ប្រវត្តិ និងគោលបំណង​​ពិធី​បុណ្យ​ដារលាន​​​ក្នុង​សង្គម​ខ្មែរ​​​

ដោយ៖ ចេន សុជាតា 06-01-2017 3:52 pm 641

​បុណ្យដារលាន ជា​ពិធីបុណ្យ​ដែល​ទាក់ទង​ទៅ​នឹង​ជំនឿ​សាសនា ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​។ ដារ​លាន មានន័យ​ថា «​ការឆ្លង​ទី​ដី​វាល​រលីង​»​។   ជា​រៀងរាល់ឆ្នាំ ប្រជាកសិករ​ខ្មែរ​គ្រប់​ភូមិ​-​ស្រុក​ទូ​ទាំង​ប្រទេស ក្រោយពី​បញ្ចប់​ការ​ច្រូតស្រូវ បោក​បែន​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំ​ក្នុងភូមិ​តែង​តែង​ជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​អាច​ធ្វើ​បុណ្យដារលាន​បាន​។ ចង់ដឹងថា​តើ​ពិធី​បុណ្យដារលាន មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​? ហើយ​តើ​ពិធីបុណ្យ​មួយ​នេះ​គេ​រៀបចំ​ធ្វើ​យ៉ាងដូចម្ដេច​? 

​បុណ្យដារលាន​អ្នកស្រុក​ហៅ​ខុសៗ​គ្នា អាស្រ័យ​ទៅ តាម​តំបន់​នី​មួយៗ ដូចជា​ខ្លះ​ហៅ​បុណ្យ​បោស​លាន បុណ្យ​សាមគ្គី បុណ្យ​កណ្តាល​ភូមិ និង​បុណ្យ​ដារ​បាត​លាន​ជាដើម ។ ថ្វី​បើ​បុណ្យ​នេះ​មានឈ្មោះ​ខុស​គ្នា​ច្រើន​អន្លើ​ក៏ពិតមែន តែ​គោលបំណង​សំខាន់​នៃ​ពិធីបុណ្យ មាន​ទិសដៅ​តែ​ម្យ៉ាង​គត់ គឺ​ដើម្បី​រំឭក​ដឹងគុណ​ម្ចាស់​ទឹក ម្ចាស់​ដី ដែល​បាន​បន្សល់ទុក​នូវ​មត៌ក​ដ៏​ត្រកាល​នេះ ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រកប​របរ​ចិញ្ចឹមជីវិត ។ តាមពិត​ទៅ​ខ្មែរ​យើង​គោរព​ធម្មជាតិ​ពីរ គឺ​ទឹក និង​ដី ព្រោះ​ទឹក​និង​ដី​មាន​សារប្រយោជន៍​ដល់​ការប្រកប​របរ​កសិកម្ម ជាពិសេស​គឺ​ការផ្តល់​នូវ​ភោគផល​ស្រូវ​អង្ករ ដែល​បាន​ចិញ្ចឹម​ពួក​គេ​ឱ្យ​មាន​ជីវិត​រស់នៅ និង​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ​សាសន៍​ខ្មែរ ។ ទន្ទឹមនេះ គឺ​ដើម្បី​សុំ​ខមាទោស​នូវ​អំពើ​ឆ្គាំឆ្គង​ទាំងឡាយ​ដែល​គេ​បាន​ប្រព្រឹត្ត ប៉ះពាល់​ក្នុង​រដូវ​បង្កបង្កើន​ផល ដូច​ជា​ការ​បន្ទោ​របង់​ទឹក​មូត្រ ឬ​ដើរ​ជាន់​នៅ​លើ​ទី​វាលស្រែ​ជា​ដើម ព្រោះ​ព្រះធរណី​ជា​ប្រភព​ធ្វើ​ឱ្យ​ស្រូវ​ដុះ​លូតលាស់​។

