អស់រយៈកាលជាច្រើនពាន់ឆ្នាំមកហើយ ដែលសង្គមខ្មែរមានសេចក្ដីត្រូវការខាងផ្នែកសេវាសម្រាលកូន ដែលជាចំណេះជំនាញមួយបែប ខុសប្លែកពីសត្វ ដែលកើតកូនតាមលក្ខណៈធម្មជាតិ។ ដោយហេតុថាគ្មានក្បួនវេជ្ជសាស្ត្រទំនើប នៅតាមទីជនបទស្រុកស្រែចម្ការ ឬតំបន់ដែលឆ្ងាយៗ ពីប្រជុំជន នៅពេលស្ត្រីឈឺពោះឆ្លងទន្លេ ជាចាំបាច់គេត្រូវពឹងពាក់លើឆ្មប (ឬអាចហៅថា យាយម៉ប) ដើម្បីជួយបង្កើតកូន។ និយាយដល់ចំណុចនេះ តើយើងបានដឹងទេថា «ឆ្មប» មានប្រភពមកពីណា? តើគាត់ទទួលបានការបណ្ដុះបណ្ដាលយ៉ាងដូចម្ដេចទើបក្លាយទៅជាឆ្មប?
ស្ដាប់ជាសំឡេង៖
«ឆ្មប ឬយាយម៉ប» (ដូនម៉ប) គឺជាស្ត្រីដែលមានចំណេះជំនាញខាងផ្នែកសម្រាកកូន។ មិនត្រឹមតែប៉ុណ្ណោះ «យាយម៉ប» ក៏ជាអ្នកផ្ដល់ដំបូន្មានដល់ស្ត្រីដែលមានផ្ទៃពោះក្នុងការថែរក្សាគភ៌ ប្រាប់ដល់ស្ត្រីឲ្យរកថ្នាំឫសឈើ ឫសព្រៃមកដាំផឹក ដើម្បីឲ្យសុខភាពកូនក្នុងផ្ទៃល្អ និងជួយការពារកូនកុំឲ្យថ្លោសពេកជាពិសេសសម្រាប់ស្ត្រីដែលទើបមានកូនដំបូងដើម្បីកុំឲ្យពិបាកកើត។ គេមិនបានដឹងថា «ឆ្មប» មាន កំណើតតាំងពីពេលណាមកទេ ប៉ុន្តែបើតាមកម្រងឯកសារស្ដីពី ប្រពៃណី និងទំនៀមទំលាប់ខ្មែរ បានបង្ហាញថា ជនជាតិខ្មែរតាំងពីសម័យនគរភ្នំ តរៀងមក គិតទាំងស្ដេច នាម៉ឺនធំៗ សេនាបតី សេដ្ឋី ប្រជារាស្ត្រសាមញ្ញធម្មតា សុទ្ធតែត្រូវបានប្រសូត ឬបង្កើតដោយឆ្មបបុរាណទាំងអស់។ ទំនៀមនេះបានក្លាយជាប្រពៃណីរបស់ខ្មែរទៅហើយ ដែលមកទល់ពេលនេះបើទោះបីជាមានវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក្ដី ក៏ប៉ុន្តែនៅតាមតំបន់ដាច់ស្រយាលឆ្ងាយៗពីទីប្រជុំជន គឺឃើញនៅតែមានវត្តមានយាយម៉ប ជួយសម្រាលកូននៅឡើយ។
តួនាទី «ឆ្មប» ពុំមែនជាមុខរបរសួរពូជបន្តគ្នាពីម្ដាយទៅកូនឡើយ គេអាចនិយាយបានថា ម្ដាយជាឆ្មប ក៏ប៉ុន្តែកូនរបស់គាត់មិនចេះវិជ្ជាឆ្មបក៏មាន។ ការបណ្ដុះបណ្ដាលឆ្មប នៅតាមជនបទគឺគេធ្វើឡើងតាមរយៈការពិនិត្យមើលលើនិស្ស័យ។ បើយាយម៉បសម្គាល់ស្ត្រីណាមានអត្តចរិត ឬមានលក្ខណៈសម្បត្តិអាចធ្វើឆ្មបបាន