ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

អ្នកវិភាគ​​៖​​អាមេរិក​​ទំនង​រក្សា​បំណុល​​ដែល​កម្ពុជា​ជំពាក់​​ដើម្បី​​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​

27-12-2016 4:04 pm
 ចំនួនទស្សនា 884

​ការស្នើ​របស់​លោក​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ទៅកាន់​ប្រធានាធិបតី​អាមេរិក​ថ្មី ឲ្យ​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់ កាលពី​សម័យ​សាធារណៈរដ្ឋ ត្រូវបាន​អ្នកវិភាគ​គាំទ្រ​។ ប៉ុន្តែ​យ៉ាងណា លោក​ចាន់ វិបុល​មិន​មាន​ជំនឿ​ថា អាមេរិក​លុប​បំណុល​នោះ​ចោល​ដោយ​ងាយៗ​ទេ​។ 

លោក​ចាន់ វិបុល​អ្នកវិភាគ បានលើកឡើង​ចំណុច​សំខាន់​ចំនួន​ពីរ ដែលជា​មូលហេតុ គឺ​ទីមួយ​គោល​នយោបាយ​ចំនួន​១២​ចំណុច​របស់​លោក​ដូណាល់ ត្រាំ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត មិន​បាន​ដាក់បញ្ចូល សុខទុក្ខ​របស់​បរទេស​ជា​គោលដៅ​អទិភាព​ទេ​។ ចំណុច​ទី​ពីរ អាមេរិក​ទំនង​ចង់​រក្សា​បំណុល​នេះ ដើម្បី​ជា​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិមនុស្ស គោរព​នីតិរដ្ឋ​ក្នុង​ប្រទេស​ឲ្យបាន​ពេញលេញ​…………

​សំឡេង​លោក​ចាន់ វិបុល​៖

​ការទាមទារ​ឲ្យ​អាមេរិក​លុបចោល​បំណុល​ជា​ថ្មី​នេះ ត្រូវបាន​រម្លឹក​ឡើងវិញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន​នៅ​ក្នុង​ឱកាស​ថ្លែង​បើក​កម្មវិធី​បុណ្យ​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​២៤​ខែ​ធ្នូ​។ នៅក្នុង​ឱកាស​នោះ ក្រៅតែពី​ចាត់ទុក​អាមេរិក គឺជា​អ្នក​ជំរុញ​ឲ្យមាន​រដ្ឋប្រហា​រ​ទម្លាក់​ស​ម្តេច​នរោត្តម សីហនុ ដែល​ធ្វើឲ្យ​កើត​មាន​សង្គ្រាម និង​របប​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា  លោក​ហ៊ុន សែន​ក៏​បាន​ស្នើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​របស់​អាមេរិក ពិចារណា​លើ​ការ​លុប​បំណុល ដែល​កម្ពុជា​បាន​ជំពាក់ កាលពី​សម័យ​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ​លន់ នល់​………

 សំឡេង​លោក​ហ៊ុន សែន​៖

​លោក​ចាន់ វិបុល​បាន​គាំទ្រ​ការលើកឡើង​របស់​លោក​ហ៊ុន សែន​និង​បាន​ហៅ​ការស្នើ​នោះ ថា​ជា​សំណើ​ស្របច្បាប់ និង​ត្រឹមត្រូវ ពី​ព្រោះ​លុយ​រាប់សែន​ដុល្លារ​នោះ មិន​បាន​យកមក​ប្រើប្រាស់​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ទេ ប៉ុន្តែ​ជា​លុយ​ដែល​កម្ពុជា​ខ្ចី​យក​ទិញ​សព្វាវុធ​មក​ធ្វើ​សង្គ្រាម​។ លោក​ចាន់ វិបុល​អះអាងថា តាម​គោលការណ៍​ច្បាប់ អាមេរិក​ត្រូវតែ​ទូទាត់​សំណង ដែល​បាន​ទម្លាក់​គ្រាប់បែក លើ​កម្ពុជា បើទោះបី​ការទម្លាក់​គ្រាប់​នោះ ស្ថិត​ក្រោម​ហេតុផល​កម្ទេច​ពួក​វៀត​មិញ​ក្នុង​របប​នោះ​ក៏ដោយ​។​

​លោក​ចាន់ វិបុល​បាន​លើកឡើង​ជា​អនុសាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា បើទោះបី​សុខទុក្ខ​របស់​បរទេស​មិនមែន​ជា​ចំណុច​អទិភាព របស់​លោក​ត្រាំ​ក៏ដោយ ប៉ុន្តែ​អាមេរិក​ជា​ប្រទេស​មួយ​ដែល​ស្រេកឃ្លាន ងារ​បិតា​ប្រជាធិបតេយ្យ​នៅក្នុង​ពិភពលោក ដូច្នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ការអនុវត្ត​នីតិរដ្ឋ ការគោរព​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឲ្យបាន​ពេញលេញ អាមេរិក​អាច​នឹង​ពិចារណា​កាត់​បំណុល​ដែល​កម្ពុជា​ជំពាក់ ………

​សំឡេង​លោក​ចាន់ វិបុល​​៖

​គេ​នៅ​ចាំបាន​ថា មន្ត្រី​ស្ថានទូត​អាមេរិក​ធ្លាប់បាន​អះអាងថា ក្រោម​ច្បាប់​អន្តរជាតិ គ្រប់​រដ្ឋាភិបាល​ទាំងអស់​ជាទូទៅ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​កាតព្វកិច្ច​ទាំងឡាយ របស់​មេដឹកនាំ​ជំនាន់​មុន​របស់​ខ្លួន​។ ជា​ការកត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សុំឲ្យ​សហរដ្ឋអាមេរិក​លុបចោ​ល​បំណុល ព្រោះ​នៅក្នុង​អាណត្តិ​លោក​បា​រ៉ាក់ អូ​បា​ម៉ា កម្ពុជា​ក៏​បាន​ទទូច​សុំ​រក​ដំណោះស្រាយ​ជា​ច្រើនលើក​ច្រើនសារ ដើម្បី​ដោះខ្លួន​ចេញពី​បំណុល​ដែល​លោក​ហ៊ុន សែន​ហៅថា ជា​បំណុល​កខ្វក់​នេះដែរ​។​

គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​អាមេរិក​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ដែល​របប​សាធារណៈរដ្ឋ​ខ្មែរ​របស់​លោក​លន់ នល់ បាន​ខ្ចី​ដើម្បី​ទិញ​សព្វាវុធ​មក​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​ខ្មែរក្រហម (​ចំនួន​ទឹកប្រាក់​បំណុល​នេះ មិនទាន់​រាប់​បញ្ចូល​ទាំង​ការប្រាក់​គិត​មកដល់​ពេល​បច្ចុប្បន្ន​នោះ​ទេ​)​។ រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ​លន់ នល់ ត្រូវ​បាន​ទម្លាក់​នៅក្នុង​ឆ្នាំ​១៩៧៥ ដោយ​របប​វាលពិឃាដ​ខ្មែរក្រហម ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១,៧​លាន​នាក់ ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​៕


ព័ត៌មានផ្សេងទៀត

 
x