ហ្វេ​សប៊ុក​ជា​ទីលាន​​បង្ហាញ​រូបរាង​ អត្តចរិត ​និង​អារម្មណ៍ ​របស់​យុវជន​ជំនាន់​ថ្មី​​និង​​ជំនាន់​ចាស់​​

ដោយ៖ គួន សំបូរ 28-12-2016 10:56 am 545

​ការប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ពីមួយថ្ងៃ​ទៅមួយថ្ងៃ បាន​ជះឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ​នៅក្នុង​សង្គម​កម្ពុជា​។ ពលរដ្ឋ​កម្ពុជា​ទាំង​យុវវ័យ និង​រួម​ទាំង​មនុស្ស​ចាស់​ផង បាន​យក​បណ្ដាញ​សង្គម​មួយ​នេះ ធ្វើ​ជា​ការ​ឧបករណ៍​កម្សាន្ត​នៅ​ពេល​ដែល​ពួកគេ​អផ្សុក​។ បន្ថែម​ពី​នេះ ហ្វេ​ស​ប៊ុកក៏​ជា​កន្លែង​សម្រាប់​ពួកគេ​បញ្ចេញ​អារម្មណ៍ បញ្ចេញមតិ និង​រិះគន់​លើ​បញ្ហា​អ្វីមួយ​ដែល​គេ​មិន​ពេញចិត្ត​។ ប៉ុន្តែ​យ៉ាងណា​គេ​នៅតែ​មើលឃើញថា ការប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​នៅ​មិនទាន់​ល្អ​នៅឡើយ​។ សូម​ស្តាប់​បទ វិភាគ​ដោយ គួន សំបូរ​៖

សំឡេង៖

​នៅ​កម្ពុជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​មាន​ប្រមាណ​ជាង​៧​លាន​១​សែន​នាក់​។ ចំនួន​នេះ​ស្មើនឹង​ជាង​ពាក់កណ្តាល នៃ​ប្រជាជន​កម្ពុជា​ទាំងមូល​។ នេះ​បើ​យោង​តាម​ស្ថិតិ របស់​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍ ដែល​ចុះផ្សាយ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​។ ប​ច្ច​ប្បន្ន នៅ​កម្ពុជា ការប្រើប្រាស់​បណ្ដាញ​សង្គម គឺជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ និង​ការកម្សាន្ត​។​ទន្ទឹមនឹងនេះ ហ្វេ​ស​ប៊ុកក៏​ក្លាយ​ជា​ទីលានប​ញ្ចេ​ញ​អារម្មណ៍​របស់​យុវវ័យ​មួយចំនួន​ផងដែរ​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើ​យើង​ពិនិត្យ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក គេ​ឃើញ​មាន​សំណេរ​ជាច្រើន​។ សំណេរ​ទាំងអស់នោះ​មាន​ច្រើន​ប្រភេទ​ដូចជា​៖ ការរិះគន់ ការសម្តែង​មតិ ជាពិសេស​នោះ គឺ​ការ​ជេ​រប្រ មាថ​គ្នា លាប​ពណ៌​គ្នា រួម​ទាំង​ការបញ្ចេញ​អារម្មណ៍​អណ្តែតអណ្តូង ស្នេហា និង​ការ​ទួញ​យំ​ថែម​ទៀត​។ សកម្មភាព​ទាំងនេះ វា​ក្លាយជា​ទម្លាប់​របស់​យុវវ័យ​តែងតែ​ប្រព្រឹត្ត​នៅលើ​បណ្ដាញ​មួយ​នេះ​។​

​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន ស្ទើរតែ​ញៀន​នឹង​បណ្ដាញ​សង្គម​មួយ​នេះ បើ​គេ​មិន បាន​លេង ឬ​មិន​បាន​បង្ហោះ​រូប ហាក់​នៅ​មិន​សុខ​នោះឡើយ​។ នៅពេលដែល​ពួកគេ​មាន​អារម្មណ៍​អ្វីមួយ តែងតែ​សរសេរ​ជា​សំណេរ​បង្ហាញ​ពី​អារម្មណ៍​របស់​គេ បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​។ បន្ថែម​ពី​នេះ សំណេរ​សង្គ្រាម​ប៉ាកកា​នានា និង​ពាក្យ​ឌឺដង​ដាក់គ្នា​ក៏​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ រូបភាព​ជា​ច្រើន ត្រូវបាន​គេ​បង្ហោះ បង្ហាញ​ពី​រូបរាង​របស់​គេ ដើម្បី​បង្អួត​ប្រាប់​មិត្តភក្តិ​ក្នុងន័យ​ស្វែងរក​ការគាំទ្រ​ឲ្យបាន​ច្រើន ហើយ​មាន​យុវវ័យ​ខ្លះទៀត​ហ៊ាន​រហូត​ថត​ជា​រូប​អាសអាភាស​បង្ហោះ​ក៏មាន​។​

