អំពី​ពិធី​កោរ​ជុក​

ដោយ៖ ចេន សុជាតា 18-11-2016 4:53 pm 740

​ពិធី​កោរ​ជុ​ក គឺ​ជា​ប្រពៃណី​ដ៏​សំខាន់​របស់​ជនជាតិខ្មែរ ដែល​រៀបចំឡើង​សម្រាប់​ផ្ដល់​សិរី​មង្គល​ដល់​កូនប្រុស​ស្រី មុន​ពេល​ពួកគេ​ពេញវ័យ​គ្រប់ការ​។ ពិធី​កោរ​ជុ​ក ជា​ឈ្មោះ​ផ្លូវការ តែ​តាម​ពាក្យ​សាមញ្ញ​គេ​ហៅថា ពិធី​កោរសក់ ឬ​កោរ​កំប៉ោយ ដែល​ក្មេង​ប្រុស​ស្រី​ទុក​លើ​ក្បាល​តាំងពី​អាយុ ៣​ឆ្នាំ រហូត​ដល់​ធំ​ទើប​កាត់​ជុក​នោះ​ចេញ​។ បច្ចុប្បន្ន​ប្រពៃណី​មួយ​នេះ​ស្ទើរតែ​បាត់បង់​ទៅហើយ ព្រោះ​ប្រជាជន​មិនសូវ​អនុវត្ត​បន្ត​ទៀត​នោះ​ទេ គេ​ឃើញ​មាន​តែ​នៅតាម​តំបន់​ដាច់ស្រយាល​ល​ខ្លះៗ ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ប្រតិបត្តិ​ពិធី​នេះ​។  ចង់ដឹងថា តើ​ពិធី​កោរ​ជុក​នេះ​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​? ហើយ​ថា​តើ​ប្រពៃណី​ដែល​ស្ទើរតែ​បាត់បង់​មួយ​នេះ​មាន​ការរៀបចំ​យ៉ាងដូចម្ដេច​? ជា​បន្ត​សូម​ស្ដាប់​ការរៀបរាប់​ពី​ចេន សុជាតា នៅក្នុង​នាទី​មរតក​វប្បធម៌​ដូចតទៅ​៖

​ស្ដាប់​សំឡេង​៖

ពិធី​កោរ​ជុ​ក ជា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ដែល​មាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ ក្នុងចំណោម​ពិធី​ឆ្លង​វ័យ ពិធី​កោរ​ជុក​គឺជា​ពិធី​មួយ​ដែល​គេ​ធ្វើឡើង​សម្រាប់​ក្មេង​ជំទង់​ដែល​ពុំ​ទាន់​ពេញវ័យ​ពិតប្រាកដ ពោល​គឺ​គេ​រៀបចំ​ធ្វើ​មុន​ពេល​កូន​ប្រុស​ស្រី​ពេញវ័យ​។ ទំនៀមទម្លាប់​នេះ​មាន​ឫសគល់​តាំងពី សម័យ​ដែល​ខ្មែរ​កាន់​ព្រហ្មញ្ញសាសនា​មក​ម្លេះ​។ តឹកតាង​ដែល​បញ្ជាក់​ពី​ប្រភព​កំណើត​នៃ​ពិធី​មួយ​នេះ ដោយ​គេ​ឃើញ​នៅ​លើ​ជញ្ជាំង​នៃ​ព្រះវិហារ​វត្ត​បូ​ព៌ ក្នុង​ខេត្ត​សៀមរាប មាន​រូបគំនូរ​មួយ​ផ្ទាំង ក្នុង​រឿង​រាមកេរិ៍្ត ដែល​ក្នុងនោះ​តួអង្គ​ពាលី​បាន​ព​អង្គទ​ទៅឲ្យ​តាបស​ឥ​សីកោរ​ជុក​នៅក្នុង​ពិធី​មួយ​។

នៅ​សម័យ​មុន​ពិធី​នេះ​ត្រូវបាន​ប្រជាជន ប្រារព្ធ​ពុំ​សូវ​អាក់ខាន​ឡើយ​សូម្បីតែ​សែ​រាជវង្ស​។ ក៏​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ពិធី​កោរ​ជុក​ស្ទើរតែ​បាត់បង់​ទៅ​ហើយ ដោយ​កម្រ​ឃើញ​មាន​ការរៀបចំ​ធ្វើ​ណាស់​។ ម្ដងម្កាល​គេ​ឃើញ​មាន​ធ្វើ​នៅ​តាម​និគមជនបទ​ខ្លះៗ​ប៉ុណ្ណោះ ដូចជា​នៅ​តាម​ភូមិ​ខ្លះ​នៅ​តំបន់​អង្គរ​ក្នុង​ខេត្តសៀមរាប និង​ភាគ​ខាងជើង ឬ​ភាគ​ពាយព្យ​នៃ​ប្រទេស​។​
​និយាយ​ពី​សម័យ​ដើម​ចំពោះ​វង្ស​ត្រកូល​ក្សត្រ គ្រួសារ​ដែល​មាន​បុណ្យស័ក្តិ ឬ​គ្រួសារ​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ តែងតែ​ធ្វើ​ពិធី​កោរ​ជុក​គ្រប់​កូន​ទាំងអស់ ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ឱឡារិក និង​អធិកអធម  បំផុត ដែល​មាន​រយៈពេល​ដល់​ទៅ​៧​ថ្ងៃ​ឯណោះ​។ ប៉ុន្តែ​ចំពោះ​ប្រជារាស្ត្រ​សាមញ្ញ​ធម្មតា គេ​ច្រើន​ធ្វើ​ចំពោះតែ​កូនច្បង​ក្នុង​គ្រួសារ​តែ​ប៉ុណ្ណោះ ដោយ​អាស្រ័យ​លើ​ធនធាន​គ្រួសារ​នីមួយៗ​។

