តើ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​​ពិត​ជា​ឆ្លើយ​​ដោយ​ខ្វះ​​ការទទួល​ខុសត្រូវ​មែនឬ​?​

ដោយ៖ ចេន សុជាតា 29-12-2016 5:21 pm 12745

ក្រោយ​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា តប​តាម​សំណើ​របស់​គណ​កម្ម​គណៈកម្មកា​ទី​១ រដ្ឋសភា លោក​អេង ឆៃអ៊ាង ប្រធាន​គណ​កម្ម​គណៈកម្មការ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ចម្លើយ​របស់​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ថា​ជា​ចម្លើយ​ដែល​ខ្វះ​ការទទួលខុសត្រូវ​។ លោក​អេង ឆៃអ៊ាង បានបង្ហាញ​ក្ដី​សោកស្ដាយ​បែប​ចំអក​ទៅកាន់​លោក​ម៉ម ប៊ុនហេង ថា​ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បែរ​ជា​ឆ្លើយ​មិន​ចំ​សំណួរ និង​គ្មាន​ការទទួលខុសត្រូវ​មិន​អាច​ទទួលយកបាន​បែបនេះ​ទៅ​វិញ​។ 

ស្ដាប់ជាសំឡេង៖

​ដូច​ការគ្រោងទុក នា​ព្រឹក​ថ្ងៃទី ២៩ ធ្នូ ឆ្នាំ​២០១៧ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ចូល​ឆ្លើយបំភ្លឺ​គ្រប់​ចំណុច​ពី​ការចោទប្រកាន់​ជុំវិញ​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា តប​តាម​សំណើ​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​វិមាន​រដ្ឋ​សភា​។ ពាក់ព័ន្ធ​នឹង​ការស្នើ​របស់​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជា​៖ ភាពមិនប្រក្រតី​ក្រោម​ការទទួលខុសត្រូវរ​បស់​ក្រសួង ដូច​ជា​ការ​បាត់​ប្រាក់​ជំនួយ​របស់ Global Fund ទិញ​មុង​ការពារ​ជំងឺគ្រុនចាញ់ ការលក់​មន្ទីរពេទ្យ និង​មន្ទីរពេទ្យបង្អែក​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ក្នុង​ខេត្ត​មួយចំនួន ការទិញ​គ្រឿង​បរិក្ខារ និង​ថ្នាំពេទ្យ ការផ្ដល់​សេវា​មិន​ត្រឹមត្រូវ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន វិធានការ​ក្រសួង​ក្នុងការ​ពង្រឹងគុណភាព​ជំនាញ​ពេទ្យ និង​ការអនុវត្ត​ក្រមសីលធម៌ និង​ការគ្រប់គ្រង​ឱសថ​ស្ថាន និង​ថ្នាំពេទ្យ​ក្លែងក្លាយ និង​ថ្នាំពេទ្យ​ខូច​គុណភាព​ជា​ដើម​។

ក្រោយពី​បាន​ស្ដាប់​ការបំភ្លឺ​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក​អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា បាន​លើកឡើង​ថា​ចម្លើយ​នោះ​ហាក់​នៅ​មាន​ភាពស្រពិចស្រពិល​ពុំ​ទាន់​ច្បាស់លាស់​។ ជាមួយគ្នា​នោះ​ផងដែរ លោក​ក៏​បាន​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ពន្យល់​បន្ថែម​ចំនួន​៣​ចំណុច ដែល​ទាក់ទង​នឹង​៖ (១) ការ​បាត់​ប្រាក់​ជំនួយ​របស់​អង្គការ Global Fund (២) ទាក់ទង​នឹង​ការលក់​មន្ទីរពេទ្យ និង​ទី​(៣) ទាក់ទង​នឹង​ការទិញ​ថ្នាំពេទ្យ​។

ជា​ការឆ្លើយតប​លោក​ម៉ម ប៊ុនហេង បាន​លើកឡើង​ថា ចំពោះ​ករណី​សង្ស័យថា​មាន​បាត់​ប្រាក់​ជំនួយ    របស់​អង្គការ Global Fund នោះ​គឺជា​តួនាទី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវ​ស៊ើបអង្កេត​លើ​រឿងនេះ​។ ចំណែក​ទាក់ទង​នឹង​ការលក់​មន្ទីរពេទ្យ និង​ការទិញ​ថ្នាំពេទ្យ​វិញ លោក​អះអាង​ថា គឺ​ធ្វើតាម​នីតិវិធី​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​។ សូម​ស្ដាប់​លោក​ម៉ម ប៊ុនហេង ដែល​បាន​ថ្លែង​ក្នុង​រដ្ឋសភា​...

