ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

ហេតុ​អ្វី​ចាំបាច់​​ចល័ត​រថពាសដែក ​បង្ហាញ​នៅ​​ទីសាធារណៈ​?​

05-01-2017 4:54 pm
 ចំនួនទស្សនា 485

​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧ នឹង​ត្រូវ​រៀបចំ​ឡើង ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​០៨ ខែ​មករា ឆ្នាំ​២០១៧​។ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧ គឺជា​ព្រឹត្តិការណ៍​ធំ​មួយ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​បុណ្យជាតិ ៧ មករា និង​ប្រមូល​មូលនិធិ​ដើម្បី​គាំទ្រ​សកម្មភាព សមាគម អតីតយុទ្ធជន​កម្ពុជា​។ ជាមួយនឹង​ការប្រកួត​កីឡា​នេះ​ដែល​មាន​ការ​ចល័ត​នូវ​រថពាសដែក​ផង​នោះ ក៏​មាន​ការលើកឡើង​ថា រូបភាព​មួយ​គំរាម​គំហែង ខណៈ​ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ស្រប​ពេល​ការ​បើ​ឆ្នោត​ជិត​ចូលមក​ដល់​។ យ៉ាងណាក្ដី លោក​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​បដិសេធថា ព្រឹត្តិការណ៍​នេះ​ពុំមែន​ជា​រូបភាព​គំរាម​គំហែង​នោះទេ​។ រីឯ​អ្នកវិភាគ​វិញ​លើកឡើងថា ចុះ​បើ​មិន​មែន​ជា​រូបភាព​គំរាម​គំហែង​ចាំបាច់​អី​យក​មក​បង្ហាញ​ក្នុង​ទីសាធារណ​? 

​លោក​ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ថ្លែងថា ការ​ចល័ត​រថពាសដែក និង​រថយន្ត​យោធា​មួយ​ចំនួន​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ការប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៧ ពុំមែន​ជា​រូបភាព​ដែល​គំរាម​គំហែង​ប្រជាពលរដ្ឋ​នោះ​ទេ​។ លោក​ថា​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ក្នុង​គោលបំណង សំខាន់ៗ រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​បុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និង​ប្រមូល​មូលនិធិ​ដើម្បី​គាំទ្រ​សកម្មភាព សមាគម អតីតយុទ្ធជន​កម្ពុជា តែប៉ុណ្ណោះ​។ ការ​ថ្លែង​របស់​លោក​បែប​នេះ​ធ្វើឡើង​ក្នុង​ពិធីសែនក្រុងពាលី​ដើម្បី​រៀបចំ​ការប្រកួត​កីឡា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៧​នេះ​។​

សំឡេង​លោក​ហ៊ុន ម៉ា​ណែ​ត​៖

នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​យោធា​នោះ ក្រៅពី​ការប្រកួត​សមត្ថភាព​របស់​នាយទាហាន និង​សមត្ថភាព​របស់​យុទ្ធជន ក៏​មាន​ការតាំង​បង្ហាញ​នូវ​គ្រឿង​សព្វាវុធ​យោធា​មួយចំនួនទៀត ដែល​ការ​ដាក់​តាំង​បង្ហាញ​នេះ ត្រូវបាន​សាធារណជន​មួយចំនួន លើកឡើង​ថា​រដ្ឋាភិបាល​ចង់​កំញើញ​ពី​អំណាច​របស់​ខ្លួន ដើម្បី​ព្រមាន​ទៅ​បក្សប្រឆាំង ក៏ដូចជា​ប្រជាពលរដ្ឋ ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​ជិត​ឈាន​ចូល​មក​ដល់​។ ភ្ជាប់​នឹង​ការលើកឡើង​នេះ ក៏​បាន​ធ្វើឲ្យ​សាធារណជន​ព្រួយបារម្ភ​នេះ ព្រោះថា​កន្លង​មក​លោក​ហ៊ុន សែន ធ្លាប់បាន​និយាយ​គំរាមថា ប្រសិនបើ​គណបក្ស​ខ្លួន​ចាញ់ឆ្នោត​នា​ឆ្នាំ​ខាង​មុខ​នោះ​សង្គ្រាម​នឹង​កើតមានឡើង​។  

មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ច្រានចោល​នូវ​ការលើកឡើង​ខាងលើនេះ ដោយ​លោក​អះអាងថា សូម​កុំ​មាន​ការយល់ច្រឡំ ព្រោះ​ព្រឹត្តិការណ៍​ដែល​រៀបចំ​នេះ​ពុំមែន​ជា​រូបភាព​គំរាម​គំហែង​នោះទេ ហើយក៏​ពុំ​មាន​ប៉ះពាល់​អ្វី​ក្នុង​ភាព​អវិជ្ជមាន​ដល់​សន្តិសុខ​សង្គម​ដែរ​............

សំឡេង​លោក​ហ៊ុន ម៉ា​ណែ​ត​៖

យ៉ាងណាក្ដី​អ្នកវិភាគ និង​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​បាន​លើកឡើង​ថា បើ​ទោះបីជា​រដ្ឋាភិបាល​ខំ​អះអាងថា​មិនមែន​ជា​រូបភាព​គំរាម​គំហែង​ក្ដី ក៏​ប៉ុន្តែ​លោក​នៅតែ​មើលឃើញ​ថា​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ចង់​មិន​ចង់​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ចេតនា​របស់​រដ្ឋាភិបាល ដែល​ជា​សារ​គំរាម​ទៅ​កាន់​ប្រជាពលរដ្ឋ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨ ខាងមុខ​។ លោក​បានឲ្យដឹង​ទៀតថា បើទោះបីជា​ព្រឹត្តិការណ៍​នេះ​មិនមែន​ជា​លើក​ទី​១​ក្ដី ក៏​ប៉ុន្តែ​កន្លងមក​តែងតែ​រៀបចម​លាក់បាំង​ពី​ភ្នែក​មហាជន ដូចដែល​បាន​ធ្វើ​ក្នុង​បន្ទាយ​ទាហាន​ជា​ដើម ចុះ​ហេតុអ្វី​បាន​ជា​លើក​នេះ​បែរជា​មក​រៀបចំ​នៅ​ទី​សាធារណៈ​បែបនេះ​ទៅ​វិញ​? សូម​ស្ដាប់​ការលើកឡើង​របស់​លោក​មាស នី​............................

សំឡេង​លោក​មាស នី​៖

សូម​ជម្រាប​ថា​កាលពី​វេលា​ម៉ោង​២​រំលង​អាធ្រា​ត ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ មាន​ការដឹកជញ្ជូន​សម្ភា​រយោធ​ភណ្ឌ​មួយចំនួន របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។ បើ​តាម​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា ការដឹកជញ្ជូន​សម្ភារ​យោធ​ភណ្ឌ​ទាំងនេះ គឺ​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ រៀបចំ​កីឡា​កងយោធពល​ខេមរភូមិន្ទ អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ព័​រណ៌កោះ​ពេជ្រ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ទី​៨ ខែ​មករា ឆ្នាំ​២០១៧​។​សម្ភារ​យោធ​ភណ្ឌ​ទាំងនោះ​មាន រថពាសដែក​ចំនួន​២​គ្រឿង និង​រថយន្ត​យោធា​ចំនួន​១៥​គ្រឿង ដែល​ដឹក​ជញ្ជូន​ដោយ​កងពលតូច អន្តរាគមន៍​លេខ​៧០ ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៣ ផ្លួវ​វេង​ស្រេង មហាវិថី​មុនី​រ៉េត មហាវិថី​ម៉ៅ​សេទុង និង​មហាវិថី​ព្រះ​សុធារស​។ សូមបញ្ជាក់​ថា សម្ភារ​យោធ​ភណ្ឌ​នេះ នឹង​ត្រូវ​ដឹក​ត្រឡប់​ចេញ​បន្ទាយ​វិញ នៅវេលា​ម៉ោង​២​រំលង អត្រា​ធ្រ នា​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧៕

ព័ត៌មានផ្សេងទៀត

 
x