សេដ្ឋកិច្ច​កម្ពុជា​កើនឡើង រំលង​អនាម័យ​ជនបទ​

12-11-2016 5:31 pm 16424


​ក្នុងខណៈដែល​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជា​លំដាប់ អគារ​ខ្ពស់​ស្កឹមស្កៃ​ផុស​ឡើង​ព្រោងព្រាត​នៅ​ទីក្រុង ក៏​ដូចគ្នា​នឹង​លំនៅដ្ឋាន​ថ្មីៗ​ត្រូវបាន​គេ​សាងសង់​នៅ​ទូទាំង​ប្រទេស ចាប់តាំងពី​ទីប្រជុំជន រហូត​ដល់​ជនបទ​ដាច់ស្រយាល​។​

​ប៉ុន្តែ ការប្រែប្រួល​មុខមាត់​ថ្មី​នៃ​សេដ្ឋកិច្ច​គ្រួសារ​នី​មួយៗ ហាក់ដូចជា​កើន​រំលង​បញ្ហា​អនាម័យ នៅ​ទីជនបទ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​រហូតដល់​ទៅ​៧​លាន​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​១៤​លាន​នាក់ ដែល​នៅ​បន្ត​បន្ទោ​របង់​ពាសវាល​ពាសកាល ដោយសារ​ផ្ទះ​របស់​ពួក​គេ​គ្មាន​បង្គន់​អនាម័យ​។ បើ​តាម​អ្នកជំនាញការ​ផ្នែកអនាម័យ និង​សុខភាព តួលេខ​នៃ​អ្នក​បន្ទោរ​បង់​ក្រៅ​បង្គន់​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​គឺជា​ស្ថិតិ​ដែល​គួរឲ្យភ្ញាក់ផ្អើល បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​ចិន​ចំនួន​ជាង​១៣០០​លាន​នាក់ ដែលមាន​អ្នក​បន្ទោរ​បង់​ក្រៅ​បង្គន់​ចំនួន​តែ​១០​លាន​នាក់​ប៉ុណ្ណោះ​។​

​ជាក់ស្ដែង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្នុងចំណោម​២០​ភូមិ មានតែ​៣​ភូមិ​ប៉ុណ្ណោះ​ដែល​មាន​បង្គន់​ប្រើប្រាស់​ទាំងស្រុង​។ ជា​បន្ត​សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយថា​ន ​រស្មី​៖

សំឡេងទាំងស្រុង៖​

​ប្រទេស​កម្ពុជា​នៅ​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​កំណើត​សេដ្ឋកិច្ច​ហាក់​មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់ ប៉ុន្តែ​ផ្ទុយទៅវិញ តាម​ការសិក្សា​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​បង្ហាញថា ទោះ​បី​ជា​​កំណើនសេដ្ឋកិច្ច​កើនឡើង​ច្រើនក្ដី តែ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​បង្គន់​អនាម័យ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​ជា​ពិសេស​ប្រជាជន​នៅ​ជនបទ​។ នៅ​ចម្ងាយ​ប្រមាណ​តែ​១៥០​គីឡូម៉ែត្រ​ក្នុង​ភូមិ​ខ្នាច​ឃុំ​ស្រទ្បប់ ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ឃុំ​គោលដៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​Plan អន្តរជាតិ​ក្នុង​ការលើកកម្ពស់​ការ​ប្រើប្រាស់​បង្គន់ ដែល​បាន​ចុះ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំ​មកហើយ​នោះ ក៏​នៅតែ​មាន​ការប្រើប្រាស់​បង្គ​ន់​តិចតួច​ដដែល​។​

​ការ​មិន​មាន​បង្គន់​ប្រើប្រាស់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើងថា មក​ពី​មិន​មាន​ប្រាក់​គ្រាប់​គ្រាន់​ក្នុង​ការសាងសង់​។ ជាក់ស្ដែង​កុមារា​សំអាត សំអុន​វ័យ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៤​ថា​ផ្ទះ​របស់​ប្អូន​មិន​មាន​​បង្គន់​ប្រើប្រាស់​នោះ​ទេ ដោយសារ​តែ​ឪពុក ម្ដាយ​របស់​ប្អូន​មាន​ជីវភាព​ក្រីក្រ តែ​យ៉ាងណា​រូប​ប្អូន​ផ្ទាល់​មិន​ចង់​ទៅ​បន្ទោបង់​ពាសវាល​ពាសកាល​ដែរ​.....

