ជំនឿ​​របស់​​ប្រជាជន​ខ្មែរ​លើ «​អា​ប​»​​

ដោយ៖ ចេន សុជាតា 30-12-2016 2:34 pm 4306

​និយាយ​ដល់​ឈ្មោះ «​អា​ប​» មនុស្ស​ភាគ​មុខជា​បាន​ស្គាល់ ហើយ​ព្រមទាំង​បាន​ស្រ​ម៉ៃ​ដល់​រូបរាង​លក្ខណៈ​របស់​វា​ជាក់​ជាមិនខាន​។ តាម​ការ​ដំណាល​ប្រាប់​ពី​ចាស់ៗ លោក​ថា អា​ប ភាគច្រើន​ជា​មនុស្ស​ស្រី ដែល​មាន​តែ​ក្បាល​ភ្ជាប់​ជាមួយ​ពោះវៀន ចូលចិត្ត​បង្ហាញខ្លួន​នៅពេល​យប់ ជា​វេលា​ដែល​អាប​ដើរ​ស្វែករក​ចំណីអាហារ​។ តើ​អាប​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​?  តើ​ប្រជាជន​ខ្មែរ​យើង​មាន​ជំនឿ​បែបណា​ខ្លះ​ទាក់ទង​នឹង​អាប​? តើ​អ្នក​ជឿ​ឬ​ទេ​ថា​អាប​ពិតជា​មាន​ពិតមែន​? 

ស្ដាប់ជាសំឡេង៖

​ជាការ​ដំណាល​ប្រាប់​តៗ​គ្នា​ពី​ចាស់ៗ បានឲ្យដឹងថា «​អា​ប​» មាន​ដើម​កំណើត​មក​ពី មនុស្ស​ស្រី​អ្នក​ដែល​រៀន​មន្តអាគម​គា​ថា លុះ​ខុស​ក្រម​ប្រតិបត្តិ​ក៏​បាន​ក្លាយជា​អាប​ទៅ​។ ម្យ៉ាងទៀត​បើ​តាម​លោក​ព្រឹទ្ធាចារ្យ​មៀច ប៉ុណ្ណ បានឲ្យ​ដឹង​តាមរយៈ​កម្រង​ឯកសា​រស្ដី​ពី​ប្រពៃណី និង​ទំនៀម​ទំលាប់​ខ្មែរ បានឲ្យដឹងថា អា​ប មាន​ដើម​កំណើត​មក​ពី​អ្នក​ដែល​រៀន​ស្នេហ៍មុខ​។ លោក​ថា រូប​អាប​កម្រ​មាន​ភេទ​ប្រុស​ណាស់ ភាគច្រើន​មាន​តែ​ស្ត្រី​។ ស្ត្រី​ដែល​រៀន​ស្នេហ៍មុខ​នេះ លុះ​បាន​កាន់​យូរៗ​ទៅ  សិល្ប៍​ស្នេហ៍មុខ​នេះ​ក៏​ចូល​ជ្រួតជ្រាប​ជោកជាំ​ក្នុង​ខ្លួន​ស្ត្រី​ដែល​បាន​រៀន​នោះ រួច​ក៏​បណ្ដាល​ឲ្យ​រូប​គេ​ក្លាយ​ជា​អាប​ដូច្នេះ​ទៅ​។

លោក​ព្រឹទ្ធាចារ្យ​បានឲ្យដឹង​ទៀតថា ព្រលឹង​អាប​បាន​សណ្ឋិត​នៅក្នុង​តួអង្គ​ស្ត្រី​នោះ​ជា​និច្ច​ជា​កាល​។ ប្រសិន​បើ​រូប​អាប​កើតក្ដី​ខឹងសម្បារ អាក់​អន់ចិត្ត ឬ​ថ្នាំងថ្នាក់​នឹង​អ្នក​ណាមួយ ព្រលឹង​អាប​នោះ​នឹង​ទៅ​ធ្វើឲ្យ​អ្នក​នោះ​ចុកពោះ ឈឺ​ថ្កាត់ ឬ​អាច​ឈាន​ដល់​ការ​ឡប់​បាត់បង់​ស្មារតី​លែង​ដឹង​ខុសត្រូវ​ក៏មាន​ដែរ​។ ចាស់ៗ​បាន​និយាយថា នៅ​វេលា​យប់​ចូលមក​ដល់ ព្រលឹង​អាប​តែងតែ​ចេញ​ពី​តួ​រូប ដើរ​រកស៊ី​គំរង់ ស៊ី​ឈាម កូន​កង្កែប ហើយ​អ្វី​ដែល​អាប​ចូលចិត្ត​បំផុត​នោះ​គឺ ឲ្យតែ​មានផ្ទះ​អ្នកភូមិ អ្នកស្រុក​ណា​ដែល​ទើប​នឹង​សម្រាលកូន​រួច​ថ្មីៗ​។ រូបរាង​របស់​អាប គេ​សម្គាល់​ត្រង់​ថា មាន​ភ្លើងពណ៌​ខៀវ​ធំ​ជាងភ្លើង​អំពិលអំពែក ក៏ប៉ុន្តែ​ភ្លើង​នោះ​ពុំ​មាន​សកម្មភាព​ភ្លឺ​ភ្លឹបភ្លែតៗ ដូចជា​អំពិលអំពែក​នោះទេ គឺ​វា​ភ្លឺ​ធ្លោ​រហូត តែ​បើកាលណា​វា​ចង់​បំបាំង​ខ្លួន​ចេញពី​ឧបសគ្គ​អ្វីមួយ វា​នឹង​ពន្លត់ភ្លើង​ឲ្យ​ងងឹត​មួយ​រយៈ​នោះ​សិន លុះ​សភាពការណ៍​បាន​ធម្មតា​វិញ អាប​នឹង​បន្ត​បំភ្លឺ​ភ្លើង​របស់​វា​ទៀត​។

