នាទីសំខាន់ៗ  |  វប្បធម៌ និង ប្រវត្តិសាស្រ្ត

ដើមកំណើតល្ខោន​ស្រមោល​ស្បែក​ធំ​

25-11-2016 4:00 pm
 ចំនួនទស្សនា 2311

​នាទី​មរតក​វប្បធម៌​នៅ​ក្នុង​ថ្ងៃនេះ ចេ​ន សុជាតា នឹង​លើកយក​ប្រវត្តិ​នៃ​ល្ខោន​ស្បែក​ធំ​មក​បង្ហាញ​ជូន ដោយ​ស្រប​ពេល​ដែល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ជា​ថ្ងៃ​គម្រប់​ខួប​១១​ឆ្នាំ នៃ​ល្ខោនស្បែក​ធំ ត្រូវបាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ឆ្នាំ​២០០៥​។ ចង់ដឹងថា តើ​ល្ខោនស្បែក​ធំ​មាន​ដើម កំណើត​យ៉ាងដូចម្ដេច​? តើ​ល្ខោនស្បែក​ធំ​មាន​ការសម្ដែង​យ៉ាងដូចម្ដេចខ្លះ និង​ក្នុង​គោលបំណង​អ្វី​? មួយវិញទៀត​តើ​មូលហេតុ​អ្វី​បានជា​សិល្បៈ​ល្ខោន​ប្រភេទ​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​? ជា​បន្ត​សូម​ស្ដាប់​ការបង្ហាញ​ជូន​ដូចតទៅ​៖

សំឡេង៖

​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​ល្ខោន​មួយបែប​របស់​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រភេទ​ល្ខោន​ដទៃទៀត​។ ល្ខោន​ស្រមោល​ស្បែក​ធំ​មានកំណើត​តាំង​ពី​ស​.​វ​ទី​១ មកម្ល៉េះ​។ ដោយសារ​តែ​សិល្បៈ​មួយ​នេះ​ជា​ផ្ទាំង ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ទើប​ត្រូវបាន​គេ​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ​។ ក្រោយ​សតវត្ស​ទី​១៣ ជនជាតិ​ជិតខាង​ខ្លះ​បាន​យល់ច្រឡំ​ថា សិល្បៈ​ស្បែក​ខ្មែរ​ដែល​ប្រជាជន​ខេត្ត​បាត់ដំបង​តែង​ហៅថា «​ណាំង​ស្បែក​» នោះ​គឺ មានកំណើត​ចេញពី​ប្រទេស​ថៃ​។ តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា សិល្បៈ​ស្បែក​ខ្មែរ​នេះ ត្រូវបាន​នាំ​ចូល​ពី​ឥណ្ឌា​នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រឹស្តសករាជ ពោល​គឺ​សិល្បៈ​ស្បែក​មានកំណើត​ចេញពី​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ។

កេរ្តិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​នេះ មាន​អាយុកាល​ប្រមាណ​២០០០​ឆ្នាំ​មកហើយ ​ក្នុងនោះ​សូម្បី​តែ​ជនជាតិខ្មែរ​ខ្លួនឯង ក៏​សឹងតែ​ពុំបាន​ដឹង​ច្បាស់​នា​ពេល​កន្លង​មក​ផង ដោយសារតែ​ខ្វះ​ឯកសារ ។ ឯ​ជនជាតិ​ប្រទេសជិតខាង​ខ្លះ​ក៏បាន​លើកយក​មរតក​សិល្បៈ​ខ្មែរ​នេះ ថា​ជា​របស់​ជាតិ​សាសន៍​របស់ខ្លួន​ក៏​មាន​ដូច​ជា​ជនជាតិ​ថៃ ឬ​ជនជាតិ​ម៉ាឡេ​ជាដើម​។ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ការស្រាវជ្រាវ​នា​ពេល​ក្រោយៗ​នេះ បន្ទាប់​ពី​ស្រុកទេស​បាន​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅ ទើប​បាន​ដឹង​ច្បាស់​ថែម​ទៀត​ថា សិល្បៈ​ស្បែក​ខ្មែរ​មាន​កំណើត​នា​ដើម​សតវត្ស​ទី​១ ដែល​មាន​លំហូរ​ចូល​ពី​ប្រភព​ប្រទេស​ឥណ្ឌា​មក ។  

ល្ខោន​មួយ​ប្រភេទ​នេះ ហាក់​ប្លែក​ជាងគេដែល​មាន​តួអង្គ​សម្ដែង​សុទ្ធតែជា​បុរស ហើយ​ការសម្ដែង​ទៀតសោត​បាន​តែ​ក្នុង​រឿង​រាមកេរិ៍្ត​ប៉ុណ្ណោះ​។ ថ្វីដ្បិតតែ​សិល្បៈ​ស្បែក​ធំ​នេះ សម្ដែង​បានតែ​ក្នុង​រឿង​រាមកេរ្តិ៍​ក៏ពិតមែន ក៏​ប៉ុន្តែ​គេ​ពុំ​បាន​សម្ដែង​ពី​ដើម​ដល់​ចប់​នោះ​ទេ ភាគច្រើន​សម្ដែង​ជា​អន្លើ​ចម្បាំង​ឥន្ទ្រ​ជិត ជាមួយនឹង​ព្រះ​លក្សណ៍​តែប៉ុណ្ណោះ​។