​សំឡេង​កុមារា​សំអាត សំអុន​៖

​ការ​បន្ទោបង់​ពាសវាល​ពាសកាល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​នោះទេ​តែ​ថែមទាំង​មិន​មាន​សុវត្ថិភាព​ទៀត​ផង​ចំពោះ​ស្ត្រី​និង​កុមារី តាម​ការ​ឲ្យដឹង​ពី​យុវ​តីគង់ គន្ធា​កំពុង​សិក្សា​ថ្នាក់ទី​៩ ដែល​ជា​គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ​ជាច្រើន​ដែល​រស់នៅ​ក្នុងភូមិ​ខ្នា​ចនេះ បាន​លើកឡើង​ថា​គ្រួសារ​ប្អូន​គ្មាន​លុយ​ធ្វើ​បង្គន់​ប្រើប្រាស់​នោះទេ ហើយ​រៀង​រាល់​ពេល​ដែល​ប្អូន​ទៅ​បន្ទោបង់​នៅ​ព្រៃ​ក្រោយ​ផ្ទះ​ម្ដងៗ​ប្អូន​តែងតែ​មាន​ការភ័យខ្លាច​ពី​សុវត្ថិភាព​របស់​ប្អូន​ផងដែរ​......

​សំឡេង​យុវតី​គង់ គន្ធា​៖

​មិន​ត្រឹមតែ​ធ្វើឲ្យ​មាន​ការភ័យខ្លាច​ពី​សុវត្ថិ​ភាព​នោះទេ តែ​ក៏​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ការ​មិន​មាន​បង្គន់​ប្រើប្រាស់​នេះ​ជាក់ស្ដែង​ប្អូនប្រុស​សំអាត​សំអុន បានឲ្យដឹងថា កន្លែង​ដែល​ប្អូន និង​អ្នកភូមិ​ផ្សេង​ទៀត​ទៅ​បន្ទោបង់​នោះ​នៅ​ជិត​មាត់​ស្រះ និង​វាលស្រែ ដែល​ជា​កន្លែង​ប្រជាពលរដ្ឋ​នៅ​ទីនោះ ទៅ​រក​ត្រី រាវ​ខ្ចង​មក​បរិភោគ និង​ដើម្បី​លក់​ជា​ដើម​។ ដូច្នេះ​កុមារា​សំអុន​និយាយថា​គេ​ពិតជា​ចង់បាន​បង្គន់​ខ្លាំងណាស់​....

​សំឡេង​កុមារា​សំអាត​សំអុន​៖

​ការ​មិន​ប្រើប្រាស់​បង្គន់​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដឹង​ពី​បញ្ហា​ប្រឈម​ថា និង​កើត​អ្វីខ្លះ​លើ​សុខភាព ក៏ដូចជា​សុវត្ថិភាព​នោះ តែ​យ៉ាងណា​ការ​មិន​មាន​ថវិការ​ក្នុង​ការសាងសង់ គឺ​នៅតែ​ជា​មូលហេតុ​ចំបង​ដដែល នេះ​បើ​តាម​អ្នកស្រី​កាយ សុភាព​ជា​កសិករ​ចង់បាន​បង្គន់​តែ​គ្មាន​សមត្ថភាព​ទោះបី​បង្គន់​មួយ​មាន​តំលៃ​ប្រមាណ​ជា​២៤​ម៉ឺន​រៀល​ក៏ដោយ​.....

​សំឡេង​អ្នកស្រី​កាយ សុភាព​៖

​ដោយឡែក​អ្នកស្រី​ពេញ គា វ័យ​៥៨​ឆ្នាំ រស់នៅ​ជាមួយ​ចៅ​តូចៗ​២​នាក់​បាន​លើកឡើង​ថា អ្នកស្រី​បច្ចុប្បន្ន បន្ទោបង់​ដោយ​កាប់​ដី​កប់ ទោះបីជា​មាន​លទ្ធភាព​អាច​សង់​បង្គន់​ខ្នាត​តូច​បាន​ក្ដី តែ​អ្នក​ស្រី​​មិន​ចង់​ធ្វើ​បង្គន់​ដែល​មាន​តម្លៃថោក ហើយ​តូចចង្អៀត​នោះទេ ដោយ​អ្នកស្រី​ចាំ​សន្សំ​លុយ​ឲ្យបាន​ច្រើនសិន ដើម្បី​សាងសង់​បង្គន់​ដែល​ធំ​ល្មម​....