​ជា​ការពិត​ណាស់ នេះ​មិនមែន​ជា​រឿង​ប្លែក​នោះទេ សម្រាប់​សង្គម​កម្ពុជា​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ដូច្នេះ​ពួកគេ​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការទទួលយក​បណ្ដា​ញ​សង្គម​មួយ​នេះ​។ ការកើនឡើង​នៃ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ក៏​អាច​ជា​ការបញ្ជាក់​ថា កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ចំណេះដឹង​របស់​ប្រជាជន ហើយ​ក៏​បង្ហាញ​ពី​ចរិត និង​គំនិត​ប្រេះឆា​របស់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែរ​។​

​យ៉ាងណាក៏ដោយ ការចំណាយ​ពេលវេលា​ច្រើនពេក​នៅលើ​បណ្តាញ​សង្គម ក៏​ជះឥទ្ធិពល​មិន​ល្អ​ដល់​អ្នកលេង​ផងដែរ​។ ឥទ្ធិពល​មិនល្អ កើតចេញ​តាមរយៈ​ការ​បង្ហោះ​រូប​ផ្សេងៗ​តាម​បណ្តាញ​សង្គម ពីព្រោះ​រូប​ដែល​បង្ហោះ​នោះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវចិត្ត​ដល់​អ្នកប្រើប្រាស់​ដូចគ្នា​។ អ្នកញៀន​នឹង​ហ្វេ​សប៊ុក អាច​នឹង​កើត «​ជំងឺ​ធ្លាក់​ទឹកចិត្ត​» ដោយសារ​តែ​សេចក្តី​ច្រណែន​ដោយ​មិនដឹង​ខ្លួន ចំពោះ​រូប​ដែល​បង្ហាញ​ពី ភាពសប្បាយ​រីករាយ ស្របពេល​ដែល​ខ្លួន មានលទ្ធភាព​មិន​ស្មើ​គេ​។ ម្ប៉ាងទៀត អ្នក​ចូលចិត្ត​បង្ហោះ​រូប​ច្រើនពេក និយាយ​ពាក្យ​ឥត​ប្រយោជន៍​ច្រើន​ពេក បញ្ចេញ​អារម្មណ៍​អណ្តែតអណ្តូង​ច្រើនពេក អាច​ត្រូវបាន​គេ​វាយតម្លៃ​ទាប និង​ចាត់ទុក​ជា​មនុស្ស​អត់​បាន​ការ​ជាដើម​។​

​លទ្ធផល​ទាំង​ល្អ ទាំង​អាក្រក់​នេះ មិនមែន​កើតចេញពី​ហ្វេ​សប៊ុក​នោះទេ គឺ​កើត​ចេញពី​អ្នក​ប្រើប្រាស់​ដោយ​ខ្លួនឯង​។ បើសិន​ជា​ពួកគេ​ប្រើប្រាស់​វា​ដើម្បី​ចែករំលែក ព័ត៌មាន ចំណេះដឹង គំនិតល្អៗ និង​កម្សាន្ត​មាន​ប្រយោជន៍ ដោយ​មាន​ពេល​ពេ​វេលា​ត្រឹមត្រូវ គឺជា​រឿង​ល្អ​ប្រសើរ​សម្រាប់​សង្គម និង​ខ្លួនឯង​ផ្ទាល់​។ ប៉ុន្តែ​បើ​គ្រាន់តែ លេង​ដើម្បី​រិះគន់​ឈ្នានីស ជេរប្រមាថ លាប​ពណ៌​គ្នា បង្ហោះ​រូប​អាសអាភាស និង​រឿង​អត់​ប្រយោជន៍ វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ខ្លួនឯង និង​ត្រូវ​ប្រឈមមុខ​ខ្ពស់​នឹង​ការជាប់​ទោសទណ្ឌ​ថែមទៀត​ផង​។​

​ច្បាស់​ណាស់ ការប្រើប្រាស់​បណ្ដាញ​សង្គម គឺជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ​របស់​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ ក៏​ត្រូវ​គិតគូរ​ដល់​សិទ្ធិសេរីភាព កេរ្តិ៍ឈ្មោះ និង​សេចក្តី​ថ្លែថ្លូ​ររបស់​អ្នកដទៃ​ដែរ​។ ដូច្នេះ​ប្រជាជន​ខ្មែរ​មួយចំនួន ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​ទម្លាប់​អាក្រក់​មួយចំនួន ដែល​ខ្លួន​តែងតែ​ប្រព្រឹត្ត​នៅលើ​បណ្ដាញ​អ៊ី​ន​ធឺ​ណែ​ត​នេះ​៕

(ដោយ គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត