ព័ត៌មានអន្តរជាតិ  |  ព្រឹត្តិការណ៍សំខាន់

នៅ​តែ​មើល​មិន​ធ្លុះ​ថា​​លោក​ដូណាល់ ត្រាំ​​ចង់​ឲ្យ​តៃវ៉ាន់​​ផ្ដាច់ខ្លួន​ពី​ចិន​​ឬ​យ៉ាងណា​?

06-12-2016 5:28 pm
 ចំនួនទស្សនា 2894
លោកស៊ី ជីនពីង(ឆ្វេង)លោកដូណាល់ ត្រាំ(កណ្ដាល)​និងលោកស្រីត្សៃ អ៊ីងវិន

​ជា​យុទ្ធសាស្ដ្រ​ថ្មី​របស់​លោក​ដូណាល់ ត្រាំ​ឬ​យ៉ាងណា ដែល​លោក​ចាប់ផ្ដើម​ជជែក​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​ធ្វើឲ្យ​គេ​ឆ្ង​ល់​យ៉ាង​ខ្លាំង​ពិសេ​សចិន​តែម្ដង​។​អាមេរិក​-​តៃវ៉ាន់​បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយគ្នា​ហើយ ប៉ុន្ដែ​បែរ​ងាក​មក​ស្និទ្ធស្នាល​ឡើងវិញ​។​ទង្វើ​នេះ​គេ​មើលឃើញ​ថា លោក​ត្រាំ​ទំនង​ចង់​ឲ្យ​តៃ​វ៉ាន់មាន​ភាពរឹងមាំ​។​កាលណា​រឹងមាំ​ហើយ តៃវ៉ាន់​អាច​មានឱកាស​គេចចេញ​ពី​សម្ពាធ​ដាក់​ដោយ​ចិន ទោះ​ដឹង​ថា​សង្ឃឹម​តិច ប៉ុន្ដែ​ត្រូវ​សាកល្បង​ព្រោះ​មាន​អាមេរិក​ជា​សម្អាង​។​លោក​ដូណាល់ ត្រាំ ពិត​ជា​ចង់​ប្រើ​តៃវ៉ាន់​មក​សាកល្បង​ចិន​ឬ​?
​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

​សំឡេង​៖

​ការជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​ថ្មីៗ​នេះ បាន​ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកនយោបាយ​និង​អ្នកវិភាគ​។​អាមេរិក​និង​តៃវ៉ាន់​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៧៩ ហើយ​បច្ចុប្បន្ន​គ្មាន​ចំណង​មិត្ដភាព​អ្វីពិសេស​ទេ​។​

បើ​គ្មាន​អ្វី​ពិសេស​ផង ចុះ​ម្ដេច​លោក​ដូណាល់ ត្រាំ​គ្រាន់តែ​ជាប់ឆ្នោត​មិន​ទាន់​ស្បថ​ចូលកាន់​តំណែង​ផង បាន​ទូរស័ព្ទ​ទៅ​លោក​ស្រី​ត្សៃ អ៊ីវិ​ន​បែបនេះ​។​គ្រាន់​ជា​ការជួប​ពិភាក្សា​គ្នា​ធម្ម​តា​ឬក៏​បង្កប់​អ្វី​ផ្សេង​ក្នុង​កិច្ច​ជំនួប​?

តាម​ការអះអាង​ពី​ទីប្រឹក្សា​លោក​ត្រាំ​និង​ខាង​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ពេល​ពិភាក្សា​តាម​ទូរស័ព្ទ លោក​ដូណាល់ ត្រាំ​និង​លោកស្រី​ត្សៃ អ៊ីង​វិន​បាន​អបអរដ​ល់ជ័យ​ជម្នះ​ទៅវិញទៅមក និង​បាន​បង្ហាញ​ជំហរ​ចង់​រឹតចំណង​មិត្ដភាព​ផ្នែក​សេដ្ឋកិច្ច សន្ដិសុខ បង្កើត​ភាពជិតស្និទ្ធ​នឹង​គ្នា​ឡើងវិញ​។​ការប្រកាស​ធ្វើឲ្យ​មាន​ការសង្ស័យ​កាន់តែខ្លាំង​ថា លោក​ដូណាល់ ត្រាំ​ពិតជា​ចង់​សើរើ​សម្ព័ន្ធមិត្ដ​ចាស់​របស់​អាមេរិក​ឡើងវិ​ញ​។​បើ​នៅ​ចំពោះមុខ ពិតជា​ពិបាក​ជឿ​ណាស់​ថា​លោក​ត្រាំ​និង​លោកស្រី​ត្សៃ​និយាយ​គ្នា​រឿង​ធម្មតា​។​បើ​ធម្មតា​មែន​ក៏​មិន​ធ្វើ​ឲ្យ​ច្របូកច្របល់​ដែរ ច្បាស់​ជា​មាន​អ្វី​នៅ​ពីក្រោយ​។​វា​អាច​ជា​ការបំផ្លាញ​សក្ដានុពល​ណាមួយ​របស់​ចិន​ទៅលើ​តៃវ៉ាន់ ស្រប​ពេល​តៃវ៉ាន់​កំពុង​ចង់បាន​ឯករាជ្យ​។

