ឆ្នាំ​ថ្មី​៖​​បក្ស​សង្គ្រោះ​ជាតិ​​ចង់បាន​​«​ឯកភាព​ជាតិ​»​​ខណៈ​បក្ស​​ប្រជាជន​​ចង់​បាន​​ភាព​ស្មោះត្រង់​​

ដោយ៖ គួន សំបូរ 02-01-2017 4:05 pm 5205

​ឆ្នាំ​២០១៦ បាន​បិទ​បញ្ចប់​ហើយ ។ នៅ​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នៃ​ឆ្នាំ​២០១៧ ប្រមុខ​ដឹកនាំ​គណបក្ស​នយោបាយ​ធំៗ ដែល​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា បាន​ផ្ញើ​សារ​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ​ទាំងអស់​។ ក្រៅពី​សារ​ជូនពរ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប បាន​ទាមទារ​ឲ្យមាន​ការ​«​ឯកភាព​ជាតិ​»​ពិតប្រាកដ​មួយ ក្នុងន័យ​កសាង​ការពារ និង​ថែរក្សា​ជាតិ​មាតុភូមិ​កម្ពុជា​ឲ្យនៅ​គង់វង្ស​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​ថា ដើម្បី​មាន​«​ឯកភាព​ជាតិ​» ត្រូវ​គោរព​គ្នា​ទៅវិញទៅមក ជាពិសេស​ភាពស្មោះត្រង់​។

​នៅ​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នៃ​ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ គឺ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​និង លោក​កឹម សុខា អនុប្រធាន បានបង្ហាញ​សារ​នយោបាយ ទាមទារ​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​គណបក្ស និង​គ្រប់​និន្នាការ​នយោបាយ ជានា​គ្នា ស្រុះស្រួល​គ្នា និង​ពួតដៃគ្នា ដើម្បី​បង្កើត​ការ​«​ឯកភាព​ជាតិ​»​ពិតប្រាកដ​សម្រាប់​សង្គម​។​

​លោក​សម រង្ស៊ី ដែល​កំពុង​នៅ​ប្រទេស​បារាំង បានចាប់ផ្ដើម​សារ​នយោបាយ​លាយឡំ​ជាមួយ​សារ​ជូនព​រថា ដោយ​បួងសួង​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​គ្រប់បែបយ៉ាង មានការ​រឹបអូស​យក​ដីធ្លី​និង​ផ្ទះសម្បែង ព្រម​ទាំង​ការ​ធ្វើទុក្ខបុកម្នេញ​តាម​ច្រើន​រូបភាព​គួរឲ្យ​ឈឺចាប់ ឲ្យឃើញ​ពន្លឺយុត្តិធម៌​នៅក្នុង​ឆ្នាំ​២០១៧​។ លើសពីនេះ លោក​សម រង្ស៊ី បាន​សន្យាថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់​គណបក្ស និង​គ្រប់ និន្នាការ​នយោបាយ ជានា​គ្នា ស្រុះស្រួល​គ្នា និង​ពួតដៃគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ដើម្បី​ការពារ ថែរក្សា និង​កសាង​ជាតិ​មាតុភូមិ​កម្ពុជា​ឲ្យបាន​នៅ​គង់វង្ស​។​

​ដោយឡែក សម្រាប់​លោក​កឹម សុខា បាន​ផ្តើម​សារ​នៅក្នុង​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០១៧​ថា  សូម​ឲ្យ​ខ្មែរ​ប្រុស​ស្រី​ប្រកាន់​យក កាយ វាចា ចិត្ត​គំនិត​ថ្មី ល្អ​ប្រពៃ​ជាង​ឆ្នាំ​ចាស់​។ ចិត្ត​គំនិត​ថ្មី ត្រូវបាន​លោក​កឹម សុខា សង្គត់ធ្ងន់​ថា គឺ​ចៀសវាង សេចក្ដី​ក្រេវក្រោធ អំពើហិង្សា ការជេរប្រមាថ ការ​ធ្វើទុក្ខបុកម្នេញ ការ​ចងកម្ម​ចងពៀរ និង​ការកាប់សម្លាប់​គ្នា​តទៅទៀត​។