ព្រឹទ្ធាចារ្យ​ជំនាន់​ដើម​ចាត់ទុកថា ស្រូវ​អង្ករ​ជា​អ្នកមានគុណ​ប្រៀប​ដូច​ម្តាយ ហេតុ ដូច្នេះហើយ​បានជា មាន​ពាក្យ​ថា “​ព្រះ​មេ​” រៀង​រហូត​មក ។ ភាពជាក់ស្តែង​នា​សម័យ​ដើម គឺ​នៅ​ពេល​មិនទាន់​មាន​ម្សៅ ឬ​ទឹកដោះគោ​បំបៅ​ទារក ម្តាយ​មិន​អាច​ឃ្លាត​ចាក​ទៅ​ឆ្ងាយ​ពី​កូន​នៅ​ជា​ទារក​បានយូរ​ឡើយ ។ ប្រសិនបើ​ម្តាយ​បាន​ទទួល​អនិច្ចកម្ម​ដោយ​ប្រការ​ណាមួយ​នោះ ទារក​ច្បាស់​ជា​មិន​អាច​ទ្រាំទ្រ​ជីវិត​ឱ្យបាន​រស់​នៅ​តទៅទៀត​បាន​ទេ ។ ក្នុងស្ថានភាព​លំបាក​បែ​ប​នេះ អ្នក​ដែល​មើលថែ​ទារក​តែងតែ​ដោះស្រាយ ដោយ​យក​អង្ករ​ទៅ​បបរ រម្ងាស់​បញ្ចុក​ទារក​ឱ្យ​អាច​មាន​ជីវិត​រស់នៅ​បាន​រហូត​ដល់​ពេញ​រូបរាង ។  ចំណែក​ប្រជារាស្ត្រ​ខ្មែរ​ទាំងអស់ ក៏​តែង​ទទួលទាន​បាយ​ដើម្បី​ទ្រទ្រង់​ជីវិត​ឱ្យ​បាន​រស់នៅ​ស្ថិតស្ថេ​រដែរ ។  ហេតុដូច្នេះ​ហើយ​បាន​ជា​មុន​នឹង​ពិសារ “​បាយ​” ព្រឹទ្ធាចារ្យ​ខ្មែរ​ទាំងអស់ តែងតែ​លើក​ដៃ​សំពះ​សូម​អរគុណ​ចំពោះ​ព្រះ​មេ​ជានិច្ច ។ លោក​តែងតែ​ពន្យល់​កូនចៅ​ឱ្យ​មាន​ការ​ប្រុងប្រយត្ន​ក្នុង​ការទទួលទា​នបាយ គឺ​កុំ​ឱ្យ​ជ្រុះ​ធ្លាក់​រាត់រាយ​ឥតប្រយោជន៍ ដោយ​ពន្យល់​ទៀតថា ការ​ជ្រុះ​ឥតប្រយោជន៍​នេះ នឹង​ទទួល​បាប​មិន​ខាន ។  នៅពេល​លាង​អង្ករ ក៏​លោក​ពន្យល់​កុំឱ្យ​ខ្ជះខ្ជាយ​ដែរ គឺ​សម្រិតទឹក​ដោយ​ប្រុងប្រយត្ន ។  ប្រសិនបើ​អង្ករ​ដោយ​តាម​ទឹក​ខ្លះ​នោះ ត្រូវ​និយាយ​សុំទោស ហើយ​ជះ​ទឹក​ដែល​លាង​មាន​អង្ករ​ខ្លះ​នោះ​ទៅឱ្យ​សត្វ​មាន់ ចាប​ស៊ី ដើម្បី​បាន​ជា​ប្រយោជន៍​ក្នុង​ការ​សាង​កុសល​ផង ។​

​ដោយឡែក​ពិធីបុណ្យ​នេះ មាន​អត្ថន័យ​ដ៏​វិសេសវិសាល​មួយទៀត គឺ​ដើម្បី​រំឭក​គុណ​ចំពោះ​បុព្វការី ជន​ទាំងឡាយ​ដែល​បាន​ខិតខំ​កាប់​គាស់​ព្រះធរណី ដើម្បីឱ្យ​គេ​មាន​ដីស្រែ​ធ្វើ និង​រំឭក​គុណ​ដល់​ព្រះ​ភិរុណ ដែល​បាន​បង្អុរ​មក​គ្រប់គ្រាន់ ធ្វើឱ្យ​ដំណាំ​របស់គេ​បាន​ដុះ​លូតលាស់ និង​ចេញ​ផ្លែផ្កា​បានល្អ ។  ម្យ៉ាងទៀត​ក្នុង​ពិធីបុណ្យ​នេះ ក៏​បាន​រៀបចំ​បួងសួង​សែនព្រេន​ផងដែរ​ដល់​ព្រះ​ភូមិ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិ​សិទ្ធ​នានា សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ​ច្រើន​បរិបូណ៌​។ ម្យ៉ាងទៀត ពិធី​នេះ​ក៏បាន​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាកសិករ​ជួបជុំ​មូល​មិត្ត​ជិត​ឆ្ងាយ បាន​ពិភាក្សា​គ្នា​ទៅវិញទៅមក​អំពី​ផល​ស្រូវ និង​រឹតចំណង​សាមគ្គីភាព មនោ​សញ្ចោ​ត​នា រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់​ផងដែរ ។

