នាទីសំខាន់ៗ  |  វប្បធម៌ និង ប្រវត្តិសាស្រ្ត

«​ប្រាសាទ​បឹងមាលា​» ឬ ​«​ប្រាសាទបេង​មាលា​» ​ហៅ​បែបណា​ទើប​ត្រឹមត្រូវ​?​

23-12-2016 1:11 pm
 ចំនួនទស្សនា 2306
ផ្នែកមួយនៃប្រាសាទ
 Share

​កន្លងមក​តែងតែ​មាន​ភាពស្រពិចស្រពិល មិន​ច្បាស់លាស់​លើ​ការហៅ​ឈ្មោះ​ប្រាសាទបុរាណ​មួយ ស្ថិត​ក្នុង​ទឹកដី​ខេត្តសៀមរាប នោះ​គឺ​ប្រាសាទបេង​មាលា​។ ប្រាសាទ​នេះ តែង​មាន​ការ​ហៅ​ឈ្មោះ​ខុសគ្នា អ្នកខ្លះ​ហៅ​ថា «​បឹងមាលា​» អ្នកខ្លះ​ទៀត​ក៏​ហៅថា «​បេង​មាលា​»​។ តើ​ឈ្មោះ​ទាំង​២​នេះ មួយ​ណា​ដែល​ត្រឹមត្រូវ​? ដើម្បី​ជ្រាប​ច្បាស់ ជា​បន្ត​សូម​ស្ដាប់ ចេ​ន សុជាតា ដូចតទៅ​៖

ស្ដាប់ជាសំឡេង៖

​ប្រាសាទបេង​មាលា​បាន​កសាង​ឡើង​នៅ​សតវត្សរ៍​ទី​១២ តាម​រចនាប័ទ្ម​អង្គរវត្ត សង់​លើ​ផៃ្ទដី​រាបស្មើ​ទំហំ​១៤​ហិកតា ដែល​មាន​កំពែង​៣​ជាន់​។ ប្រាសាទបេង​មាលា​ត្រូវបាន​សាងសង់​ឡើង ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះអាទិទេព​ក្នុង​ព្រហ្មញ្ញសាសនា និកាយ​វិស្ណុ​និយម​។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មា​លា ឃុំ​បេង​មា​លា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នា​ទិសអាគ្នេយ៍​នៃ​ភ្នំ​គូ​លេន មាន​ចម្ងាយ​៧៧​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។

ទាក់ទង​នឹង​ឈ្មោះ​ប្រាសាទ​នេះ​វិញ អ្នកខ្លះ​ហៅ​ថា «​ប្រាសាទ​បឹងមាលា​» ឯ​ខ្លះ​ទៀត​ហៅថា «​ប្រាសាទបេង​មាលា​»​។ យើង​មិន​មាន​ភស្តុតាង​ដាច់​ណាត់​កំណត់ថា​ឈ្មោះ​ប្រាសាទ​នេះ​ថា​អ្វី​ឱ្យ​ប្រាកដ​នៅ​ទ្បើយ ដ្បិត​ឈ្មោះ​ដែល​ហៅ​មកនេះ មិនមែន​ជា​ឈ្មោះ​ដើម​របស់​ប្រាសាទ​នេះ​ទេ គឺ​គ្រាន់តែ​ជា​ឈ្មោះ​ដែល​អ្នកស្រុក​ហៅ​តាម​មាត់​បន្ត​គ្នា​នា​សម័យ​ក្រោយៗ​មក ដោយ​គ្មាន​សំណេរ​កត់ត្រា​ជា​ភាសាជាតិ​ថា​ដូចម្តេច​ឡើយ​។

អ្នក​ស្រាវជ្រាវ​ជាតិ​បារាំង Louis Delaporte មក​ដល់​ប្រាសាទ​នេះ​នៅ​ឆ្នាំ​១៨៨០ ក៏​បាន​ហៅ​ប្រាសាទ​នេះ​ថា «​បឹងមាលា​» ដោយ​មាន​ពន្យល់​ពាក្យ​ហៅថា «​បឹង​ផ្កាឈូក​»​។ ការពន្យល់​នេះ​ក៏​ពិបាក​យក​ជា​ការណ៍​ដែរ​។