​ចិន​មិនទាន់​ប្រតិកម្ម​ឲ្យ​ខ្លាំងក្លា​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​នេះ គ្រាន់តែ​សង្ឃឹម​លោក​ដូណាល់ ត្រាំ​យល់​ពី​គោលនយោបាយ​ដែនដី​រួម​របស់​ចិន​។​ចង់​បង្កើន​ចំណង​មិត្ដភាព​ជាមួយចិន ត្រូវ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​ហេតុនេះ​ចិន​ជឿជាក់​លោក​ត្រាំ​រួមទាំង​ក្រុមការងារ​របស់​លោកមា​ន​គោលនយោបាយ​ច្បាស់លាស់​ជា​មួយ​ខ្លួន​។​ចំពោះ​ចិន តៃវ៉ាន់​គ្រាន់​ជា​ខេត្ដ​មួយ​របស់​ខ្លួន​ប៉ុណ្ណោះ ចិន​មិន​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​ឡើយ​។​ទើប​តែ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​ត្សៃ​ចូលកាន់​តំណែង តៃវ៉ាន់​បានបង្ហាញ​ភាព​មាំទាំ ចង់​ងាក​ចេញពី​ការគ្រប់គ្រង​របស់​ចិន ខុស​ពី​រដ្ឋាភិបាល​តៃវ៉ាន់​អាណត្ដិ​មុន​។​

តាម​ការបកស្រាយ​ពី​ទីប្រឹក្សា​របស់​លោក​ដូណាល់ ត្រាំ អាមេរិក​គ្មាន​ចេតនា​ចង់​បង្កហេតុ​ជាមួយ​ចិន​ទេ អាមេរិក​គោរព​គោលនយោបាយ​របស់​ចិន​។​អ្វី​ដែល​លោក​ត្រាំ​ងាក​ទៅរក​តៃវ៉ាន់​ពេលនេះ គ្រាន់តែ​បារម្ភ​ពី​ស្ថានភាព​សន្ដិសុខ ស្ថេរភាព​លើ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​។​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​បើ​ចិន​អន់ចិត្ដ​ក៏​អន់​ចុះ​។​

អំណះអំណាង​ទៅវិញទៅមក មន្ទិលសង្ស័យ​កើតឡើង​កាន់តែ​ខ្លាំង​។​គេ​រឹតតែ​ប៉ាន់ស្មាន​មិនត្រូវ​ពី​ចិត្ដ​របស់​លោក​ដូណាល់ ត្រាំ​។​លោក​ត្រាំ​ដែល​មាន​ជំហរ​ចង់​ចាប់​ដៃ​ចិន ប៉ុន្ដែ​សកម្មភាព​ដូច​ចង់​បញ្ឈឺ​ចិន​។​ពី​មុន​ឡើយ​គេ​គិត​ថា​លោក​ដូណាល់ ត្រាំ​ជា​មនុស្ស​ងាយស្រួល​និយាយ​គ្នា ប៉ុន្ដែ​ផ្អែក​លើ​គោលនយោបាយ​ដ៏​ចម្លែក​របស់លោក គេ​ចាប់ផ្ដើម​វាយតម្លៃ​ថា​លោក​ត្រាំ​ជា​មនុស្ស​ពិបាក​ស្មានចិត្ដ​ទៅវិញ​។​