បុណ្យដារលាន បាន​កើត​មាន​មុន​សង្គម​ខ្មែរ​ដែល​ប្រកាន់យក​ជំនឿ​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ ដោយ​កាលនោះ​ជនជាតិ​ខ្មែរ​តែង​គោរព​ជំនឿ​ទស្សនៈ​ជី​វច​ល​និយម ។  ប្រវត្តិ​សាវតារ​នៃ​ពិធី​បុណ្យ​ដារ​បាត​លាន កើតមាន​យូរយារ​ណាស់​មកហើយ ដោយ​គេ​មិន​ដឹង​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​ឡើយ ប៉ុន្តែ​ពិធី​បុណ្យដារលាន មាន​ការរីកចម្រើន​នៅក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី​៧​។ ក្រៅពីនេះ មាន​ប្រភព​ឯកសារ​ដែល​បាន​បង្ហាញ​ពី​ប្រវត្តិ​ពិធីបុណ្យ នេះ ក្នុងនោះ​គឺ​ឯកសារ​ពី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​និទាន​ពី​អានិសង្ឃ​នៃ​ការ​ធ្វើ​បុណ្យទាន​ក្នុង​រដូវ​ធ្វើស្រែ និង​និទានកថា​របស់​ព្រះគ្រូ សោម សាម៉ន អនុគណ​ស្រុក​អង្គរ​ជុំ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ចារ​ឈូក​រង្សី គឺ​រឿង​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ជង្រុក​ស្រូវ​។

រឿងនិទាន​តែង​ដំណាល​ថា នៅ​សម័យ​មុន​ពុទ្ធ​កាលនោះ ស្រូវ​ដែល​បាន​យក​ទៅ​សាបព្រោះ​លើ​ព្រះធរណី​ហើយ តែងតែ​ដុះ​លូតលាស់​និង​ផ្តល់​ផល​ផ្កា​ផ្លែ​ដោយ​ឯកឯង​រហូតដល់​ពេល​ប្រមូល​ផល មិនបាច់​ទៅ​ច្រូត កាត់​បោក​បែន និង​ដឹកជញ្ជូន​មក​ផ្ទះ​ទេ គឺ​ម្ចាស់​ស្រែ​គ្រាន់តែ​យក​សំណែន​ដែល​មាន​បង្អែម​ចង្អាប​ផ្សេងៗ​ទៅ សែនព្រេន​នៅ​ឯ​វាលស្រែ ហើយ​គ្រាន់តែ​ឧទ្ទិស​ប្រាប់​ព្រលឹង​ស្រូវ​ថា “​ជង្រុក​ស្រូវ​បាន​រៀបចំ​នៅ​ឯ​ផ្ទះ​រួចហើយ សូម​ផល​ស្រូវ​ហោះ​ដើរ​ទៅ​ចូល​ជង្រុក​នោះ​ចុះ​” ជា​ការ​ស្រេច ។  ផល​ស្រូវ​តែងតែ​ហោះហើរ​ចូល​ជង្រុក​ដោយ​ខ្លួនឯង​(​មានជំនឿថា កាល​នោះ​គ្រាប់ស្រូវ​មាន​ស្លាប​) ។  ប៉ុន្តែ​មាន​សម័យ​យប់​មួយ​ក្នុង​គ្រួសារ​មួយ ដែល​មាន​កូនក្រមុំ​ព្រហ្មចារី​នី​ម្នាក់​បាន​ណាត់​ជាមួយ​សង្សារ​របស់​ខ្លួន​ចូល ទៅ​សាសង ស្នេហា​ក្នុង​ជង្រុក​ស្រូវ ចំ​ពេល​ដែល​ផល​ស្រូវ​កំពុង​ហោះហើរ​ចូលក្នុង​ជង្រុក​រំខាន​ដល់​ការ​សាសង​របស់ គូសង្សារ ធ្វើឱ្យ​ក្រមុំ​កំលោះ​ទាំងពីរ​ខឹងសម្បា ហើយ​ក៏​ជេរ​ប្រទេចផ្តាសារ​ផល​ស្រូវ​ដែល​កំពុង​ហោះហើរ​ចូល​ជង្រុក​នោះ ។  ផល​ស្រូវ​បាន​ឮ​ពាក្យ​ជេរប្រទេច​យ៉ាង​ដូច្នេះ ក៏​ខឹង​មួរ​ម៉ៅ​យ៉ាងខ្លាំង​ឥតឧបមា ហើយក៏​ស្រែក​តប​ត​មក​ថា “​ចាប់ពី​ពេលនេះ​ទៅ បើ​មិន​យក​វត្ថុ​អ្វី​ទាក់​ក​អញ​ទេ អញ​មិន​ហោះហើរ​ចូលក្នុង​ជង្រុក​ទៀតឡើយ​” ហើយ​ចាប់ពីពេលនោះ​មក ពេល​ស្រូវ​ទុំ​ល្មម​នឹង​ប្រមូល​ផល យើង​ទាំងអស់​ត្រូវ​ទៅ​ច្រូត​ដោយ​យក​កណ្តៀវ​កាត់ ហើយ​ចង​ជា​កណ្តាប់ និង​បោក​បែន ដឹកជញ្ជូន​ចូល​ជង្រុក​ទើប​មាន​ផល​ស្រូវ​ក្នុង​ជង្រុក​បាន ។​

