នាទីសំខាន់ៗ  |  វប្បធម៌ និង ប្រវត្តិសាស្រ្ត

ប្រវត្តិ ​និង​ជំនឿ​​របស់​ជនជាតិ​​ខ្មែរ​ទាក់​ទង​នឹង​ខ្លែង​​

09-12-2016 5:51 pm
 ចំនួនទស្សនា 1365

​ខ្លែង គឺជា​វត្ថុ​លេង​ម្យ៉ាង​ដែល​អាច​ហោះ​បាន​ដោយសារ​កម្លាំង​ខ្យល់​ទាញ​យឹត​តាមរយៈ​ខ្សែ​ដែល​គេ​ចង់​ភ្ជាប់​នឹង​តួ​របស់​វា​។ ក្រៅ​ពី​ត្រូវបាន​ប្រើ​សម្រាប់​លេង​កម្សាន្ត វា​ក៏​ជា​សិល្បៈ​មួយ​ប្រភេទ​ក្នុង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ​ផង​ដែរ​។ ភាគច្រើន​គេ​តែង​បង្ហើរខ្លែង​លេង​កម្សាន្ត​ក្នុង​រដូវ​លំ​ហើយ ចាប់ផ្ដើម​រាប់​ពី​ថ្ងៃ​ពាក់កណ្ដាល​ខែ​កញ្ញា ដល់​ពាក់កណ្ដាល​ខែ​ធ្នូ ហើយ​ពេល​ខ្លះ​ខ្មែរ​យើង​លេង​បន្ត​រហូត​ដល់​រដូវ​បន្ទាប់​ទៀត​គឺ​សិសិរដូវ​។ ចង់ដឹងថា តើ​ខ្លែង​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​? ហើយ​ខ្មែរ​យើង​មាន​ជំនឿ​បែបណា​ដែរ​ទាក់ទង​នឹង​ខ្លែង​?

ការស្ដាប់ជាសំឡេង៖

​ប្រវត្តិ​ខ្លែង​៖

​ខ្លែង​មាន​ប្រភព​កំណើត​ដំបូង​នៅ​ប្រទេស​ចិន តាំងពី​២៨០០​ឆ្នាំមុន គ​.​ស មកម្ល៉េះ​។ ការអះអាង​បែប​នេះ ដោយសារ​ប្រទស​ចិន​កាលពី​ជំនាន់​មុន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ខ្លែង ដូចជា​កំណាត់​សូត្រ សម្រាប់​ធ្វើ​តួ ឬ​សាច់​ខ្លែង ខ្សែ​សូត្រ​ឆ្មារ​ដែល​ជាប់​មាំ​មិន​ងាយ​ដាច់​សម្រាប់​ធ្វើ​ខ្សែ និង​ឫស្សី​សម្រាប់ធ្វើ​ឆ្អឹង​។ នៅ​សម័យ​នគរ​ភ្នំ​កាលពីដើម​ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៧ នៃ​គ​.​ស ជនជាតិ​ខ្មែរ​ក៏​ចេះ​បង្ហោះ​ខ្លែង​ដែរ ដោយ​យក​ខ្លែង​ចិន​ជា​តួយ៉ាង​។ គឺ​ក្នុង​អន្តរកាល​នោះ ប្រទេស​ឥណ្ឌា និង​ប្រទេស​អឺរ៉ុប​មួយចំនួន ក៏​បាន​ទទួល​ប្រពៃណី​ខ្លែង​នេះ​ពី​ចិន​ដែរ​។ ការផ្សព្វផ្សាយ​វប្បធម៌​ខ្លែង​នេះ​បាន​ធ្វើ​ឡើង​ដោយសារ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​តាម​ផ្លូវ​ទូក រវាង​ប្រទេស​ចិន និង​ប្រទេស​ទាំងអស់​នោះ​។ នៅ​សតវត្សរ៍​ទី​១២ ជនជាតិ​អឺរ៉ុប​ថែម​ទាំង​ចេះ​ធ្វើ​ខ្លែង បញ្ចេញ​សំឡេង​ជា​ភ្លេង​ផង ដោយ​ចោះ​រន្ធ​ខ្យល់ និង​រឹតបន្តឹង​ខ្សែលើ​តួ​ខ្លែង ម្ល៉ោះហើយ​នៅពេលដែល​ប៉ះ​នឹង​ខ្យល់ ក៏​បង្កើតបាន​ជា​សំឡេង​តូរ្យតន្ត្រី​តែម្តង​។​

