​អ្នកតាមដាន​សង្គម​៖គួរ​ស៊ើបអង្កេត​ករណី​របួស​លោ​ក​ឈាន ពិសិដ្ឋ​ដែលជា​ឆាប់រហ័ស​

ដោយ៖ សៅ វិសាល 31-12-2016 6:21 pm 31148

​ក្រោយ​ការបញ្ចេញ​ខ្សែ​វីដេអូ​ក្លឹប​ចំនួន​៣ ដែល​បង្ហាញ​ពី​សកម្មភាព របស់​លោក​ឈាន ពិសិដ្ឋ ដើរ​យ៉ាង​ស្រស់​សង្ហា​ជាមួយ​នារី​ម្នាក់ នៅក្នុង​បរិវេណ​ផ្ទះសំណាក់ នៅ​ប្រទេស​ថៃ ហាក់ដូច​ពុំ​មាន​របួស​អ្វី​បន្តិច​សោះ​នោះ មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​សកម្មជន​ហ្វេ​ស​ប៊ុក​មួយរូប គឺ​លោក​ផែង វណ្ណៈ បានបញ្ជាក់​ថា ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ អ្នក​ដែល​បញ្ចេញ​វីដេអូ​ខាងលើនេះ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​

​លោក​ផែង វណ្ណៈ បានសរសេរថា “​ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ខ្លួន អ្នក​ដែល​លួច​បញ្ចេញ​វីដេអូ​ភ្ញៀវ​ស្នាក់​នៅ​ផ្ទះសំណាក់ ខុស​គោល​ការ​ច្បាប់​នៅ​ប្រទេស​ថៃ​។ ការបញ្ចេញ​វីដេអូ​ភ្ញៀវ​ដោយ​គ្មាន​ការអនុញ្ញាតិ​គឺជា​ការរំលោភ​សិទ្ធិ​ឯកជន​របស់​ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ​។ ព្រោះតែ​បំរើ​ហេតុផល​នយោបាយ ទង្វើ​ថោកទាប​បែបណា​ក៏​ពួក​អស់នេះ​ហ៊ាន​បំពាន​ទេ​។ បទល្មើស​កើន​ថែមទៀត​ហើយ ចាំ​មើល​អ្នក​ណា​ខ្លះ​ពាក់ព័ន្ធ​ត្រូវ​យក​មក​បង្ហាញ​មុខ​។ សង្ឃឹមថា ជនល្មើស​និង​បក្សពួក​រត់​មិន​រួច​ទេ​។​
​លោក​ផែង វណ្ណៈ បាន​បញ្ជាក់​បន្ថែម​ដល់​វិទ្យុ​វាយោ ដោយយោង​តាម​ពាក្យ​សម្តី​របស់​លោក​ឈាន ពិសិដ្ឋ នៅ​ថ្ងៃ​ទី​៣១ ធ្នូ​នេះ​ថា ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ប្រទេស​ថៃ ប្រមាណ​២​ទៅ​៣​ថ្ងៃ អាការៈ​របួស របស់​លោក​ឈាន ពិសិដ្ឋ បាន​ជាសះស្បើយ​។ ដូច្នេះ​វីដេអូ ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៧ ធ្នូ​នោះ គឺជា​សកម្មភាព​របស់​លោក​ឈាន ពិសិដ្ឋ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​។ ​លោក​ផែង វណ្ណៈ បន្តថា ក្រោយ​ការបញ្ចេញ​វីដេអូ លោក​ឈាន ពិសិដ្ឋ បាន​ទៅប្តឹង​សមត្ថកិច្ច​ថៃ ដោយផ្ទាល់ ព្រោះ​ជា​ការរំលោភ​ដល់​សិទ្ធិ​ឯកជន​។​