លោក អ៊ឹម សុខ​រិទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញថា បើ​យើង​អាន​កំណាព្យ «​និរាស​នគរវត្ត​» របស់​កវី​ឧកញ៉ា​សុត្តន្ត​ប្រីជា ឥ​ន្ទ នៅ​ដើម​សតវត្ស​ទី​២០ លោក​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ថា «​បេង​មាលា​»​។ ការហៅ​ដូច្នេះ​អាច​ឲ្យ​យើង​រក​មូលហេតុ​មក​ពន្យល់​បាន​ខ្លះ​។ កាលពី​ជិត​១០​មុន មាន​វត្ត​បុរាណ​មួយ​សាង​ក្នុង​បរិវេណ​ប្រាសាទ​មានឈ្មោះ​ពេញ​ថា «​វត្ត​ព្រះ​កេតុ​មាលា​»​។ វត្ត​នេះ​បាន​រើ​ចេញ​មក​សាង​ជា​ថ្មី​នៅ​ខាងលិច ខាងក្រៅ​បរិវេណ​ប្រាសាទ​វិញ​។ អ្នកស្រុក​ហៅ​វត្ត​នោះ​ខ្លី​ថា «​វត្ត​មាលា​»​។ បើ​មើល​តាម​កំណត់​ត្រា​របស់​អ្នកស្រាវជ្រាវ​បារាំង​នៅ​ដើម​សតវត្ស​ទី​២០ វត្ត​នេះ​មាន​ក្នុង​បរិវេណ​ប្រាសាទ​យូរហើយ​។ បើ​មើល​ភស្តុតាង​បុរាណវិទ្យា​វិញ ក៏​ឃើញ​មាន​ខឿន​ឱ​បោស​ថា​គារ​និង​សីមា​ភ្លោះ ដែល​ជា​សំណង់​ព្រះពុទ្ធសាសនា​នៅ​សម័យ​កណ្តាល​។ ដោយ​មិន​ដឹង​ប្រាសាទ​មានឈ្មោះ​ដើម​ថា​អ្វី​នោះ ប្រជាជន​ក៏​មាន​ទំនោរ​ហៅ​ប្រាសាទ​តាម​ឈ្មោះ​វត្ត​នេះ​ថា «​មា​លា​» តៗ​គ្នា​មក​រៀងមក​។​

ករណី​នេះ​មិន​ចម្លែក​ទេ ពីព្រោះ​យើង​ធ្លាប់​ឮ​ហៅ​ឈ្មោះ​ប្រាសាទ​តាម​វត្ត​ច្រើន​មកហើយ ដូចជា​ប្រាសាទ​វត្ត​ត្រាច ប្រាសាទ​ធ្នង់ ប្រាសាទ​ទេព​ប្រណម ប្រាសាទ​ខ្នាត ។​ល​។ ដូច្នេះ «​មា​លា​» មិន​មានន័យ​ទាក់ទង​នឹង «​ផ្កា​» អ្វី​ទេ ប៉ុន្តែ​ជា​ការទាក់ទង​នឹង​ព្រះនាម​របស់​ព្រះមហាក្សត្រ​មួយ​អង្គ​តាម​លំនាំ​រឿងព្រេង «​ព្រះ​កេតុមាលា​» ដែល​ជា​រឿងដំណាល​អំពី​កំណើត​នៃ​ប្រាសាទ​នេះ​។

ហេតុ​ដូច​ម្តេច​បាន​មានភ្ជាប់​នឹង​ពាក្យ​«​បេង​» ទៅវិញ​?

លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​បន្ថែម​ថា មាន​ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​រាជធានី​អង្គរ​មក​កាន់​តំបន់​ខាងកើត ចេញ​អំពី​ខ្សែ​ត្រង់​នៃ​ភ្នំ​បាខែង កាត់​តាម​ប្រាសាទបាទជុំ ចៅស្រី​វិបុល បន្ទាយ​អំពិល និង​កាត់​តាម​ខាងត្បូង​ប្រាសាទ​មាលា​នេះ រួច​ឆ្ពោះទៅ​ប្រាសាទ​បាកាន ហៅ​ព្រះខ័ន​នៅ​កំពង់​ស្វាយ​។ ផ្លូវ​នេះ​អ្នកស្រុក​អង្គរ គី​រី​មានន្ទ វត្ត​ត្រាច និង​តំបន់​ជុំវិញ​ប្រាសាទ​នេះ​ហៅ​ឈ្មោះថា «​ផ្លូវ​បេង​»​ ហេតុដូច្នេះ វា​ទំនង​ថា​ការហៅ​ឈ្មោះ​ប្រាសាទ​ភ្ជាប់​ទៅនឹង​ផ្លូវ ដែល​ជា​ការចង់​បង្ហាញ​ថា​ប្រាសាទ​មាលា នៅតាម​បណ្តោយ​ផ្លូវ​បេង​នោះឯង​។​