​ទោះបី​យ៉ាងនេះ​ក៏ដោយ ដើម្បី​ឱ្យ​ផល​ស្រូវ​បាន​គង់វង្ស​និង​កើនឡើង​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​នោះ ប្រជាកសិករ​តែង​ប្រារឰធ្វើ​ពិធី​បុណ្យដារលាន​អន្ទង​ព្រលឹង​ស្រូវ​ឱ្យ សណ្ឋិត​ក្នុង​ជង្រុក​ក្រោយពេល​ប្រមូល​ផល និង​ដឹកជញ្ជូន​ស្រូវ​ចូលក្នុង​ជង្រុក​រួចរាល់​ជា​រៀង​រហូត​មក​ទល់​ពេល បច្ចុប្បន្នកាល​នេះ ។

ពិធី​ហៅ​ព្រលឹង​ស្រូវ​

ពិធី​ហៅ​ព្រលឹង​ស្រូវ​មាន​គោលបំណង​សុំ​ខមាទោស​ស្រូវ ដែល​គូសង្សារ​បាន​ជេរ​ប្រទេចផ្តាសារ​។ ពិធី​នេះ​ត្រូវ​រៀបចំ​រក​ស្រី​ក្រមុំ​ព្រហ្មចារី​នី​ចំនួន​៦​នាក់ និង​កំលោះ​ព្រហ្មចារី​ចំនួន​៦​នាក់ (​ជំនឿ​នេះ​តាម​ព្រហ្មញ្ញសាសនា​) កាន់ កញ្ជើ​ដាក់​កណ្តាប់​ស្រូវ ។ ត្រូវមាន​យាយ​ម្នាក់​កាន់​កញ្ជើ​ស្រូវ​នាង​គង់​ជញ្ជាត់​ហៅ​ព្រលឹង​ស្រូវ ហើយ​ស្រែក​ថា   ១-២-៣-៤-៥-៦-៧-៨-៩ រហូតដល់​១៩ សព្វគ្រប់​បរិបូណ៌​ឱ្យ​ព្រលឹង​ស្រូវ​មក​សណ្ឋិត​ឱ្យបាន​ភោគផល​សម្បូរ​រុងរឿង នៅ​ឆ្នាំក្រោយ ។ មាន​លោក​អាចារ្យ​ម្នាក់​ទៀត យក​ដើម​ឫស្សី​រែង​ធ្វើ​ជា​ត្រក​ដាក់​នំ​ចំណី​ដែល​ធ្វើ​ពី​ស្រូវ​ដោត​ដាក់ កណ្តាល​ស្រែ​រួច​និយាយថា សត្វ​ស្រមោច សង្អា​រ បក្សា បក្សី​ទាំងឡាយ​អើយ មក​ទទួលយក​ទៅ​សេពសោយ​ចុះ​នូវ​សំណែន​ទាំងអស់នេះ ពី​ព្រោះ​មនុស្ស​មិន​បាន​យក​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក​អស់​ទេ សូម​អ្នក​ទទួលយក​សំណែន​ទាំងនេះ​ទៅ​បរិភោគ ហើយ​ឱ្យ​សព្វ​សាធុការពរ​ដល់​ប្រជា​កសិករ​ដែល​ជា​ម្ចាស់​ភោគផល​បាន​សុខ សប្បាយ គង់​ទ្រព្យ គង់​សម្បត្តិ គង់​យស គង់​សក្តិ គង់​ប្រាក់ គង់​មាស ជានិច្ច​និរន្តរ៍​រៀង​ទៅ ។​

