដែល​ជំពាក់​គុណ​វៀតណាម និង​ចិន​ទេ​។ លោក​ថា​«​អ្នក​ដែល​ជំពាក់​គុណ​វៀតណាម និង​ចិន គឺមាន​តែ​ពួក​អាយ៉ងយួន ដែល យួន​នាំ​មក​បន្តុប​ឲ្យ​កាន់​អំណាច​នៅ​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ តែប៉ុណ្ណោះ​»​។ លោក​សួន សេរី​រដ្ឋា បញ្ជាក់ទៀតថា ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ ពេល​ដែល​វៀតណាម វាយលុក​ចូល​ប្រទេស​ខ្មែរ ក្រោមលេស​សង្គ្រោះ​នោះ រដ្ឋាភិបាល ក្រុង​ហាណូយ បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ខ្មែរ ដូចជា មាស ពេជ្រ ស្រូវ អង្ករ  លោហៈធាតុ និង​វត្ថុ​បុរាណ​ជាច្រើន ពី​ប្រទេស​ខ្មែរ យកទៅ​លក់​យក​លុយ​ទិញ ស្បៀង​ចិញ្ចឹម ជនជាតិ​វៀតណាម រាប់​សិប​លាន​នាក់ ដែល​អត់បាយ​។ បច្ចុប្បន្ននេះ វៀតណាម នៅតែ​បន្ត​ឈ្លានពាន និង​ប្លន់​ទ្រព្យសម្បត្តិ​ខ្មែរ ក្រោមរូបភាព វិនិយោគ ៩៩ ឆ្នាំ ដែល​បាន​កាប់​ឈើ ជីក​រ៉ៃ និង​គ្រប់គ្រង​ដី​ខ្មែរ រាប់​លាន​ហិច​តា ដដែល ។​

​សរុប​សេចក្តី​ទៅ​អ្នកនយោបាយ​ថ្មីថ្មោង លោក​សួន សេរី​រដ្ឋា ចាត់ទុក​៧ មករា ១៩៧៩ ថា «​គ្មាន​អ្វី​ដែល​ត្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ គោរព រំលឹក និង ដឹង​គុណ​ទេ តែ​វា​ជា​ថ្ងៃ​ឈឺចាប់​ដែល​ពលរដ្ឋ​ខ្មែរ ត្រូវបាន​ពួក​ចោរ យួន សហកា​រណ៍ ជាមួយ​ពួក​ចោរ ចិន ចូល​មក​ដុត​កម្ទេច​ផ្ទះ​ខ្មែរ បាន​សម្រេច​កាលពី​ថ្ងៃ ១៧ មេសា ១៩៧៥ រួចហើយ ទើប យួន ធ្វើ​ជា​ចេញមុខ​មក​ជួយ​ពន្លត់ភ្លើង នៅ​ថ្ងៃ ៧ មករា ១៩៧៩ នេះ​»​។​

​ប៉ុន្តែ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ផៃ ស៊ីផា​ន បាន​ហៅ​អ្នក​ដែល​ចាត់ទុក ជ័យជំនះ ៧​មករា ១៩៧៩ ជា​ជ័យជម្នះ នៃ​ការឈ្លានពាន​របស់​វៀត​ណា​ម​នៅ​កម្ពុជា គឺ​គ្រាន់តែ​ជា​ការលើកឡើង​ស្ថិតនៅក្រោម​ឥទ្ធិពល​នយោបាយ ដោយ​បំភ័ន្ត​ការពិត នៃ​ការស្លាប់​រង្គាល មកលើ​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​របប​ប្រល័យ ប៉ុល ពត​តែប៉ុណ្ណោះ​។ លោក បាន​ព្យាយាម​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ទិវា​៧​មករា ឆ្នាំ​១៩៧៩​ថា ជា​អ្នក​បាន​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់ ហើយ​លោក​ថា អ្នក​ដែល​បាន​រស់រាន​មានជីវិត បាន​លើកឡើង​ថា ពួកគេ “​ដូច​បាន​រស់​សាជាថ្មី​ម្តងទៀត​” ឬ​« ថា​៧​មករា ជា​ជីវិត​ទី​ពីរ​របស់​គេ​” ។ លោក​បន្តថា នេះ​ជា​តម្លៃ​ស្មើ នឹង​ជីវិត​មនុស្ស​ដែលជា ស្នាដៃ​ដ៏ មហិមា នៃ​ការដណ្តើម​ជីវិត ដែល​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ក៏ដូចជា ប្រវត្តិ​មនុស្សជាតិ ជា​សកល​និង​ក៏​ជា បទពិសោធន៍​សម្រាប់​អ្នកនយោបាយ​បច្ចុបន្ន​ផងដែរ​៕

​ដោយ​៖​ខាត់ សុធី

ព័ត៌មានផ្សេងទៀត

 
x