អំពី​ប្រភេទ​ខ្លែង​៖

ខ្លែង​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បង្ហើរ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា ខ្លែង​ឯក ឬ​ខ្លែង​ព្នង ខ្លែង​ប្រ​ម៉ង់ ខ្លែង​ហៅ​ប៉ៅ និង​ខ្លែង​កណ្តូង ខ្លែង​កូន​មាន់ ខ្លែង​មេអំបៅ ខ្លែង​ផ្កាយ ខ្លែង​ខ្លោះ ខ្លែង​ផ្កា ជាដើម​។ រូបរាង​នៃ​ខ្លែង គេ​ធ្វើ​ទៅ​តាម​ការ​ចូល​ចិត្ត​រៀងៗ​ខ្លួន​ទៅ​តាម​ការច្នៃប្រឌិត​របស់គេ​។ ចំពោះ​ខ្លែង​ខ្មែរ​យើង មាន​ភាគច្រើន​តាំងពី​បុរាណកាល​មក គេ​ឃើញ​តែ​ខ្លែង​កណ្ដូង និង​ខ្លែងឯក ដែល​គេ​និយម​បង្ហើរ​លេង​នៅ​តាម​ភូមិ​ស្រុក ទូ​ទាំង​ជនបទ​ដែល​រស់នៅ​។

ក្រៅ​ពី​ការ​បង្ហើរខ្លែង​តាម​បែប​កម្សាន្ត ខ្មែរ​យើង​ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​តែងតែ​មាន​ប្រពៃណី​បង្ហើរ​ខ្លែង ប៉ុន្តែ​មាន​ពិធី​ធ្វើ​ខុសប្លែកគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ត្រង់​រដូវ​កាល​នៃ​ការ​បង្ហើរ និង​រូបភាព​នៃ​ខ្លែង និង​ពិធី​បង្ហើរ ដែល​ធ្វើ​ជា​ពិសេស​ទៅ​តាម​ប្រពៃណី និង​ជំនឿ​របស់​ជាតិ​សាសន៍​នី​មួយៗ​។

យោងតាម កម្រង​ឯកសារ​ស្តីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀច ប៉ុណ្ណ បាន​លើកឡើង​ថា «​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សាភ្ជាប់​នឹង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើ​ការរស់នៅ និង​ការកម្សាន្ត ។ ម្យ៉ាងទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើ​ឡើង​សម្រាប់​ជា​ការកម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរពបូជា​ដល់​សាសនា​សំខាន់​ទាំង​ពីរ​ផង ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពីដើម​រៀងមក គឺ ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​»​។​

លោក​ហ្ស៊​ក សឺ​ដែស អ្នក​បុរាណ​វិទូ ដែល​បាន​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​រកឃើញ​សិលាចារឹក​មួយ​នាគ​.​ស ៩៧២​។ សិលាចារឹក​នោះ​បាន​បញ្ជាក់​អំពី​ការរៀបចំ​ព្រះរាជ​ពិធី​បង្ហើរខ្លែង និង​តង្វាយ​ជាច្រើន​មុខ​ដូចជា មាសប្រាក់ សំរឹទ្ធិ ភ្លុក លង្ហិន ពា​ន គ្រឿង​ភ្លេង លំពែង និង​ខ្លែង​៥​ទៀតផង​។ លោក​ហ្ស៊​ក សឺ​ដែស មិន​នឹកស្មានថា មាន​ខ្លែង​៥​នៅក្នុង​តង្វាយ ឯទៀតៗ​ដែល​សុទ្ធសឹង​ជា​វត្ថុ​មានតម្លៃ​នោះ​សោះ​ឡើយ ។ ប្រការ​ដែល​គួរឱ្យ​ស្តាយ​នោះ គឺ​សិលាចារឹក​ពុំបាន​ប្រាប់​ឱ្យដឹងថា តើ​ខ្លែង​ដែលមាន​ចំណែក​នៅក្នុង​រណ្តាប់​តង្វាយ​នោះ គេ​ប្រើប្រាស់​សម្រាប់​ធ្វើ​អ្វី​នោះឡើយ ។​

នៅ​គ្រឹស្តសករាជ ១៥៩០ លោក​កៀរ៉ូ​ហ្សា ដី​សង់ អង់​តូ​នីញ៉ូ ជនជាតិ​ព័រ​ទុយ​ហ្គាល់ ដែល​បាន​ធ្វើដំណើរ​មក​កម្ពុជា​បាន​សរសេរ​ទុក​ថា «​ប្រជាជន​ខ្មែរ​បាន​ចាត់ចែង​ធ្វើ​ពិធី​បង្ហើរខ្លែង​ដែល​ធ្វើ​ពី​ក្រដាស និង​ដើម​ប​បុស​។ ខ្លែង​នោះ​មាន​ចងខ្សែ​វែង ហើយ​អាច​ហោះហើរ​ឡើង​ទៅលើ​អាកា​សបាន កាលណា​ត្រូវ​ខ្យល់​បក់​មក​។ ខ្លែង​នោះ​មាន​បន្លឺ​ស្នូរ​សំឡេង​អ្វីមួយ​ពីរោះ​គួរឱ្យ​ចង់​ស្តាប់​» ។​