​ពេលវេលា​និង​កិច្ចដំណើរការ​ពិធីបុណ្យ

ការកំណត់​រៀបចំ​ពិធីបុណ្យ​នេះ យោង​តាម​ការ​សន្មត​ក្នុង​ភូមិ​និង​តំបន់​នីមួយៗ ក្រោយ​ពេល​គេ ប្រមូល​ភោគផល​ស្រូវ​បាន​ចប់​គ្រប់គ្នា​អស់ហើយ ។ ប៉ុន្តែ​មាន​ស្រុក​ខ្លះ​គេ​ធ្វើ​នៅ​ពេល​ស្រូវ​ចេញ ដើម្បី​អបអរ សាទរ​ចំពោះ​ផល​ស្រូវ​ដែល​បាន​ចេញ​ជា​ផ្លែផ្កា ។ ជា​ទូទៅ​នៅ​តំបន់​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ដោយ​ពឹងផ្អែក​ទឹកភ្លៀង គេ​ច្រើន​ប្រារឰ​ពិធី​នេះ​នៅក្នុង​ខែ​ធ្នូ ឬ ខែ​មករា (​មិគសិ​រ​-​បុស្ស​) បន្ទាប់​ពី​ប្រមូល​ផល​រួចរាល់ ។ ដោយឡែក​នៅ​តំបន់​តាម​ដង​ទន្លេ ដែល​មាន​ផ្ទៃដី ដាំ​ដុះ​ដំណាំ​ស្រូវ​តែ​រដូវប្រាំង​វិញ​នោះ គេ​ច្រើន​ប្រារឰ​ពិធី​បុណ្យដារលាន​នៅក្នុង​ខែ​ឧសភា​-​មិថុនា (​ពិសាខ​-​ជេ ស្ឋ​) បន្ទាប់ពី​បាន​ប្រមូល​ផល​ស្រូវ​រួចរាល់ ។ ចំពោះ​កាលបរិច្ឆេទ​ជាក់លាក់​នៃ​ពិធីបុណ្យ កាលពី​សម័យ​ដើម​ជនជាតិ​ខ្មែរ​និយម​ធ្វើ​បុណ្យដារលាន ដោយ​កំណត់​ថ្ងៃ​ប្រារឰ​ពិធីបុណ្យ​ពី​សម្នាក់​ព្រះសង្ឃ ប៉ុន្តែ​នា​សម័យ​បច្ចុប្បន្ន កាលបរិច្ឆេទ​នៃ​ពិធីបុណ្យ ត្រូវបាន​កំណត់​ដោយ​ចាស់ទុំ​ក្នុង​ភូមិ​ជា​អ្នកសម្រេច ក្រោយពេល​ពិគ្រោះ​យោបល់​គ្នា ដើម្បី​លៃលក​ឱ្យ​ចំ​ពេល​ទំនេរ​របស់​អ្នកភូមិ ជាពិសេស​ឱ្យចំ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កូនចៅ ដែល​ធ្វើការ​នៅ​ឆ្ងាយ​មាន​ឱកាស​បាន​ចូលរួម​ក្នុង​ពិធី​នេះ ។​

