ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

តើ​ពេល​ណា​ទើប​អត្ថន័យ​ថ្ងៃ​៧​មករា​ត្រូវបាន​អ្នកនយោបាយ​បកស្រាយ​ដូចគ្នា​?

06-01-2017 5:36 pm
 ចំនួនទស្សនា 1074

​ឆ្លើយតប​នឹង​សំណួរ​មួយ​ដែលថា “​ជ័យជំនះ ៧​មករា ១៩៧៩ ជា​ជ័យជម្នះ នៃ​ការឈ្លានពាន​របស់​វៀត​ណា​ម​នៅ​កម្ពុជា​?”​លោក​ផៃ ស៊ីផា​ន បាន​ចាត់​ការលើកឡើង​នេះ ថា​ស្ថិត​នៅក្រោម​ឥទ្ធិពល នយោបាយ ដោយ​បំភ័ន្ត​ការពិត នៃ​ការស្លាប់​រង្គាល មកលើ​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​របប​ប្រល័យ ប៉ុល ពត​។

​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ បាន​ព្យាយាម​បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ទិវា​៧​មករា ឆ្នាំ​១៩៧៩​ថា ជា​អ្នក​បាន​រំដោះ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់ ហើយ​លោក​ថា អ្នក​ដែល​បាន​រស់រាន​មានជីវិត បាន​លើកឡើង​ថា ពួកគេ “​ដូច​បាន​រស់​សាជាថ្មី​ម្តងទៀត​” ឬ ថា​៧​មករា ជា​ជីវិត​ទី​ពីរ​របស់​គេ​” ។ លោក​បន្តថា នេះ​ជា​តម្លៃ​ស្មើ នឹង​ជីវិត​មនុស្ស​ដែលជា ស្នាដៃ​ដ៏ មហិមា នៃ​ការដណ្តើម​ជីវិត ដែល​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ ក៏ដូចជា ប្រវត្តិ​មនុស្សជាតិ ជា​សកល​ផងដែរ​។​

លោក​ផៃ ស៊ីផា​ន បានចាត់ទុក​ទិវា​៧​មករា ឆ្នាំ​១៩៧៩ ថា​កើត​ចេញពី ការ​បូជាជីវិត និង​ឈាម​ស្រស់ របស់​វីរៈភាព​នៃ​ក្រុម​រណៈសិរ្ស​០២​ធ្នូ ជា​សមិទ្ធផល​ដ៏​ឧត្ដុង្គឧត្ដម ​ក្នុង​ការរំដោះ​ជីវិត​ពលរដ្ឋ​កម្ពុជា​។​ លោក​ថា របប​ប៉ុល ពត គឺជា ជា​បទពិសោធន៍​របស់​កម្ពុជា សម្រាប់​អ្នកនយោបាយ​បច្ចុបន្ន​។

​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​នឹង​កំពុងកាន់​អំណាច តាំងពី​ឆ្នាំ​១៩៧៩​មក បានចាត់ទុក​ទិវា​០៧​មករា​នេះ ជា​មត៌ក​ដ៏​មាន​តម្លៃ​របស់​ខ្លួន និង​បាន​យក​ទិវា​នេះ​ធ្វើ​ជា​យុទ្ធសាស្ត្រ ដើម្បី​កៀរគរ​រក​សន្លឹកឆ្នោត​៥​អាណត្តិ​រួចមកហើយ​ដែរ​។​

​ប៉ុន្តែ​សម្រាប់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ថា​“​ជ័យជំនះ​៧​មករា ១៩៧៩ ជា​ជ័យជម្នះ នៃ​ការឈ្លានពាន​របស់​វៀត​ណា​ម​នៅ​កម្ពុជា​”​។​

