ហេតុការណ៍មួយកើតឡើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលគូរទំនាស់ជាសកម្មជនគណបក្សសង្គ្រោះជាតិ ជាមួយមន្ត្រីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន កំពុងតែមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋខ្មែរ។ អាជ្ញាធរបានសម្រេចបើកការស៊ើបសួរទៅលើឈ្មោះឌិន ពុទ្ធី ជាសកម្មជនគណបក្សសង្គ្រោះជាតិ ពីបទ ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ខណះពលរដ្ឋស្រែកតវ៉ាថា លោកឌិន ពុទ្ធី គ្មានកំហុស និងបានចោទអាជ្ញាធរថា បង្កើតបញ្ហាដើម្បីចាប់មន្ត្រីគណបក្សសង្គ្រោះជាតិ។
ការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរនេះ គឺដោយសារតែជារឿងនេះ ជាទំនាស់រវាងមន្ត្រីរដ្ឋាភិបាល ជាមួយសកម្មជនបក្សសង្គ្រោះជាតិ ជាពលរដ្ឋសាមញ្ញ ដែលឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់នៅកម្ពុជា។ អាជ្ញាធរបញ្ជាក់ជាច្រើនដងថា ករណីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយលោកឌិន ពុទ្ធី ហើយលោកឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាល ជាជនរង់គ្រោះ។ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ របានសម្រេចបើកការស៊ើបសួរទៅលើឈ្មោះឌិន ពុទ្ធី ជាសកម្មជនគណបក្សសង្គ្រោះជាតិ ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”។
មូលហេតុអាជ្ញាធរសម្រេចនេះ ត្រូវក្រសួងមហាផ្ទៃថ្លែងបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីលោកឌិន ពុទ្ធី បានប្រើពាក្យមិនសមរម្យ បញ្ចេញកាយវិការច្រង៉េងច្រង៉ាង មកលើលោកឈាន ពិសិដ្ឋ ក្រោយពីបានឃាត់ម៉ូតូបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ឈ្មោះអ៊ីង ឃាន ដែលបានចតធ្វើឲ្យកកស្ទះចរាចរណ៍។ បន្ទាប់មកលោកឌិន ពុទ្ធី បានទាញដៃលោកអ៊ីង ឃាន ចូលរថយន្ត ប៉ុន្តែត្រូវបានរារាំង ដោយលោកឈាន ពិសិដ្ឋ ពេលនោះលោកឌិន ពុទ្ធី ក៏បានរោទិ៍ម៉ាស៊ីនរថយន្ត រួចបើកបុកលោក ឈាន ពិសិដ្ឋ ធ្វើឲ្យដួលបោកក្បាលទៅនឹងថ្នល់សន្លប់បាត់ស្មារតី ហើយត្រូវបានដឹកយកទៅជួយសង្គ្រោះ នៅគ្លីនិកសុខ វិសាល ប៉ុន្តេដោយមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ។
ការគូសបញ្ជាក់របស់ក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងចម្រូងចម្រាស់នៅលើបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនថា៖ ករណីនេះ មន្ដ្រីប៉ូលីសធ្វើពុតជាដួលសន្លប់នៅពីមុខឡាន Lexus ដើម្បីទម្លាក់កំហុសដាក់ម្ចាស់ឡានជាជាសកម្មជនគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញពីក្ដីសង្ស័យស្រដៀងគ្នានេះដែរ ហើយបានអំពាវនាវដល់ស្ថាប័នតុលាការ និងក្រសួងមហាផ្ទៃឲ្យស៊ើបអង្កេតច្បាស់លាស់ចំពោះករណីនេះ។
យ៉ាងណាក្តី បើទោះបីជាអាជ្ញាធរព្យាយាមបំភ្លឺងពីករណីនេះក្តី តែពលរដ្ឋមួយចំនួននៅតែចាត់ទុកករណីនេះថា ជារឿងអយុត្តិធម៌។ ភរិយារបស់លោក ឌិន ពុទ្ធី បានអំពាវនាវឲ្យតុលាការ ខេត្តបន្ទាយមានជ័យដោះលែងប្តីរបស់ខ្លួន។ ស្របជាមួយគ្នានោះ ការតវ៉ាពីប្រជាពលរដ្ឋក៌បានផ្ទះឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
អ្នកតវ៉ាបាននាំគ្នាកាន់បដាស្រែកថា “អយុត្តិធម៌ណាស់” និងអ្នកខ្លះទៀត ស្រែកយំជាដើម។ ការតវ៉ានេះបានបណ្តាលឲ្យច្រកអន្តរជាតិប៉ោយប៉ែត ស្ទះចរាចរណ៍ជាងមួយម៉ោង ក្រោយមកស្ថានភាពចេះតែឡើងកម្តៅខ្លាំង ក្រុមអ្នកតវ៉ាប្រមូលគ្នាមកច្រើនឡើងៗ អាជ្ញាធរបានបន្ថែមកម្លាំងនគរបាលជាច្រើននាក់ រួមមាននគរបាលអន្តោប្រវរសន៍ នគរបាលក្រុង នគរបាលការពារព្រំដែន ដើម្បីរារាំងក្រុមបាតុករ។
មុននឹងការតវ៉ាងផ្ទះឡើង គេឃើញមានវីដេអូមួយស្តីពីហេតុការណ៍ បានបង្ហោះពេញបណ្តាញសង្គម។ ក្នុងវីដេអូនោះ គេឃើញលោកឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដេកដួលនៅមុខរថយន្តដែលកំពុងបើកក្នុងល្បឿនយឺតៗ។ អ្នកប្រើហ្វែសបុកមួយចំនួនដែលមើលវីដែអូនោះ បានរិះគន់ថា មន្ត្រីរូបនេះ គឺបានធ្វើពុតជាដួលប្រកាច់ ឬដួលសន្លប់នៅមុខឡាន ហើយពួកគេបានកាត់តរូបភាព និងវីដេអូជាច្រើនក្នុងន័យរិះគន់លើកមន្ត្រីរូបនេះ។
ក្រោយមានការរិះគន់នេះ ក្រសួងមហាផ្ទៃ បានប្រកាសបើកការស៊ើបអង្កេត ហើយក្រសួងមហាផ្ទៃ ក៏បានអះអាងថា នឹងកំពុងពិនិត្យលើផ្លូវច្បាប់ ក្នុងការប្តឹងលើប្រជាពលរដ្ឋ មួយចំនួន រួមនឹងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានរិះគន់លើករណីនេះ។
បើតាមការអះអាងពី មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការលើកឡើងរបស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺជាការញុះញង់ ដែលធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ខុសពីការពិត និងធ្វើឲ្យខូច ដល់កិត្តិយស របស់បុគ្គល ជាជនរងគ្រោះ និងប៉ះពាល់ដល់ កិត្កិយសស្ថាប័នទាំងមូល។
យ៉ាងណាមិញ សម្រាប់ចំណាត់ការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ ត្រូវបានអ្នកវិភាគអះអាងថា ជារឿងសោកស្តាយបំផុត ដែលសមត្ថកិច្ចមិនស្រាវជ្រាវ ស៊ើបអង្កេត លើករណីដែលបានកើតឡើង ប៉ុន្តែបែរជាមកចង់ប្តឹងផ្តល់ ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋទៅវិញ។ អ្នកវិភាគថា ទង្វើបែបនេះ បង្ហាញថា សង្គមកម្ពុជា កាន់តែធ្លាក់ចុះ ហើយបុគ្គល ដែលខិលខូចគឺកាន់តែក្អេងក្អាង។
លោកអ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត អះអាង គេមិនដែលស៊ើបអង្កេត លើអ្នករិះគន់ ឬអ្នកឃ្លាំមើលនោះទេ គេស៊ើបអង្កេតទៅលើករណី ថាតើវាមានបទល្មើសព្រហ្មទណ្ឌឬក៏អត់? តើការពិតយ៉ាងមិច? មានភស្តុតាងអីខ្លះ? បន្ទាប់ពីការស៊ើបអង្កេត ឃើញមានភស្តុតាងផ្សេងៗ ត្រូវបង្ហាញនៅតុលាការ មិនមានមកស៊ើបអង្កេតលើអ្នកឃ្លាំមើល គឺជារឿងដែលខុសធ្ងន់ណាស់។
គួររម្លឹកថា កាលពីថ្ងៃទី២២ ធ្នូ នៅត្រង់ចំណុចលើស្ពាន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើល មួយបានកើតឡើង ដោយមន្ត្រីប៉ូលីស ប្រចាំច្រកប៉ោយប៉ែតម្នាក់ បានដួលសន្លប់ ដោយសារត្រូវរថយន្តបើកបុក ដែលនេះ ជាការអះអាងពីមន្ត្រីប៉ូលីស ខណៈដែលប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ បាននិយាយថា រថយន្តមិនបានបុកទេ នេះជាល្បិចរបស់មន្ត្រីច្រកព្រំដែន ផ្តួលខ្លួន ដួលដោយខ្លួនឯង។
គួរបញ្ជាក់ថា លោកឈាន ពិសិដ្ឋ ជាមន្ត្រីស័ក្តិ៤ ប្រចាំនៅច្រកប៉ោយប៉ែត។ ចំណែក ម្ចាស់រថយន្ត មានឈ្មោះ ឌិន ពុទ្ធី ជាមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំក្រុងប៉ោយប៉ែត៕