ឬអាចបន្តតំណែងពីគាត់បាន គាត់តែហៅស្ត្រីនោះឲ្យចូលរួមក្នុងការបង្កើតកូនជាមួយគាត់ ក្នុងនាមជាជំនួយការ ឬជាឆ្មបកម្មសិក្សាការី។ នៅពេលដែលចេះចាំស្ទាត់គ្រប់សព្វភារកិច្ចអស់ហើយ ឆ្មបថ្មីអាចស្នងតំណែងពីឆ្មបចាស់បានហើយ ពោលគឺអាចជួយដើរតួនាទីជំនួសឆ្មបចាស់បានតែម្ដង។
ងាយមកនិយាយពីលក្ខណៈសម្បត្តិរបស់ឆ្មបបន្តិច។ ស្ត្រីដែលមានតួនាទីធ្វើជាឆ្មបត្រូវមានលក្ខណៈសម្បត្តិ និងសីលធម៌មួយចំនួនដូចជា៖
- មានបេះដូងបើកទូលាយ មានអធ្យាស្រ័យល្អ មានមនោសញ្ចេតនាអាណិតអាសូរស្ត្រីដូចគ្នា ហើយត្រៀមខ្លួនបម្រើគ្រប់ពេលវេលា គ្រប់កាលៈទេសៈ មិនប្រកាន់ថាយប់ ថ្ងៃ ជិតឆ្ងាយ ភ្លៀងព្យុះ...នោះឡើយ។
- គ្មានចិត្តលោភលន់ មានអត្តចរិតស្លូតបូត សុភាពរាបសារ មិនប្រកាន់ច្រើន មិនឆ្មើងកន្ទ្រើង មិនខ្ពើមរអើមឈាម...
- ជាមនុស្សមានចិត្តធម៌ និងមានឫកពារថ្លៃថ្នូរ គួរជាទីគោរពស្រលាញ់ពីសំណាក់អ្នកផងទាំងពួង...។
កាលណាស្ត្រីមានផ្ទៃពោះឈានដល់ដំណាក់កាលគ្រប់ខែហើយនោះ បុរសជាប្ដីតែងស្វះស្វែងរកសម្ភារៈបម្រុងទុកជាស្រេច ដូចជា៖ ឧសសម្រាប់អាំងឆ្អើរកម្ដៅភរិយាដែលទើបសម្រាកកូនរួច ចន្លុះសម្រាប់បំភ្លឺនៅពេលយប់ កន្ទេលសម្រាប់បិទបាំងពេលសម្រាល ឬឆ្នាំងធំសម្រាប់ដាំទឹកជាដើម...។ នៅពេលដែលដល់ថ្ងៃឈឺពោះជិតសម្រាលហើយនោះ បុរសជាប្ដីមុខជាម្នីម្នារត់អ្នកភូមិមកជួយ និងរត់ទៅរកយាយម៉បមកជួយសម្រាលកូនខ្លួនជាក់ជាមិនខាន។ ក្នុងកាលៈទេសៈបែបនេះ គេបានប្រៀបទៅនឹងវេលាដែល «ទូកតូចមួយអុំឆ្លងទន្លេមានរលកធំៗ បោកបក់យ៉ាងខ្លាំង ដែលអាចប្រឈមនឹងគ្រោះថ្នាក់លិចលង់គ្រប់ពេល»។
ងាកមកនិយាយពីសកម្មភាព ឬដំណើរការរបស់យាយម៉បកាលពីជំនាន់ដើមបន្តិច នៅពេលដែលស្ត្រីកំពុងឈឺពោះសម្រាលកូន យាយម៉បបានឲ្យស្ត្រីឆ្លងទន្លេនោះបញ្ឈរជង្គង់ ហើយខំប្រឹងតាមចង្វាក់ដង្ហើមដែលយាយម៉បគាត់បញ្ជា។ លុះកូនបានចាកផុតពីឧទរម្ដាយហើយ យាយម៉បក៏យកអំបោះមកចងទងផ្ចិតទារក នឹងបានកាត់ចេញពីទងសុករបស់ម្ដាយ។ ក្រោយមកយាមម៉បបានយកទារកមផ្ងូតទឹក និងយកកំណាត់មករុំទារក