​ទោះជា​យ៉ាងណាក៏ដោយ យើង​មាន​ភស្តុតាង​ឈ្មោះ​ជា​ភាសាជាតិ ដែល​យ៉ាងហោចណាស់​មាន​គេ​ដឹងឮ​តាំងតែ​ពី​ដើម​សតវត្ស​ទី​២០​មកម្ល៉េះ ដែល​យើង​គួរតែ​ប្រកាន់​យក​តាម​តទៅ​។​
​ប្រាសាទបេង​មាលា​ស្ថាបនា​ឡើង​អំពី​ថ្មភក់​និង​ថ្មបាយក្រៀម មាន​ទ្រង់ទ្រាយ​ប្រហាក់ប្រហែល​នឹង​ប្រាសាទអង្គរវត្ត ដែល​អ្នកស្រាវជ្រាវ​មួយចំនួន​យល់ថា ប្រាសាទបេង​មាលា​ជា​គំរូ​សម្រាប់​បុព្វបុរស​ខ្មែរ​កសាង​អង្គរវត្ត​។ ប្រាសាទបេង​មាលា មាន​គូ​ទឹក​ព័ទ្ធជុំវិញ​មាន​បណ្តោយ​ប្រវែង​១២០០​ម៉ែត្រ ទទឹង​៩០០​ម៉ែត្រ ដែល​ជា​តំណាង​មហាសមុទ្រ​ព័ទ្ធជុំវិញ​ចក្រវាល​។

ប៉ុន្តែ​តាម​ការស្រាវជ្រាវ​ថ្មីៗ​ដោយ​ផ្អែក​លើ​ភស្តុតាង​នៃ​ការសិក្សា​លើ​វិស័យ​បដិមា​សាស្ត្រ​នៃ​ប្រវត្តិ​សិល្បៈ សំណង់​ស្ថាបត្យកម្ម ព្រម​ទាំង​សំណង់​ប្រាសាទ​នៅ​ផ្នែក​ខាងកើត នាំ​ឱ្យ​អ្នក​ស្រាវជ្រាវ​យល់ថា ប្រាសាទ​នេះ​ទំនង​ជា​ស្ថាប​នា​ក្រោយ​អង្គរវត្ត នា​ភាគ​ខាងចុង​នៃ​សតវត្ស​ទី​១២ ពោល​គឺ​សាង​ទ្បើង​នៅ​ចន្លោះ​សម័យ​សាង​អង្គរវត្ត និង​មុន​សម័យ​សាង​បាយ័ន​។​