​គួរកត់សម្គាល់​ថា សារ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឺ​ធ្វើឡើង​ស្របពេល​ដែល​ឆ្នាំ ២០១៧ នេះ​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៤ ខែមិថុនា ខាងមុខនេះ​។ យើង​នៅ​ចាំបាន​ថា នៅពេល​ដែល​កម្ពុជា​ជិត​ដល់​ពេល​បោះឆ្នោត​ម្តងៗ វិបត្ត​នយោបាយ​តែងតែ​កើត​មាន​ជារឿយៗ​។ យ៉ាងណាក្តី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ថា ការបោះឆ្នោត​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន សម្រាប់​ប្រទេសជាតិ​ខ្មែរ​ទាំងមូល​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​ចង់ឲ្យមាន ការឯកភាព​ជាតិ​។ លោក​ថា រឿង​កើតឡើង​កន្លងមក ចំពោះ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជា​កំហុស​របស់​រដ្ឋាភិបាល​ទេ ពោល​គឺ​មេ​គណបក្សប្រឆាំង​ខ្លួនឯង​ជា​អ្នកបង្ក​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​បន្ថែមទៀតថា ដើម្បី​មាន​ការ​«​ឯកភាព​ជាតិ​»បាន លោក​ស្នើ​ដល់​មេ​គណបក្សប្រឆាំង​ថា ត្រូវ​គោរព​គ្នា​ទៅវិញទៅមក ជាពិសេស​ភាពស្មោះត្រង់​…

​សំឡេង​លោក​សុខ ឥសាន​៖

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមព្រៀង​គ្នា​បង្កើត​វប្បធម៌​សន្ទនា ក្នុងន័យ​បង្ហាញ «​ការឯកភាព​ជាតិ​»​។ ប៉ុន្តែ​វប្បធម៌​សន្ទនា​នេះ ត្រូវបាន​គេ​ចាត់ទុកថា បាន​ស្លាប់​ទៅហើយ តាំងពី​ខែ​កក្កដា ឆ្នាំ​២០១៥​មកម្ល៉េះ​។ លោក​សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​លោក​ហ៊ុន សែន​ថា ធ្វើ​នយោបាយ​លួងលោម​ឲ្យ​លោក​ចែកផ្លូវ​គ្នា​ជាមួយ​លោក​កឹម សុខា ប៉ុន្តែ​លោក​ហ៊ុន សែន ចោទ​បក​វិញ​ថា លោក​សម រង្សី​ធ្វើ​នយោបាយ​ចាប់ដៃ​ជាន់​ជើង​។​

​តែ​យ៉ាងណាក៏ដោយ វប្បធម៌​សន្ទនា​នេះ ត្រូវបាន​អ្នកនយោបាយ​កម្ពុជា​លើកឡើង​ជា​ថ្មី ក្រោយពី លោក​ហ៊ុន សែន សម្រេចចិត្ត​ជ្រើសរើស​លោក​កឹម សុខា ជា​ដៃគូ​សន្ទនា​ជំនួស​លោក​សម រង្ស៊ី​។ លោក​ហ៊ុន សែន បាន​អះអាង​ថា លោក​ធ្វើ​ដូច្នេះ គឺ​ដើម្បី​ចង់ឲ្យមាន​«​ការឯកភាព​ជាតិ​»​រវាង​ខ្មែរ​នឹង​ខ្មែរ​។

​កន្លងមក​ទាំង​អ្នកវិភាគ និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម បាន​លើកឡើង​ថា «​ការឯកភាព​ជាតិ​» អាច​ល្អ​ទៅ បាន លុះណាតែ អ្នកនយោបាយ រៀនធ្វើការ​ជាមួយគ្នា​ប្រកប​ដោយ​ការគោរព​និង​ទុក ចិត្ត​គ្នា​។ ព្រោះ​បើ​គ្មាន​ការទុកចិត្ត​ទេ វប្បធម៌​សន្ទនា​នេះ នៅ​ទីបំផុត នឹង​រលាយ​សាបសូន្យ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​៕


ព័ត៌មានផ្សេងទៀត