អ្នកស្រុក​អ្នកភូមិ​ខ្លះ​តែង​និយាយ​តៗ​គ្នា​មក​ថា គេ​បាន​ឃើញ​អាប​ដែល​មាន​សភាព​ជា​ពោះវៀន  ធ្លាក់ចុះ​ប៉ប្រះ​ដី រតេយ​រតាយ ឬ​ឯ​ភ្លើង​ខៀវ​ផ្នែក​ខាងលើ​ជា​ក្បាល​របស់​អាប​។ អ្នកខ្លះ​ជឿថា​ពោះវៀនពោះតាំង​របស់​អាប​នោះ គឺជា​ពោះវៀន​របស់​ស្ត្រី​ដែល​ជា​តូ​របស់​អាប​នោះឯង​។ នោះ​ពេល​ដែល​អាប​ដើររក​ចំណី​នៅពេល​យប់​ឆ្អែត​ហើយ​នោះ ព្រលឹង​របស់​អាប​នឹង​វិលត្រឡប់​ទៅ​ចូល​ក្នុង​រូប​ស្ត្រី​នោះ​វិញ​។ ក៏​ប៉ុន្តែ​បើ​ជួប​ចៃដន្យ​អាក្រក់​ណាមួយ ដូចជា​ត្រូវ​អ្នកស្រុក​ព្រួត​ចាប់ ឬក៏​ជាប់អន្ទាក់​ធ្លាក់​ចូល​ក្នុង​បន្លា​ស្អិត​ណាមួយ​ដក​ខ្លួន​ពុំ​រួច ឬក៏​ត្រូវ​គ្រូសិល្ប៍​ចាប់ចង់​ដោយ​គាថា​ណាមួយ​នោះ គេ​ថា​រូប​ដែល​អាប​សណ្ឋិត​នោះ​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ឈឺ​ស្លាប់​ភ្លាមៗ​ផងដែរ​។

ចាស់​ពី​ដើម​និយាយ​ថា អ្នកភូមិ​អ្នកស្រុក​ពិតជា​ខ្លាច​អាប​ខ្លាំងណាស់​។ បើកាលណា​រូប​អាប​នោះ​មក​រក​ទិញ ខ្ចី ឬ​សុំ​របស់​អ្វីមួយ គេ​តែងតែ​បំពេញ​តាម​តំរូវការ​មិន​ឲ្យ​អាក់អន់ចិត្ត​នោះទេ ព្រោះ​តែ​កាលណា​ធ្វើឲ្យ​អាបនោះ​ខឹង គេ​នឹង​មក​ធ្វើទុក្ខបុកម្នេញ​អ្នកស្រុក​មិន​ឲ្យ​រស់​បាន​ស្រួល​ទេ​។ តែ​បើ​សិន​ជា​អាប​នោះ​ត្រូវ​គ្រូសិល្ប៍​ចាប់បាន​វិញ ឬ​អស់​អាយុសង្ខារ​នោះ អ្នកស្រុក​ពិតជា​នាំគ្នា​អរ​សប្បាយ និង​ធូរចិត្ត ព្រោះ​ថា​អស់​មាន​អ្នក​បង្ករឿង​ក្នុង​ស្រុក​ភូមិ​ទៀតហើយ​។

ក្រោយពី​បាន​ស្ដាប់​នូវ​ដើមកំណើត​អាប និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​ទាក់ទង​នឹង​អាប​នេះ តើ​អ្នក​ជឿថា អាប​ពិតជា​មាន​មែន​ឬ​ទេ​?