និយាយ​ពី​ផ្ទាំង​រូបចម្លាក់​សម្រាប់​សម្ដែង​វិញ គឺ​គេ​បាន​ឆ្លាក់​រូប​តួអង្គ​ផ្សេងៗ​ក្នុង​រឿង​រាម​កេរ្តិ៍ នៅលើ​ស្បែក​គោ ដោយ​ដាប់​ទម្លុះ​មាន​ទំហំ​ធំៗ ជា​រូបភាព​នឹងថ្កល់​មិន​អាច​កម្រើក​បាន​។ កាល​ពី​បុរាណ នៅពេល​សម្ដែង​គេ​គំនូរ​ចម្លាក់​ដែល​គេ​បាន​ដាប់​រួច​នៅ​លើ​ស្បែក​គោ​នោះ យក​ទៅ​ផ្ទប់​នឹង​ផ្ទាំងសំពត់ស​យ៉ាង​ធំ​ដែល​ឆ្លុះបញ្ចាំង​ដោយ​ពន្លឺភ្លើង គំនរ​ឧស ភ្លើង​ចន្លុះ ឬ​ភ្លើង​លលា​ដ៏​ដូង ដែល​ត្រូវបាន​គេ​ដុត​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ដើម្បី​ឆ្លុះបញ្ចាំង​យក​ស្រមោល​រូបចម្លាក់​។ ប៉ុន្តែ​មកទល់​ពេលបច្ចុប្បន្ន​នេះ គេ​ពុំ​បាន​អនុវត្ត​វិធី​បែប​នេះ​ទៀត​ទេ គេ​បែរ​មក​ចាក់​បញ្ចាំង​ដោយ​ប្រើ​អគ្គិសនី​ជំនួស​វិញ​។

តាម​ទំនៀមទម្លាប់​ប្រពៃណី ការសម្ដែង​ល្ខោនស្បែក​ធំ​ធ្វើឡើង​នៅ​តែ​ពេល​យប់ ក្នុង​បរិវេណ​ដី​វាល​ប៉ុណ្ណោះ​ដូចជា នៅក្បែរ​វាលស្រែ និង​បរិវេណ​វត្ត​អារាម​។ គេ​ឃើញ​មាន​ការសម្តែង​នូវ​ល្ខោន​ស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្ត​សៀមរាប​អង្គរ ដូច​ជា​ការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យ​សព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយ​មាន​មហាជន​ច្រើន​កុះករ​ចូលរួម ។ ក្នុង​ការសម្តែង​អ្នក​ជើ​ត ឬ​អ្នក​រាំ​ត្រូវ​លើក​រូបភាព​ជើត​វិល​ជុំវិញ​ផ្ទាំងសំពត់ស​យ៉ាង​ធំ​តាម ក្រុម​តួ​ខុសៗ​គ្នា គឺមាន ដំណើរ​យក្ស ដំណើរ​មនុស្ស​និង​ស្វា ហោះ​លើ​អាកាស អណ្តែត​ទឹក ឬក៏​ចលនា​ចម្បាំង​ទៅ​តាម​ចង្វាក់ភ្លេង​ខុសៗ​គ្នា ដែល​អ្នក​ប្រគុំ​ត្រូវ​ប្រគុំ​ទៅតាម​ការហៅ​របស់​អ្នក​ពោល ដែល​អ្នក​ពោល​ភាគច្រើន ច្រើន​ជា​គ្រួ​ធំ​នៃ​វង់​សិល្បៈ​ស្បែក​ធំ​នេះ​។​

ដោយ​មើលឃើញ​ពី​វ័យ​ចំណាស់ និង​ភាព​ល្អ​ឯកនៃ​ទម្រង់​សិល្បៈ​នេះ ព្រមទាំង​លក្ខណៈពិសេស​ជាច្រើន​ទៀត ដូចជា​បម្រើ​ផលប្រយោជន៍​ឲ្យ​ប្រជាជន​ខ្មែរ​ទូទៅ​ទាំង​ក្នុង​នាទី​កម្សាន្ត​សប្បាយ និង​ចំណុច​ពិសេស​ដែល​ខុស​ពី​ល្ខោន​ដទៃ​គួរឲ្យ​កត់សម្គាល់​ផង​នោះ ទើប​ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​៕

(ដោយ៖​ចេន សុជាតា)

ព័ត៌មានផ្សេងទៀត

 
x