​មិនត្រូវ​ភ្លេច​ទេ​ចិន​ជា​គូប្រជែង​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធំ​របស់​អាមេរិក ចិន​ចង់បាន​តំណែង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​ក្នុង​ពិភពលោក ដោយ​ទម្លាក់​អាមេរិក​មក​លេខ​ពីរ​វិញ​។​ចិន​បាន​ពង្រីក​សក្ដានុពលរ​បស់​ខ្លួន​យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី​និង​តំបន់​ផ្សេងៗ តាមរយៈ​ការ​រឹតចំណង​មិត្ដភាព និង​ការផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​រាប់លាន​យ័ន​ដល់​បណ្ដា​ប្រទេស​ជាច្រើន​។​គោលដៅ​នេះ ចិន​ចង់បាន​ដៃគូ​ច្រើន ទាំង​ដៃគូ​សេដ្ឋកិច្ច​និង​នយោបាយ ដើម្បី​អាច​ឈ​ជើង​មាំ​ទប់ទល់​ឥទ្ធិ​លព​ល​របស់​អាមេរិក​។​

ដូច្នេះ​ចង់​មិន​ចង់​លោក​ដូណាល់ ត្រាំ​ដែល​នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៧​ខាងមុខ មិន​អាច​អនុញ្ញាត​ឲ្យ​ចិន​វ៉ា​អាមេរិក​បាន​ឡើយ ពិសេស​ផ្នែក​សេដ្ឋកិច្ច​តែម្ដង​។​បើ​ចិន​ឈ្នះ តើ​លោក​ដូណាល់ ត្រាំ​គិត​យ៉ាងម៉េច​វិញ ព្រោះ​លោក​ធ្លាប់​សន្យា​លើកកម្ពស់​សេដ្ឋកិច្ច​អាមេរិកឲ្យ​ខ្លាំង​ជាង​មុន​។​ម្យ៉ាង​លោក​ជា​អ្នកជំនួញ​ស្រាប់ លោក​យល់​ច្បាស់​ពី​ស្ថាន​បច្ចុប្បន្ន ត្រូវតែឲ្យ​អាមេរិក​មាន​ភាពរុងរឿ​ង​គ្រប់​វិស័យ ក្លាយ​ជា​អាមេរិក​ថ្មី​តាម​ការប្ដេជ្ញា​។​

នេះ​ហើយ​ជា​ដើមចម​ដែល​អ្នកវិភាគ​យល់ថា លោក​ដូណាល់ ត្រាំ​ព្យាយាម​ចង់​ឲ្យ​ចិន​បែក​ចែក​ខ្លួន​ដោះស្រាយ​បញ្ហា​វិញ​ម្ដង​។​ដំបូង​ឡើយ​អាមេរិក​ចាប់ផ្ដើម​ជាមួយ​តៃវ៉ាន់​ជា​បណ្ដើរៗ​សិន បើ​មាន​ប្រសិទ្ធភាព អាមេរិក​អាច​ប្រើ​ជា​មួយ​ប្រទេស​ផ្សេង​ទៀត​ដែលមាន​ទំនាក់ទំនង​ជាមួយ​ចិន​។​ជាក់ស្ដែង​មាន​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​ចិន​។​លោក​ដូណាល់ ត្រាំ​ធ្លាប់​ប្រកាស​ចង់​រឹតចំណង​មិត្ដភាព​ជាមួយ​រុស្ស៊ី ស្ដារ​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​។​បើ​ពិតមែន​អាមេរិក​និង​រុស្ស៊ី​ប្រាកដ​ជា​សម្លឹងមើល​ផលប្រយោជន៍​ទៅវិញទៅមក​។​រីឯ​ចិន​ចៀស​មិន​រួច​ពី​ការជះឥទ្ធិពល​មិនល្អ​ឡើយ​។​

​តើ​ទាំងនេះ​ជា​គោលនយោបាយ​របស់​លោក​ដូណាល់ ត្រាំ​សម្រាប់​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​ឬ​យ៉ាងណា​?​លោក​ដូណាល់ ត្រាំ​នឹង​ដឹកនាំ​ប្រទេស​ប្លែក​យ៉ាងម៉េច​ខ្លះ​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​?

ព័ត៌មានផ្សេងទៀត

 
x