ប្រាសាទបេង​មាលា​មាន​ហោត្រ័យ​ចំនួន​៤ ធំ​២​នៅ​ខាងក្រៅ តូច​២​នៅ​ខាងក្នុង ហើយ​មាន​ផ្តែរ​ចំនួន​១៨០​ដែល​លម្អ​ដោយ​ភ្ញីផ្កា និង​រំលេច​ដោយ​តួអង្គ​មនុស្ស អាទិទេព រា​ហូ​។​ល​។ ទាក់ទង​នឹង​រឿង​ទេវ​កថា​ជាច្រើន​ដូចជា កូរ​សមុទ្រ​ទឹកដោះ រាម​កេរ្តិ៍ មហា​ភារត​ជាដើម​។ ប៉ុន្តែ​ប្រាសាទ​នេះ​មិន​មាន​សិលាចារឹក​ទេ​។ នៅ​ឆ្នាំ​១៩៣៣ លោក ហ្ស៊​ក សឺ​ដេស បាន​ស្រាវជ្រាវ​ឃើញ​ប្រអប់​ថ្ម​រាង​បួន​ជ្រុង​ទ្រ​វែង ស្ថិត​ក្បែរ​ហោត្រ័យ​ធំ​នា​ទិស​ឦសាន ហើយ​បាន​សន្និដ្ឋានថា​ជា​មឈូស​តម្កល់សព​។ លុះ​ឆ្នាំ​ក្រោយៗ​មកទៀត លោក​បណ្ឌិត មី​សែ​ល​ត្រា​ណេ បាន​សន្និដ្ឋាន​ត​ពី​លោក ហ្ស៊​ក សឺ​ដេស ថា មឈូស​នោះ​ជា​កន្លែង​តម្កល់​សព​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២​។ ចំណែក​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន មាន​យោបល់​មិន​ស្រប​នឹង​លោក​បណ្ឌិត​ទាំង​ពីរ​ទេ​។ បើ​តាម​ការសិក្សា​កន្លង​មក ប្រអប់​ថ្ម​របៀបនេះ គេ​ប្រទះឃើញ​ច្រើន ដែល​ទំនងជា​មាន​ការពាក់ព័ន្ធ​នឹង​ការតម្កល់​សាកសព​ដែរ ប៉ុន្តែ​មិន​ច្បាស់​ថា​តម្កល់​សាកសព​បុគ្គល​ណា​ម្នាក់​ទ្បើយ​។ បន្ថែម​ពី​នោះ នៅ​ជុំវិញ​ប្រាសាទបេង​មាលា​ក៏​មាន​ប្រាសាទ​ជាច្រើន​ដូចជា នៅ​ខាងលិច​មាន​ប្រាសាទ​ដូន​ចាន់ ប្រាសាទ​កោះ​ចិន ហើយ​ខាងកើត​មាន​ប្រាសាទគងភ្លុក និង​ប្រាសាទជ្រៃ​។ ចំណែក​ខាងកើត​ប្រាសាទធំ​មាន​សំណង់​រក្សា​ទឹកធំ​មួយ មាន​គ្រឹះ​ប្រាសាទ​នៅ​កណ្តាល ដែល​អ្នកស្រុក​ហៅថា វាល​នទី​ឬ​វាល​មន្ទីរ ឬ​រហាល​។​

កន្លង​មក​ប្រាសាទ​នេះ​បាន​ទទួលរង​នូវ​ការខូចខាត​ជាច្រើន​កន្លែង តែ​បច្ចុបន្ន​ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​អភិរក្ស​និង​រៀបចំ​ឡើងវិញ​នូវ​គំនរ​ថ្ម​ឱ្យមាន​សណ្តាប់ធ្នាប់ រៀបចំ​ផ្លូវ​ដើរ និង​សង់​ស្ពានឈើ សម្រាប់​ទេសចរ​ងាយស្រួល​ក្នុងការ​ទស្សនា​ទស្សនីយភាព​ផ្សេងៗ​នៃ​ប្រាសាទ​ទាំងមូល​។ ក្រៅពីនោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន យកចិត្តទុកដាក់​រៀប​ចំ​ទេសភាព​នៃ​ប្រាសាទ​ឱ្យមាន​ភាព​ស្រស់ស្អាត​ឡើង​វិញ​ផងដែរ ដោយមាន​ក្រុម​ការងារ​បាន​កាត់​សម្អាត​មែកឈើ ដកស្មៅ​ជាប្រចាំ​ជា​ពិសេស​បាន​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​ជា​របាំង​ការពារ​និង​ជា​សោភណភាព​សម្រាប់​ប្រាង្គ​ប្រាសាទ​ទៀតផង​។ បច្ចុប្បន្ន​ប្រាសាទបេង​មា​លា ក៏​ទទួលបាន​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ស្រាវជ្រាវ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​សិក្សា​និង​ទស្សនា​ឈ្វេងយល់​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់ បើ​ទោះ​ជា​តំបន់​នេះ​នៅ​ឆ្ងាយ​ពី​តំបន់​ឧទ្យាន​អង្គរ​ដែល​បេតិកភណ្ឌ​នៃ​ពិភពលោក​ដ៏​ល្បីល្បាញ​ក៏ដោយ​៕ (​ប្រភព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​)

ព័ត៌មានផ្សេងទៀត

 
x