សំឡេង​

​ក្រោយ​កើតហេតុ​ភ្លាមៗ លោក​ឈាន ពិសិដ្ឋ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សុខ វិសាល ប៉ុន្តែ​ដោយសារ​អាការៈ​ធ្ងន់ធ្ងរ ទើប​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​។ យ៉ាងណាក៏ដោយ បើ​តាម​ការអះអាង​ខាងលើនេះ មានន័យ​ថា ក្រោយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ថៃ លោក​ឈាន ពិសិដ្ឋ បាន​ជាសះស្បើយ យ៉ាង​ឆាប់រហ័ស ដោយ​ប្រើ​ពេលវេលា ត្រឹមតែ​២ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ ក៏​មាន​ប្រជាពលរដ្ឋ​អ្នកលេង​ហ្វេ​សប៊ុក ជាច្រើន​បាន​រិះគន់ថា ទោះបីជា​ពេទ្យ​ទេវតា ក៏​មិន​ព្យាបាល​ជា ឆាប់រហ័ស​បែប​នេះ​ដែរ​។ ជាមួយគ្នានេះ ក៏​មាន​ការ​ចំអក​ដាក់​តុលាការ និង​ក្រសួង​មហាផ្ទៃ​ផងដែរ ដែល​សន្មត់​ថា លោក ឈាន ពិសិដ្ឋ ពិតជា​ត្រូវ​លោក​ឌិន ពុទ្ធី បើករថយន្ត​បុក​មែន ខណៈ​ដែល​មហាជន ជាច្រើន​រិះគន់​លើ​ករណី​នេះ​ថា មាន​ភាពមិនប្រក្រតី​។   

​លោក​សូរ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម បានឲ្យដឹងថា លោក​ហាក់​មាន​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា អ្នករបួស​ធ្ងន់ធ្ងរ​ម្នាក់ ដែល​ត្រូវ​រថយន្តបុក អាច​ដើរ​បាន​ធម្មតា ត្រឹម​រយៈពេល​ដ៏​ខ្លី​បំផុត​? ករណីនេះ លោក​សូរ ចន្ថា ចង់​ឲ្យ​ត្រឡប់ ពី​ការប្តឹង​របស់លោក​ឈាន ពិសិដ្ឋ មក​ជា​ការស៊ើបអង្កេត ថា​តើ​លោក​ឈាន ពិសិដ្ឋ ពិតជា​មាន​របួស​ធ្ងន់ធ្ង​រមែន ឬ​គ្រាន់តែ​ជា​ការ​ធ្វើ​ពុត ដើម្បី​ចោទប្រកាន់​លើ​បុគ្គល​ណា​ម្នាក់​។​

សំឡេង

ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម មាន​សង្ឃដីកា ដ៏​ខ្លី​ថា បរិបទ​នយោបាយ នៅ​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ជា​ការសម្តែង​ល្ខោន ដែល​មាន​អ្នកនិពន្ធ និង​តួ​សម្តែង​។ ប៉ុន្តែ​ពេលខ្លះ អ្នក​សម្តែង​មិន​សូវ​សម ជាហេតុ​នាំ​ឲ្យ​អ្នកទស្សនា មានប្រតិកម្ម​។ ព្រោះ​អ្នកទស្សនា​បច្ចុប្បន្ន ជា​អ្នក​ដែល​មានចំណេះដឹង និង​ចេះ​ប្រើប្រាស់​បច្ចេកទេស​ទំនើបៗ​។​

សំឡេង​

​សូមបញ្ជាក់​ថា បើតាម សេចក្តីប្រកាស​ព័ត៌មាន របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា តាមរយៈ​ភស្តុតាង​ជាបឋម បាន​បង្ហាញឲ្យឃើញថា ឈ្មោះ ឈាន ពិសិដ្ឋ ពិតជា​បាន​រងរបួស​នៅ​ជើង​ស្ដាំ ដោយសារ​ការបុក ដោយ​រថយន្ត​ឈ្មោះ ឌិន ពុធ្ធី ពិតមែន ហើយ​មិនមែន​ជា​ការធ្វើ​ពុត​របស់​ឈ្មោះ ឈាន ពិសិដ្ឋ ដើម្បី​ទម្លាក់​កំហុស​ឲ្យ​លោក ឌិន ពុធ្ធី ដូច​ការផ្សព្វផ្សាយ​របស់​បណ្ដាញសារព័ត៌មា​ន មួយចំនួន និង​សង្គម​ហ្វេ​សប៊ុក​នោះទេ ។ ចំណែកឯ​ក្រសួង​មហាផ្ទៃ​វិញ​នោះ​ក៏​បាន​ចេញ​លិខិត​មួយ​ដូច​គ្នា ដោយ​បាន​អំពាវនាវ ដល់​ពលរដ្ឋ​ឱ្យ​ជឿជាក់ លើ​ស្ថាប័ន​តុលាការ ហើយ​រងចាំ​ការសម្រេច​ក្ដី​នេះ​៕ ដោយៈសៅ វិសាល

ព័ត៌មានផ្សេងទៀត