បន្ទាប់មកក៏យកទារកមកផ្អិបនឹងទ្រូងរបស់ម្ដាយដើម្បីទទួលបានភាពកក់ក្ដៅរវាងម្ដាយកូន។ ក្រោយមកទៀត យាយម៉បក៏យកទារកចេញពីម្ដាយ ដើម្បីកុំឲ្យទារកត្រូវកម្ដៅភ្លើងពីម្ដាយ ដែលគេដុតរោលឲ្យឆ្អិនសរសៃខ្ចី។ ជាការគួរកត់សម្គាល់ យាយម៉បធ្វើការងារនេះយ៉ាងស្និទដៃបំផុត ឥតមានខ្ពើមរអើមអ្វីទាំងអស់។ ត្រង់ចំណុចនេះហើយ ដែលគេចាត់ទុកថា យាយម៉ប គឺជាអ្នកមានគុណសម្រាប់គ្រួសារពួកគេ និងទទួលបានការគោរពស្រលាញ់ពេញទាំងភូមិស្រុក។ ក្រោយពីការសម្រាលកូនបានចប់សព្វគ្រប់អស់ហើយ យាយម៉បក៏បានផ្ដល់ដំបូន្មានដល់ស្ត្រីជាម្ដាយ និងបុរសជាប្ដី ពីរបៀបថែទាំភរិយា និងទារក រួចគេក៏ជូនយាយម៉បត្រឡប់ទៅផ្ទះវិញ។
លុះដល់វេលាអាំងភ្លើងចំនួន៧ថ្ងៃ ឬបីថ្ងៃ បានចប់សព្វគ្រប់តាមឆ្មមកំណត់ហើយនោះ នៅថ្ងៃចុងក្រោយនៃការអាំងភ្លើង បុរសជាប្ដីក៏បានទៅអញ្ជើញឆ្មបមកម្ដងទៀត ដើម្បីរៀបចំពិធីបង្កក់ឆ្មប ក្នុងន័យគោរពដឹងគុណឆ្មបដែលជួយសង្គ្រោះជីវិតប្រពន្ធ និងកូនរបស់គេ។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញអាចារ្យមករៀបចំពិធីសែនព្រេន ប្រកាសដល់ព្រលឹងជីដូន ជីតា អ្នកតាចាស់ស្រុក និងញាតិការទាំងប្រាំពីរសណ្ដាន ឲ្យដឹងលឺ និងទទួលស្គាល់ថាគ្រួសារនេះ បានបន្ថែមសមាជិកថ្មីម្នាក់ទៀតហើយ ព្រមទាំងសុំពរពីព្រលឹងដូនតាឲ្យជួយថែរក្សាក្មេងនោះឲ្យបានធំធាត់ កុំឲ្យមានជំងឺតម្កាត់អ្វីមកបៀតបៀន។
សរុបមកវិញ ការលើកយកប្រវត្តិ និងសកម្មភាពខ្លះៗរបស់ឆ្មបបុរាណមកបង្ហាញនៅពេលនេះ ដោយចង់បង្ហាញថា នេះជាប្រពៃណីទំនៀមទំលាប់ខ្មែរមួយដែលប្រជាជនបានអនុវត្តតៗគ្នាតាំងពីបុរាណមក រហូតដល់បច្ចុប្បន្ននេះតំបន់ខ្លះក៏នៅមានការអនុវត្តដែរ បើទោះបីជាមានបច្ចេកវិទ្យាទំនើបគ្រប់គ្រាន់ក៏ដោយ។ មួយវិញទៀតក៏ចង់បង្ហាញឲ្យកូនខ្មែរបច្ចុប្បន្ន និងអ្នកសិក្សាស្រាវជ្រាវមួយចំនួន បានដឹងពីចំណេះជំនាញរបស់ខ្មែរបុរាណក្នុងការសម្រាលកូន ដែលមិនទាន់មានការវិវត្តតាមចរន្តទំនើបនិយមដែលមានលក្ខណៈវិទ្យាសាស្ត្រតាមបែបលោកខាងលិច៕