សូម​ជម្រាប​ដែរ​ថា ការរៀបចំ​ពិធី​កោរ​ជុក​សម្រាប់​កូនៗ ច្រើន​ប្រព្រឹត្តឡើង​នៅពេល​ដែល​កូន​មាន​អាយុ​១២​ឆ្នាំ​។ ចំពោះ​កូនស្រី មាតាបិតា​តែងតែ​ប្រយ័ត្ន​បំផុត ដោយ​មិន​ឲ្យ​គ្រប់​ការទាន់​នោះទេ ប៉ុន្តែ​បើ​ថ្លោះ​ធ្លោយ   ដោយ​ប្រការ​ណាមួយ​គេ​អាច​សន្មត់​ថា​មិន​ទាន់​គ្រប់​ការ​បាន​។ តាម​ទំនៀម​ចាស់​បុរាណ គេ​អាច​រៀបចំ​ពិធី​កោរ​ជុ​ក សម្រាប់​កូន​តែ​ម្នាក់ ឬ​ច្រើន​នាក់​បញ្ចូល​គ្នា ចាប់ពី ២​ទៅ​៣ ឬ​៤​នាក់​ក៏​បាន​ដែរ ពុំ​មាន​ខុសឆ្គង​អ្វី​នោះ​ទេ​។   

ជាទូទៅ​ពិធី​កោរ​ជុក​តែង​ដំណើរការ​ទៅ​រយៈពេល​២​ថ្ងៃ​១​យប់​។ នៅ​ថ្ងៃ​ទី​១ ពេលព្រឹក ញាតិមិត្ត​បងប្អូន មកជួបជុំ​គ្នា​ដើម្បី​ជួយ​រៀបចំ​ពិធី​។ លុះដល់​ពេល​រសៀល គេ​ចាប់ផ្ដើម​ពិធី​ជាដំបូង គឺ​ពិធី​សូត្រមន្ត​។ មុន​ចូល​ទៅ​ទទួល​ទឹកមន្ត​ពី​ព្រះសង្ឃ កុមារ​ដែល​ត្រូវ​កោរ​ជុក​ត្រូវ​ស្លៀកពាក់​សម្អិតសម្អាង​កាយ​យ៉ាង​ល្អ កុមារា​កុមារី ត្រូវ​តុបតែង​ខ្លួន​ដូច​កូនកំលោះ​កូនក្រមុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​អ៊ីចឹង​ដែរ​។ បន្ទាប់មក​គេ​ចាប់​បួងសក់​កំប៉ោយ​របស់​កុមារ ដោយ​ពាក់​អំបោះក្លុក​ព័ន្ធ​ជុំវិញ រួច​គេ​បន្តក់​ម្សៅ​ពី ៣, ៥ ឬ​៧ តំណក់​លើ​ថ្ងាស​កណ្ដាល​ប្រជុំ​ចិញ្ចើម អម​ជាមួយ​នឹង​ការសូត្រ​ពាក្យ​ពរ​ជ័យ​មួយចំនួន​ផង​។

ពិធី​ជា​បន្ត​ទៀត​គឺ ការ​ដេក​អង្ករ​រាប​។ ពិធី​ដេក​អង្ករ​រាប នេះ​គឺ​ត្រូវ​រៀបចំ​ដោយ​អាចារ្យ ដែល​តម្រូវ​ឲ្យ​កុមារ​ដេក​លើ​អង្ករ​ដែល​គេ​ក្រាល​លើ​កំណាត់​សំពត់​ស ដែល​ជា​សីលធម៌​មួយ​អប់រំ​កុមារ​ឲ្យមាន​ការយល់ដឹង​អំពី​គុណ​មាតាបិតា ដែល​បាន​ផ្ដល់កំណើត ព្រមទាំង​ខំ​ពពោះ​៩​ខែ​១០​ថ្ងៃ មុន​នឹង​សម្រាល​ចាក​ផុតឧ​ទ្ធ​រម្ដាយ​ឲ្យ​យល់​ពន្លឺព្រះអាទិត្យ​។ ក្រោយមក​ទៀត​គេ​ដាស់​កុមារ​ឲ្យ​ភ្ញាក់​ពី​ដំណេក នៅវេលា​ម៉ោង​៤​ទៀប​ភ្លឺ ដោយ​ឲ្យ​ងើប​អង្គុយ រួច​ឲ្យ​កុមាររាវ​ចាប់រករ​បស់​ដែល​គេ​បង្កប់​នៅក្នុង​អង្ករ ដើម្បី​ទាយ​ប្រផ្នូល​អនាគត​កុមារ​។ ចប់​ពិធី​នេះ អាចារ្យ​បន្ត​ពិធី​មួយ​ទៀត គឺ​ពិធីបង្វិលពពិល​ចំនួន​១៩​ជុំ ដែល​មាន​ស្ត្រី​ចំនួន​១២​នាក់​អង្គុយ​ព័ទ្ធជុំវិញ​។ ចប់​កិច្ច​នេះហើយ គេ​ឲ្យ​កុមារ​សម្រាក​រង់ចាំ​ពេលវេលា​សំពះ​ព្រះអាទិត្យ​។