ក្រោយ​ឆ្លើយបំភ្លឺ​ពី​សំណាក់​លោក​ម៉ម ប៊ុនហេង នៅពេលនេះ ត្រូវបាន​លោក​អេង ឆៃអ៊ាង ប្រធាន​គណ​កម្ម​គណៈកម្មការ​ទី​១​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា​ចម្លើយ​របស់ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជា​ចម្លើយ​ដែល​ខ្វះ​ការទទួលខុសត្រូវ​។ លោក​អេង ឆៃអ៊ាង បានបង្ហាញ​ក្ដី​សោកស្ដាយ​បែប​ចំអក​ទៅកាន់​លោក​ម៉ម ប៊ុនហេង ថា​ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បែរ​ជា​ឆ្លើយ​មិន​ចំ​សំណួរ និង​គ្មាន​ការទទួលខុសត្រូវ​មិន​អាច​ទទួលយកបាន​បែបនេះ​ទៅ​វិញ​។​

យ៉ាងណា​ក្ដី​បើ​ទោះបីជា​មិន​អាច​ទទួលយកបាន​នូវ​ការឆ្លើយបំភ្លឺ​របស់​លោក​ម៉ម ប៊ុន ហេង នាពេល​នេះ​ក្ដី លោក​អេង ឆៃអ៊ាង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ខណៈ​ពេល​នេះ​ក្រុម​តំណាងរាស្ត្រ​គណៈបក្ស​សង្គ្រោះ​ជាតិ​ពុំ​ទាន់​អាច​ធ្វើ​សេចក្ដីសម្រេច​ណាមួយ​បានទេ ដោយ​រង់ចាំ​ការប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិសិន​។     

សូមជម្រាបថា ជុំវិញ​ការងារ​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា កន្លងមក​ក៏​មាន​សាធារណ​ជន​មិន​តិច​នាក់​ទេ ដែល​តែងតែ​រិះគន់​ពី​ភាពកម្សោយ​របស់​ក្រសួងសាមី ដែល​មិន​បាន​យកចិត្តទុកដាក់​ពី​សុខភាព​ប្រជាពលរដ្ឋ​។ គេ​នៅ​ចាំបាន​ថា កាលពីដើមឆ្នាំ​២០១៦​កន្លងទៅ លោក​វេជ្ជបណ្ឌិត​គួច ម៉េង​លី បាន​រិះគន់​មិន​សំចៃមាត់​លើ​គ្រូពេទ្យ​ស្រុក​ខ្មែរ​ថា ក្នុងចំណោម​គ្រូពេទ្យ​១០​នាក់​ដែល​លោក​ជួប មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ​។ ជាងនេះទៅទៀត ក៏​មាន​ការរិះគន់​លើ​វិជ្ជាជីវៈ​គ្រូពេទ្យ​ស្រុក​ខ្មែរ​មួយ​ចំនួ​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​ភាគច្រើន និង​សូម្បី​តែ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល នៅ​ពេល​ឈឺ​ថ្កាត់​ម្ដងៗ ក៏​មិន​ទុកចិត្ត​ពេទ្យ​ស្រុក​ខ្មែរ​ដែរ ដោយ​សុខចិត្ត​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​។ ចំណែក​ថ្មីៗ​នេះ​ផង​ដែរ ក៏​មាន​ការរិះគន់​ពី​ភាពមិនប្រក្រតី​ចេញពី​មន្ទីរពេទ្យ​ឯកជន​មួយចំនួន ថា​គ្រូពេទ្យ​ដែល​បម្រើការ​គ្មាន​វិជ្ជាជីវៈ​ច្បាស់លាស់​ដែល​បាន​ធ្វើឲ្យ​អ្នក​ជំងឺ​ស្លាប់​ជា​បន្តបន្ទាប់​។

យ៉ាងណាក្ដី​ទាក់ទិន​នឹង​ការលើកឡើង​ពី​កម្សោយ​ភាព​នៃ​វិស័យ​សុខាភិបាល​នេះ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ រិះគន់​ដល់​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភ​បាល​ដូចគ្នា​ដែរ ថា​គ្មាន​សមត្ថភាព​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យបាន​ល្អ​។ រហូតដល់​អ្នក​ខ្លះ​មាន​ការប្រៀបធៀប​លោក​នឹង​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ខណៈ​ដែល​ពេល​កន្លងមក​នេះ​លោក​ស៊ុន ចាន់ថុល បាន​បន្លំ​ខ្លួន​ជិះ​លើ​រថយន្តក្រុង​សាធារណៈ ដើម្បី​ចង់​ដឹង​ពី​ការបើកបរ​ហួស​ល្បឿន​កំណត់​របស់​តៃកុង​ឡាន​។ ក៏​ប៉ុន្តែ​នៅ​ឡើយ​តែ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​តែប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នកជំងឺ​ចូល​ព្យាបាល​តាម​មន្ទីរពេទ្យ​នានា ដើម្បី​ឲ្យដឹង​ពី​វិជ្ជាជីវៈ​គ្រូពេទ្យ​នៅ​ទីនោះ​មាន​លក្ខណៈ​ដូច​ម្ដេច​៕

ព័ត៌មានផ្សេងទៀត