​មុន​នឹង​ដំណើរការ​ពិធី គេ​ត្រូវ​រៀបចំ​ទីតាំង​នៅ​លើ​ដី​វាលស្រែ​ណាមួយ​សិន ដោយ​ត្រូវ​ជម្រះ​គល់ ជញ្ជ្រាំង​ស្រូវ​ឱ្យ​ដី​រាបស្មើ​រួច​យក​លាមក​គោ​ស្រស់​លាយ​ទឹក ហើយ​លាយ​ដីដំបូក​ឱ្យ​ជ្រាយ​ល្មម ចាក់​ពង្រាយ លើ​បរិវេណ​ដី​ដែល​បាន​ជម្រះ​ស្អាត​ហើយ​នោះ ។ បន្ទាប់មក​គេ​យក​រនាស់ដៃ​រុញឱ្យ​ស្មើ​រហូត​ដល់​ស្ងួត​ចែស ដែល​គេ​ហៅថា “​ឡើង​លាន​” ។​

​កម្មវិធី​នៃ​ពិធី​ដារ​លាន មិន​មាន​ភាពស្មុគស្មាញ​អ្វី​ច្រើន​ទេ តែ​មាន​ភាព​អ៊ឹកធឹក ដោយសារ​មាន​វង់​តន្ត្រី​ពិណពាទ្យ​កំដរ និង​អ្នកស្រុក​ក្នុងភូមិ​ទាំងអស់​ឯកភាពគ្នា​ជួបជុំ​ច្រើ​កុះករ ។ នៅ​ពេល​ព្រឹក អ្នកស្រុក​រួម ភូមិ​មកជួបជុំ​គ្នា​ដើម្បី​រៀបចំ​រណ្តាប់​ផ្សេងៗ​សម្រាប់​ថ្វាយ​ដល់ គុណព្រះរតនត្រៃ​ព្រះ​ភូមិ ។ ជាមួយគ្នានេះដែរ គេ​បាន​យក​ម្ហូបអាហារ​រៀងៗ​ខ្លួន​សម្រាប់​ប្រគេន​ព្រះសង្ឃ និង​សម្រាប់​ហូបចុក​ជួបជុំគ្នា​ក្នុងការ​រឹតចំណង​សាមគ្គីភាព ។​

​កម្មវិធី​ជា​បន្ត គឺ​ព្រះសង្ឃ​និមន្ត​មក​សូត្រមន្ត​ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ​ដល់​ភូមិ​និង អ្នកភូមិ បន្ទាប់មក​គេ​វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ​ឆាន់ ។ ជាមួយគ្នានេះដែរ គេ​ក៏​ត្រូវ​រៀបចំ​សែនព្រេន​ដល់​ព្រះ​ភូមិ​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី និង​ដល់​វត្ថុ​សក្តិ​សិទ្ធិ សូមមេត្តា​ជួយ​ឱ្យ​គេ​បាន​សេចក្តីសុខ ជួយ​ឱ្យ​បាន​ភោគផល​ស្រូវ​ទៅ​ថ្ងៃមុខ ច្រើន​បរិបូណ៌ ដោយ​កុំឱ្យ​មាន​សត្វល្អិត សត្វ​កណ្តុរ ឬ​ចាប សេក ស៊ី​បំផ្លាញ​ស្រូវ​ឱ្យសោះ ។ គេ​ក៏​មិនអាច បំភ្លេច​បាន​ដែរ​នូវ​ការ​បន់ស្រន់​សុំ​ខមាទោស​ពី​ព្រះ​មេ សូមមេត្តា​អនុគ្រោះ​ចំពោះ​អំពើ​ឆាំឆ្គ​ង ដែល​តែងតែ​កើតមាន​ជាយថាហេតុ​ណាមួយ ។ ពិធី​ជា​បន្ត គឺជា​ការ​ដារ​ឆ្លងបុណ្យ និង​ប្រោះព្រំ​ទឹកមន្ត​ដល់​អ្នក​ដែល​បាន​ចូលរួម ។  ដើម្បី​ជា​កិច្ចបញ្ចប់​កម្មវិធី គឺ​ការលៀង​ភោជនាហារ ។

