ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

ក្រសួង​មហាផ្ទៃ ​កំពុង​តាម​​ចាប់​ជន​សង្ស័យ​​ដែល​​ប្រមាថ​​ព្រះមហាក្សត្រ​ខ្មែរ​​

01-01-2017 11:56 am
 ចំនួនទស្សនា 3528
 Share

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹង​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ថា សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ របស់លោក បានកំណត់​មុខសញ្ញា​ជនសង្ស័យ ដែល​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ បាន​ហើយ​។ លោក​ថា ក្រសួងមហាផ្ទៃ កំពុងតែ​តាម​ចាប់​ខ្លួន​​ជន​ប្រព្រឹត្ត​ទាំងនោះ ដើម្បី​យក​ទៅឲ្យ​តុលាការ ផ្ដន្ទាទោស​តាមច្បាប់​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ជនសង្ស័យ​ដែល​កាត់ត​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ មាន​ចំនួន​ពី​ក្រុម​។ លោក​ថា  ក្រុមទី​១ មាន​នៅក្នុង​ស្រុក​ខ្មែរ ជា​ជនជាតិ​ខ្មែរ​មាន​​គ្នា ២​នាក់ និង​ទី​២ មាន​ម្នាក់​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ ហើយ​ក្រៅពីនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ថា ជា​ពលរដ្ឋ​ខ្មែរ ឬ​ជនជាតិ​ផ្សេង​នោះឡើយ​។​

​លោក ខៀវ សុភ័គ ត្រូវបាន​វិទ្យុ​អាស៊ីសេរី​ដង​ស្រង់​សម្តី​កាលពី​ថ្ងៃ​ទី​៣១​ធ្នូ​ថា នៅពេល​បាន​កំណត់​មុខសញ្ញា​រួចហើយ ក្រសួងមហាផ្ទៃ របស់​លោក​នឹង​ឈាន​ទៅ​ដល់​ការចាប់ខ្លួន​ជន​ប្រព្រឹត្ត​ដើម្បី​យក​ទៅឲ្យ​តុលាការ ផ្ដន្ទាទោស​។ លោក ខៀវ សុភ័គ បញ្ជាក់ថា ការស៊ើបអង្កេត​នេះ ក្រុម​ជំនាញ​ផ្នែក​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​រក​តែ​អ្នក​ប្រើ​ហ្វេ​សប៊ុក (Facebook) ដែល​បង្ហោះ​រូបភាព​ដែល​គេ​កាត់ត​រូបអាក្រាត​ព្រះកាយ​ព្រះមហាក្សត្រ ចំពោះ​ករណី​ផ្សេង​មិនបាន​ស្រាវជ្រាវ​ទេ​។​

​គួរ​បញ្ជាប់​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ មាន​គណនី​ហ្វ៊េ​ស​ប៊ុកមួយ បាន​បង្ហោះ​នូវ​រូបភាព​កាត់ត ដែល​ជា​ព្រះឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជ​ណាចក្រ​កម្ពុជា ក្នុង​ចេតនា​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្ដា​ព្រះអង្គ​។ រូបភាព​មួយ​សន្លឹក​នោះ​ក៏​មាន​ការចែករំលែក​បន្ត​គ្នា​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដោយ​ក្នុង​ន័យ​មិន​ពេញចិត្ត និង​ខឹងសម្បារ​យ៉ាង​ខ្លាំង ដែល​ជន​ប្រព្រឹត្ត​ថ្លើមធំ​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​ជាទីគោរព​ស្រឡាញ់​របស់ខ្លួន​។​

​បើ​យោង​តាម មាត្រា​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា «​ព្រះមហាក្សត្រ ទ្រង់​ជា​ប្រមុខរដ្ឋ​មួយជីវិត​។ អង្គ​ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។ ទន្ទឹមនឹងនេះ ព្រះមហាក្សត្រ​កម្ពុជា ត្រូវ​បាន​​ប្រជានុរាស្ត្រ​គោរព​ស្រឡាញ់​ព្រះអង្គ​គ្រប់គ្នា រាប់​តាំងពី​អង្គ​មហាក្សត្រ​មុនៗ រហូត​ដល់​មហាក្សត្រ​បច្ចុប្បន្ន គឺ​ព្រះករុណា​ព្រះបាទ​នរោត្តម សីហ​មុនី​។ ដូច្នេះហើយ​បាន​ជា​ពលរដ្ឋ​ខ្មែរ មាន​ការរិះគន់​ចំពោះ​ក្រសួង​មហាផ្ទៃ​ដែល​គ្មាន​ចំណាត់ការ​ណាមួយ​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។​

​ជា​ការ​គួរ​កត់សម្គាល់ រូបភាព​ដែល​ជន​អគតិ​បាន​បង្ហោះ​កាលពីពេល​ថ្មីៗ​នេះ មិនមែន​ជា​ការប្រមាថ  លើក​ដំបូង​នោះ​ទេ កន្លងមក​ក៏​ធ្លាប់​មាន​ការប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ដ៏​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ផង​។ ត្រង់​ចំណុច​នេះ ពលរដ្ឋ​ខ្មែរ​ក៏​បាន​រិះគន់​លើ​រដ្ឋភិបាល និង​ក្រសួង​មាន​សមត្ថកិច្ច​ថា បាន​មើលរំលង​លើ​បញ្ហា​នេះ ដោយ​មិន​មាន​វិធានការ​ក្ដៅ​ណា​មួយ​លើ​ជន​ដែល​ប្រព្រឹត្ត​កំហុស ដោយ​ចេះ​តែ​អូស​រំលង​មិន​យកចិត្តទុកដាក់ ដែល​ខុស​ឆ្ងាយ​ពី​ប្រទេសជិតខាង ពោល​គឺ​ប្រទេស​ថៃ​ជាដើម ដែល​ប្រជាជន និង​រដ្ឋាភិបាល​គេ​គោរព​ស្រឡាញ់​មហាក្សត្រ​គេ​ស្មើ​នឹង​ជីវិត ហើយ​គេ​មិន​ដែល​លើកលែង ឬ​បណ្ដោយ​ឲ្យ​រួច​ខ្លួន​ឡើយ​ចំពោះ​ជន​ដែល​ហ៊ាន​មើលងាយ​ព្រះមហាក្សត្រ​។​

​លោក​មាស នី អ្នតាមដាន​ស្ថានការ​សង្គម​កម្ពុជា បាន​មើលឃើញ​ថា «​ទាំងអស់​នេះ​ជា​កំហុស​របស់​រដ្ឋាភិបាល​ដែរ ដោយ​ក្នុង​ជួរ​រដ្ឋាភិបាល មន្ត្រី​ថ្នាក់​ធំៗ​មិន​បាន​ឲ្យ​តម្លៃលើ​មហា​ក្សត្រខ្លួនឯង​នោះទេ និយាយ​ដោយ​ត្រង់​ទៅ​គឺ នៅ​ពេល​ចូល​គាស់​ស្ដេច បានត្រឹមតែ​ឱនលំទោន​ធម្មតា ហាក់ដូចជា​ជន​សាមញ្ញ​ដែរ​...»

​សំឡេង​លោក​មាស នី​៖

​បន្ថែម​លើ​ចំណុច​នេះ លោក​មាស នី ក៏​បាន​ស្នើ​ដល់​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​ផ្ដើម​ជាមុន​លើ​ការគោរព និង​ឲ្យ​តម្លៃដ៏​ខ្ពង់ខ្ពស់​ដល់​អង្គ​ព្រះមហាក្សត្រ​ដើម្បី​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ហើយ​ម្យ៉ាងទៀត​គួរតែ​ផ្ដល់​អំណាច​ដល់​មហាក្សត្រ​លើ​ចំណុច​ណា​ដែរ​ទ្រង់​អាចអនុវត្ត ធ្វើ​បទ​អន្តរាគមន៍​ណាមួយ​ដែល​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

ប៉ុន្តែ​យ៉ាងណា​ក្ដី អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ថា​៖ «​អ្នក​រិះគន់​ចេះតែ​រិះគន់​... ក៏ប៉ុន្តែ​ត្រូវ​មើល​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ដែរ សូម្បី​តែ​ប្រទេស​ថៃ​ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ឲ្យ​តម្លៃ​លើ​ព្រះមហាក្សត្រ​ក៏​នៅតែ​មាន​ការប្រមាថ​ព្រះ​ចេស្ដា​មហាក្សត្រ​របស់គេ​ដូចគ្នា​ដែរ​...»

​សំឡេង​លោក​ខៀវ សុភ័គ​៖

​លោក​សុក សំអឿន ជា​មេធាវី​មួយ​រូប​នៅ​កម្ពុជា បាន​លើកឡើង​ថា ក្នុង​ក្រមព្រហទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មិន​បានចែង​ពី​ការដាក់ទោស​ជន​ដែល​ប្រមាថ​មហាក្សត្រ​ទេ គឺ​មាន​ត្រឹមតែ​មន្ត្រី និង​ជន​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ​។ លោក​សុក សំអឿន​បន្ថែមទៀតថា វា​ជា​កំហុសឆ្គង​មួយ​ដែល​មិន​អាច​អស់​ឱន​ឲ្យបាន​ទេ ដូច្នេះ​គួរតែ​មាន​ច្បាប់​តែង​ពី​ទោសទណ្ឌ​លើ​ជន​អសីលធម៌​ទាំងនោះ​។​

​គួរ​ជម្រាប​ថា ជុំវិញ​ការព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ជន​ដែល​បាន​ប្រព្រឹត្ត​ទង្វើរ​ប្រមាថ​ព្រះមហាក្សត្រ​បែប​នេះ បាន​ធ្វើឲ្យ​មាន​ការប្រៀបធៀប​ថា រដ្ឋាភិបាល​មិន​ឲ្យ​តម្លៃ មហាក្សត្រ​ខ្មែរ ដូច​រដ្ឋាភិបាល​ថៃ ដែល​តែងតែ​ឲ្យ​តម្លៃ​លើ​មហាក្សត្រ​របស់គេ​មិន​ថា​ការប្រព្រឹត្ត​ក្រោមរូបភាព​ណា​មួយ​ទាំង​នៅក្នុង​ប្រទេស និង​សូម្បីតែ​ក្រៅប្រទេស ក៏​រដ្ឋាភិបាល​មួយ​នេះ​ស្នើ​ឲ្យមាន​ការធ្វើ​បត្យាប័ន​ជា​បន្ទាន់​ផង​ដែរ​៕


ព័ត៌មានផ្សេងទៀត

 
x