​សំឡេង​អ្នកស្រី​ពេញ គា​៖

​បើ​តាម​ការបញ្ជាក់​ពី​លោក​សុង ឆាន់ ក្រុមប្រឹក្សា​ឃុំ​ស្រទ្បប់ ដែល​បាន​ណែនាំ​អ្នកភូមិ​នៅក្នុង​២០​ភូមិ​អោយ​ប្រើប្រាស់​បង្គន់​អនាម័យ បាន​និយាយថា បញ្ហា​សំខាន់​ដែល​ប្រជាជន​នៅក្នុង​ភូមិ​របស់ គាត់​មិន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ គឺ​ដោយសារតែ​ពួកគេ​ក្រ មិន​មាន​ថវិកា​គ្រប់គ្រាន់​ទោះបី​ពួកគេ​មាន​ការយល់ដឹង​ពី​បញ្ហា​បន្ទោបង់​ក្រៅ​បង្គន់​អនាម័យ​ក៏ដោយ​។​បន្ទាប់​ពី​ការណែនាំ ផ្តល់​ចំនេះ​ដឹង​ដល់​អ្នកភូមិ​ដែល​មាន​ការជំរុញ​ពី​យូ​នី​សេ​ហ្វ ក្រសួង​អភិវឌ្ឍន៍ជនបទ និង Plan អន្តរជាតិ​គឺ​ប្រជាជន​ប្រមាណ​ជា​៧០​ភាគរយ​បាន​ធ្វើ​បង្គន់​ប្រើប្រាស់ ដោយ​សល់​តែ​៣០​ភាគរយ​ទៀត​គឺ​ពុំ​មាន​ថវិកា​ដើម្បី​ធ្វើ​បង្គន់​អនាម័យ​។​

​សំឡេង​លោក​សុង ឆាន់​៖

​គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បង្ហាញថា​ប្រទេស​កម្ពុជា​ចំនួន​នៃ​បង្គន់​អនាម័យ​មាន​តិច​ជាង​ចំនួន​ទូរស័ព្ទ​ដែល​ប្រជាជន​ប្រើប្រាស់​ដោយ​ប្រជាជន​ប្រមាណ​១០​​លាន​នាក់​បន្ទោបង់​ពាសវាល​ពាសកាល​គ្មាន​បង្គន់​ប្រើប្រាស់​ក្នុងនោះ​៩៥​ភាគរយ​ជា​ប្រជាជន​នៅ​ជនបទ​។​នៅ​ក្នុង​មួយ​ថ្ងៃ​មាន​លាមក​ប្រមាណ​៣០០០​តោន​ស្ថិតនៅ​ក្រៅ​បង្គន់​ដោយ​នៅក្នុង​បរិមាណ​នៃ​លាមក​៣០០​ក្រាម​ក្នុងនោះ​មាន​១,៣​ជា​កាកសំណល់​អាហារ​និង​២.៣​ជា​មេរោគ​ជាមួយគ្នានេះ​លាមក ១​ក្រាម​ផ្ទុក​វីរុស​ចំនួន​១០​លាន​បាក់តេរី​១​លាន​ប៉ារ៉ាស៊ីត​១០០០​និង​ពង​ព្រូន​ប្រ​មាណ​១០០​។​បើ​បៀ​ប​ធៀប​នឹង​ប្រទេស​ជិតខាង ប្រទេស​កម្ពុជា​គឺ​មាន​ការប្រើប្រាស់​បង្គន់​តិច​ជាង​គេ​ដោយ​ស្ថិត​នៅ​ចំណុច​ក្រោម​៥០​ភាគរយ នៃ​ចំនួន​អ្នកប្រើប្រាស់​បង្គន់​៕

ព័ត៌មានផ្សេងទៀត