​កន្លងមក លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស ធ្លាប់បាន​លើកឡើង​ថា “​ថ្ងៃ ៧ មករា ១៩៧៩ គឺជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​។ គេ​ថា គេ​មក​រំដោះ​យើង ពី​ខ្មែរ ក្រហម តែ​បើ​អត់​មាន​យួន​ក​ម្មុយ​នី​ស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។​” នេះ​ជា​ការលើកឡើង របស់ ឯកឧត្ដម សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក កាល​ពី​យប់មិញ​នេះ​។​

​នៅថ្ងៃនេះ កាលពី​១​ឆ្នាំមុន លោក​សម រង្ស៊ី ធ្លាប់​បាន​សរសេរថា “​ឥឡូវនេះ​គេ​ថា បើ​គ្មាន​ថ្ងៃ ៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។ តែ​បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ (​ថ្ងៃ​ខ្មែរក្រហម​ឡើង​កាន់​អំណាច​) ក៏​គ្មាន ថ្ងៃ ៧ មករា ១៩៧៩ ដែរ​។ ហើយ​បើ​គ្មាន​ពួក​ក​ម្មុយ​នី​ស្ដ​យួន​ជួយ​ពួក​ខ្មែរក្រហម​ក្នុង​ដើម ទសវត្សរ៍ ឆ្នាំ​១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ ដែរ​។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ក្នុង​រយៈពេល​ជិត ៥០​ឆ្នាំ​កន្លង មកនេះ គឺ​មាន​ការរៀបចំ​យ៉ាងសកម្ម ដោយ​យួន​ក​ម្មុយ​នីស្ត ដើម្បី​បំភ័ន្ដ​ភ្នែក​ប្រជារាស្ដ្រ​ខ្មែរ​”​។​

​យ៉ាងណាមិញ នៅក្នុង​អង្គ​មី​ទ្ទិញ​អបអរ​ថ្ងៃ ៧ ខែ​មករា កាលពី​ឆ្នាំ​២០១៦ លោកនាយក​មន្ត្រី​ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន បាន​ថ្លែងថា “​ការពិត​ជាក់ស្តែង ដូច​បាន​លើកឡើង​ទាំងអស់នេះ គឺ​គ្មាន​ជន​ណា ឫ​មជ្ឈដ្ឋាន​ណា អាច​មក​បដិសេធ ឫ​មួលបង្កាច់​បានឡើយ បើ​គ្មាន​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ក៍​គ្មាន​របប​ប្រល័យពូជសាសន៍​ប៉ុល ពត បើ​គ្មាន​របប​ប្រល័យពូជសាសន៍​ក៍​គ្មាន​ជ័យជម្នះ ៧​មករា បើ​គ្មាន​ជម្នះ ៧​មករា គឺ​គ្មាន​អ្វីៗ​នៅ​ថ្ងៃ​នេះ​ឡើយ​។ ថ្ងៃ ៧​មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​កម្ពុជា​”​។​

​រហូតមកទល់​ពេលនេះ ការបកស្រាយ​ខុសៗ​គ្នា​នេះ នៅ​មិនទាន់​មាន​ការកំណត់​ឲ្យ​ច្បាស់​នៅឡើយ​ទេ​។ កន្លងមក​លោក​យឹម សុវណ្ណ ធ្លាប់​បាន​បញ្ជាក់ថា លោក​មិន​ចង់​អត្ថាធិប្បាយ​ច្រើន ទាក់ទង​នឹង​ថ្ងៃ​៧​មករា​នេះ​ទេ ទុកឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ផ្តល់​មតិ​រៀងៗ​ខ្លួន លើ​ថ្ងៃនេះ​ចុះ​។​

​គួរបញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រារព្ធ​ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​រៀងរាល់ឆ្នាំ​។ ការបកស្រាយ​របស់ អ្នក​នយោបាយ​លើ​ថ្ងៃ ៧ មករា ត្រូវបាន​អ្នកវិភាគ ក៍​ដូចជា​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយ ចំនួន​លើកឡើងថា ជា​ការបកស្រាយ​ដើម្បី​កេញចំណេញន​យោយ​៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត

 
x