នៅទីនេះ មិន​ចង់​សំដៅថា​លោកអ្នក​ជឿ​ឬ​ក៏​មិន​ជឿ​នោះទេ ក៏​ប៉ុន្តែ​គ្រាន់តែ​ចង់​ជម្រាប​ថា តាំងពី​សម័យ​បុរាណកាល​រហូតមកដល់​ពេល​បច្ចុប្នន្ននេះ ក៏​នៅតែ​មាន​ជំនឿ​ទៅលើ​អាប​ធ្មប់​នេះដែរ​។ គេ​ជឿ​ថា អា​ប ធ្មប់ មាន​ឥទ្ធិពល​ម្យ៉ាង​ដែល​មាន​អានុភាព​មកលើ​ជីវិត​របស់​មនុស្ស​។ គេ​សង្កេតឃើញថា មិនមែន​តែ​នៅក្នុង​សង្គម​ខ្មែរ​យើង​ប៉ុណ្ណោះ​ទេ​ដែល មាន​ជំនឿ​លើ​អាប​ធ្មប់​នេះ សូម្បី​តែ​ប្រទេស​ដទៃ​ទៀត​ដូចជា នៅ​ទ្វីបអាហ្វ្រិក អូស្ត្រាលី ឥណ្ឌា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ជាដើម នៅតែ​មាន​ជំនឿ​ដូចគ្នា​នឹង​ខ្មែរ​យើង​ដែរ​។

បើ​តាម​អ្នកប្រាជ្ញ​នៅ​បច្ចិម​ប្រទេស​ជាច្រើន​បាន​វាយ​តម្លៃ​លើ​ជំនឿ​នេះ​ថា វា​មាន​ឥទ្ធិពល​មួយ​ផ្នែក​តាមរយៈ​ចិត្តសាស្ត្រ​។ ក្រៅពីនេះ ជំនឿ​លើ​អាប​ធ្មប់​នេះ វា​នៅតែ​ស្ថិតក្នុង​ភាព​អាថិ៍​កំបាង​នៅឡើយ​។ យ៉ាងណា​ក្ដី​ចាស់​ព្រឹទ្ធ​ចារ្យ​ដែល​មាន​ចំណេះខាង​អាគ​ម​អូមអាម​បាន​មានប្រសាសន៍ថា បញ្ហា​អាប​ធ្មប់​នៅ​ស្រុក​ខ្មែរ គឺ​ខុស​ពី​ប្រទេស​ដទៃ ក៏​ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់ថា ការចេះ​នូវ​វិជ្ជា​អាប​ធ្មប់​អី​នោះ គ្មានអ្វី​ជា​ការ​ប្រសើរ​ដល់​សង្គម​នោះទេ​។ ក៏​ប៉ុន្តែ​ដើម្បី​ទប់ទល់​នឹង​ភាវៈ​អាក្រក់​ដែល​តែងតែ​ធ្វើបាប​យាយី​អ្នកដទៃ គេ​ក៏​បាន​រៀន​មន្ត​គា​ថា សិល្ប៍​សាស្ត្រ និង​ឱសថ​ខ្លះៗ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​អានុភាព​នៃ​អំពើ​ទាំងនោះ​។

សរុប​មក​វិញ ដោយសារ​បច្ចុប្បន្ន​នេះ​វិទ្យាសាស្ត្រ​មាន​ការរីកចម្រើន​ឥតឈប់ឈរ ដែល​ធ្វើឲ្យ​ការលូតលាស់​នៃ​បញ្ញា​ស្មារតី​របស់​មនុស្ស​ក៏​ដូចគ្នា ដែល​បាន​ធ្វើឲ្យ​មនុស្ស​ចេះ​គិត​ពិចារណា​រកហេតុ​ផល​ច្បាស់លាស់​ណាស់​មុននឹង​ជឿ​លើ​ជំនឿ​អរូបី​ផ្សេងៗ (​ក៏​ប៉ុន្តែ​នៅ​មាន​អ្នក​គិត​បែប​អរូបី​ខ្លះ​ដែល​តាម​តំបន់​ភូមិ​ស្រុក​ដាច់ស្រយាល​មួយចំនួន ដែល​មិន​ទាន់​ជ្រួតជ្រាប​ពី​វិទ្យាសាស្ត្រ​)​។ យ៉ាងណាក្ដី ការ​ដែល​លើកយក​ជំនឿ​ចាស់​បុរាណ​មក​ជម្រាប​ជូន​នៅពេលនេះ ពុំ​មាន​មាន​ចេតនា​ចង់​ឲ្យ​សង្គម​វិលត្រឡប់​ទៅកាន់​អតីតកាល​វិញ​នោះ​ទេ គ្រាន់តែ​ចង់​បង្ហាញ​ឲ្យ​កូន​ខ្មែរ យល់ដឹង​ពី​ជំនឿ និង​វប្បធម៌​របស់​ដូនតា​ខ្មែរ​កុំឲ្យ​បាន​បង់​តែ​ប៉ុណ្ណោះ​៕  

ព័ត៌មានផ្សេងទៀត