នៅ​ថ្ងៃ​ទី​២ វេលា​ព្រឹក​ព្រហាម​ដែល​ព្រះអាទិត្យ​ជះ​រស្មី​ក្រហមឆ្អិនឆ្អៅ​ពី​ទិសខាងកើត អាចារ្យ​ដឹក​ដៃ​កុមារ​ដែល​ត្រូវ​កោរ​ជុក​ឲ្យមក​អង្គុយ​មុខ​រាន​ទេវតា​ដែល​រៀបចំ​រួច​ដើម្បី​សំពះ​ព្រះអាទិត្យ​។ ជា​កិច្ច​បន្ត អាចារ្យ​សូត្រធម៌​សព្វ​សាធុ​ការបណ្ដេញ​ឧបទ្រព​ចង្រៃ​ឲ្យ​ចាក​ឆ្ងាយ បន្ទាប់​មក​បន្ត​ភារកិច្ច​ដល់​ព្រះសង្ឃ​ជា​អ្នក​កោរ​ជំ​រះ និង​ឲ្យ​ពរជ័យ​។

ចំពោះ​សក់​ដែល​បាន​កោ​រហើយ​នោះ គេ​យកទៅ​ដាក់​ក្នុង​កន្ទោង រួច​យក​ទៅ​ប្រគាប​នឹង​ដើមឈើ​ធំៗ ជាពិសេស​គឺ​ដើម​ពោធិ៍​។ រួច​អាចារ្យ​ស្រោច​ទឹក​កុមារ និង​ឲ្យ​កុមារ​ផ្លាស់​សម្លៀក​បំពាក់​ចាស់​ចេញ ប្ដូរ​មក​ស្លៀកសំពត់​ស​ដើម្បី​បញ្ជាក់​ពី​ភាព​ស​ស្អាត​របស់​កុមារ​។ ពិធី​បន្ត កុមារ​ត្រូវ​រាប់បាត្រ និង​ប្រគេន​ភត្តាហារ​ចំពោះ​ព្រះសង្ឃ ហើយ​កិច្ចបញ្ចប់ គឺជា​ការលៀង​ភោជនាហារ​ចំពោះ​ភ្ញៀវ​។​

យ៉ាងណាក្ដី មក​ទល់​សព្វថ្ងៃ​នេះ ពិធី​កោរ​ជុក​ស្ទើរតែ​បាត់បង់​ព្រោះតែ​គ្មាន​អ្នក​ប្រតិបត្តិ​តាម​។ វា​សឹងតែ​ជា​រឿង​ធម្មតា​ទៅ​ហើយ​ការ​ដែល​លែង​សូវ​មាន​ប្រជាជន​បន្ត​ប្រតិបត្តិ ព្រោះ​ថា​ឆ្លង​ចូល​ដល់​សម័យ​ទំនើប​ភាវូបនីយកម្ម ប្រជាជន​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ចាស់ បោះចោល​ជំនឿ​ណា​ដែល​គេ​គិត​ថា​គ្មាន​ប្រយោជន៍ និង​ចាប់យក​អ្វី​ដែល​ថ្មី​តាម​បែប​វិទ្យាសាស្ត្រ​វិញ​។ បើ​ទោះជា​យ៉ាងនេះ​ក្ដី កូន​ខ្មែរ​គ្រប់រូប​ក៏​ត្រូវតែ​យល់ដឹង​ពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក​ឲ្យ​ដែរ​៕ (​ដោយ ៖​ចេ​ន សុជាតា​)

​ប្រភព​ឯកសារយោង​៖
​តន្ត្រី និង​ជីវិត​ខ្មែរ រៀបរៀង​ដោយ​អ្នកស្រី កែវ ណា​រុំ បោះពុម្ព​លើក​ទី​២ ឆ្នាំ​២០១១
​កម្រង​អត្ថបទ​ក្នុង​បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ លេខ​ទី​១ ធ្នូ​២០០៥-​ធ្នូ​២០០៦

ព័ត៌មានផ្សេងទៀត