ជំនឿ​របស់​ប្រជាជន​ទៅ​លើ​ការ​បង្ហើរខ្លែង៖​

ការ​បង្ហើរខ្លែង​ធ្វើឡើង​ដើម្បី​គោរព​បូជា​ដល់​ព្រហ្មញ្ញសាសនា​ផង និង​ព្រះពុទ្ធសាសនា​ផង​។ ក្នុង​លទ្ធិ ព្រហ្មញ្ញសាសនា គេ​គោរព​ព្រះអាទិទេព​ជាច្រើន​ដូចជា ព្រះ​សិវៈ ព្រះ​វិស្ណុ ព្រះព្រហ្ម ។​ល​។ ក្រៅពីនេះ​នៅ​មាន​ព្រះអាទិទេព​បន្ទាប់បន្សំ ផ្សេងៗ​ទៀត ដូចជា​ព្រះអាទិត្យ ព្រះ​ចន្ទ ព្រះ​ពាយ ព្រះ​ពិរុណ ព្រះធរណី ព្រះ​អគ្គី ។ ពិធី​បង្ហើរខ្លែង​នេះ​ជា​កិច្ច​គោរព​ដឹងគុណ​ព្រះពាយ ដែល​ផ្តល់​នូវ​ខ្យល់​ឱ្យ​យើង​ដកដង្ហើម​បាន​រស់​ជីវិត គ្រប់ៗ​គ្នា ដែល​គេ​និយម​ហៅ​ថា​ដង្ហើមរស់​។ ម្យ៉ាងទៀត ផ្អែក​ទៅតាម​ជំនឿ​ខាង​ព្រះពុទ្ធសាសនា​វិញ ពិធី​បង្ហោះ​ខ្លែង​នេះ គឺជា​ពិធី​មួយ​សម្រាប់​គោរពបូជា​ដល់​ព្រះ​ចូឡាមណី​ចេតិយ​។​

តាម​ជំនឿ​របស់​ខ្មែរ​យើង បើកាលណា​ខ្លែង​ធ្លាក់​លើ​ដំបូលផ្ទះ​អ្នកណា​មួយ​នោះ គេ​ចាត់ទុកថា​ជាការ​ចង្រៃ (​ចំពោះតែ​ខ្លែងឯក​ប៉ុណ្ណោះ​) ហើយ​ម្ចាស់ផ្ទះ ត្រូវ​ទាមទារ​ឲ្យ​ម្ចាស់​ខ្លែង​ធ្វើ​ពិធី​បង្កក់​ប្រសិទ្ធី​លើក​រាសី ឱ្យគេ នោះ​ទើប​គេ​សុខចិត្ត​។ បើ​ពុំនោះ​ទេ​នឹង​កើត​មាន​ការវិវាទ​នឹង​គ្នា​ជា​ប្រាកដ ។​

ការ​បង្ហើរខ្លែង គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សង្គម​ខ្មែរ​យើង​តាំងពី​បុរាណ​មកម្ល៉េះ ។ សព្វថ្ងៃនេះ នៅតែ​បន្ត​ធ្វើ​តាម​ដំណែល​នៃ​ដូនតា​យើង ដែល​បញ្ជាក់​អំពី​ក្រឹត្យក្រម​មួយ​ដែល​ថា ជីវិត​តែង​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ ។ ដើម្បី​គោរព​នឹក​គុណ​ដល់​ធាតុ​ទាំង​បួន ដែល​ទ្រទ្រង់​នូវ​លោក គឺ​ធាតុដី ធាតុ​ទឹក ធាតុ​ភ្លើង ធាតុ​ខ្យល់ ដែល​ផ្តល់​នូវ​ជីវិត នូវ​ធម្មជាតិ ផ្សេងៗ​សម្រាប់​កំដរ​ជីវិត យើង​ក៏​នាំគ្នា​ធ្វើ​ពិធី​នេះ​ឡើង នៅពេល​ដែល​ខ្មែរ​បាន​រីករាយ​ក្នុង​អារម្មណ៍ ដោយ​បាន​ទទួល​ផល​ពី​របរ​កសិកម្ម​។ ទោះបី​បាន​ពិនិត្យឃើញថា នៅ​សម័យ​នេះ​ការ​បង្ហើរខ្លែង​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​យ៉ាងណាក្តី ក៏​គេ​នៅតែ​ឃើញ​មានការ​បង្ហោះ​ខ្លែង​នៅក្នុង​ប្រទេស​យើង​ជា​ដរាប​៕

ព័ត៌មានផ្សេងទៀត

 
x