ព័ត៌មានជាតិ  |  សង្គម

ក្រុម​សង្គម​ស៊ីវិល​​ទទូច​ឱ្យ​ដោះ​លែង​​មន្ត្រី​៥​នាក់​​តាម​អនុសាសន៍​​អង្គការ​សហ​ប្រជាជាតិ​​

19-12-2016 3:07 pm
 ចំនួនទស្សនា 1509

​អង្គការ​FIDH អង្គការ​OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​​ថ្ងៃ​​ទី​១៨ ខែ​ធ្នូ ដោយ​សម្ដែង​ការស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំឃាំង​ដោយ​ឥត​ច្បាប់​(WGAD)​។

​ការគាំទ្រ​នេះ ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ WGAD​បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​លោក​នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​) និង​លោក​​នី សុខា លោក​យី សុខសាន្ត លោក​ណៃ វ៉ង់​ដា និង​លោកស្រី​លឹម មុនី ជា​មន្ត្រី​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​អាដហុក​) គឺ “​មិន​ត្រឹមត្រូវ​”​។

​ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដីសម្រេច​នេះ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ជា​បន្ទាន់ ហើយ​សូម​ទម្លាក់ចោល​បទ​ចោទ​ទាំងអស់​លើ​អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា “​ការដកហូត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​៥​នាក់ គឺជា​ការរំលោភ​បំពាន​ទៅលើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​”​។

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ដែល​មកទល់ពេលនេះ​មាន​រយៈពេល​២៣៤​ថ្ងៃ​ហើយ ចាប់​តាំងពី​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត

 
x