ពិធី​ជា​ផ្លូវការ​នៃ​ការ​ដារ​លាន​បានបញ្ចប់​មែន តែ​ការ​កំដរ​ជីវិត​ក្រោយពេល​បំពេញការងារ​យ៉ាង​ផ្តូរ ផ្តាច់​អស់​មួយ​រដូវ​កន្លងមក ទ្រាំទ្រ​ក្រោម​កម្តៅថ្ងៃ ឬ​តំណក់ទឹកភ្លៀង​នោះ បានធ្វើឱ្យ​គេ​មាន​ការនឿយហត់​យ៉ាងខ្លាំង​។  ដូច្នេះ​ឱកាស​នេះ គេ​ត្រូវការ​សម្រាក​កម្សាន្ត​ខ្លះ​ដែរ​។ ការ​សម្រាក​កម្សាន្ត​នៃ​អ្នក​រស់នៅ​ជនបទ គឺ​គេ ប្រមូល​គ្នា​ដោយ​ណាត់​ទី​មក​កន្លែង​ដារ​លាន​នេះ​ក្នុងពេល​ព្រលប់ ត្រជាក់​ដើម្បី​រាំ​កម្សាន្ត ។ គេ​ក៏​អាច​ណាត់គ្នា នៅ​ទីធ្លា​កណ្តាល​ភូមិ ឬ​នៅ​មុខ​ផ្ទះ​នរណា​ម្នាក់​ដែល​មាន​ធ្លា​ធំ​អាច​ដំណើរការ​បាន​ស្រួល​ដែរ ។​

​ពិធី​ដារ​លាន និង​ការ​រាំ​កម្សាន្ត​ក្រោយពេល​បំពេញការងារ ដែល​យើង​បាន​រៀបរាប់​មកនេះ វា​គ្រាន់ តែ​ជា​ការ​តំណាង​ឱ្យ​ពិធី​ដទៃ​ផ្សេង​ទៀត ដែល​ខ្មែរ​យើង​តែង​និយម​រៀបចំ ក្រោយ​បំពេញភារកិច្ច ដោយ​មិន សូវ​អាក់ខាន​ឡើយ ។ កិច្ច​ប្រារឰ​ពិធី​ទាំង អស់​នេះ គឺ​ជា​ប្រពៃណី ជា​ទម្លាប់ ឬ​ជា​សីលធម៌ ដែល​ខ្មែរ​តែង​រៀបចំ ដើម្បី​ដឹងគុណ​ចំពោះ​អ្នក​ដែល​មាន​គុណ​ទាំងឡាយ និង​ដើម្បី​សម្រាក​កម្សាន្ត​សប្បាយ ឬ​ដើម្បី​ភ្ជាប់​មនោ​សញ្ចោ​ត​នា​សាមគ្គីភាព​រវាង​ញាតិមិត្ត​ជិត​ឆ្ងាយ ទាំងអស់ ។ ម្យ៉ាងទៀត ការរៀបចំ​ពិធី​នី​មួយៗ​នោះ មិន​មាន​អ្នក​ជំហរ​ចេញ​ប្រាក់កាស​ទេ តែ​កើត​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ដែល​គេ​មាន​ជំនឿ​ក្នុង​ការកសាង​កុសល ដោយ​មិន​មើលបំណាំ​ថា អ្នកណា​ចេញ​ច្រីន អ្នកណា​ចេញ​តិច​ឡើយ ។   

ជារួម​ប្រពៃណី​បុណ្យដារលាន ត្រូវបាន​ពុទ្ធបរិស័ទ​ទូទាំងប្រទេស​តែងតែ​ប្រារឰ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រក្សា​នូវ​អត្តសញ្ញាណ​ព្រលឹង​ជាតិខ្មែរ ឱ្យបាន​គង់វង្ស ក៏ដូចជា​ការបង្ក​ឱកាស​ដល់​កសិករ​ឱ្យមាន​ការជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ ដើម្បី​ចូលរួម​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​ការងារ​បង្កបង្កើនផល​ឆ្នាំកន្លងមក និង​ជា​ពិសេស​ដើម្បី​ចូលរួម​កម្សាន្ត​សប្បាយ បន្ទាប់​ពី​ការចំណាយ​អស់​នូវ​កម្លាំងកាយ កម្លាំងចិត្ត​គ្រប់បែបយ៉ាង ក្រោម​កម្តៅ​ព្រះអាទិត្យ និង​ភ្លៀង​ផ្គរ យ៉ាង​ប្តូរផ្តាច់​អស់​រយៈពេល​មួយ​រដូវ​នៃ​ការងារ​បង្កបង្កើនផល​របស់​ខ្លួន​កន្លងមក​៕

ព័ត៌មានផ្សេងទៀត