ស្នាមញញឹមកុមារ​ក្រីក្រក្រោយទទួលបានសម្ភារៈសិក្សា​!

11-10-2016 3:57 pm 1978

​កុមារ​៣០០​នាក់ បាន​ទទួល​នូវ​សម្ភារ​សិក្សា និង​សម្លៀកបំពាក់ ដើម្បី​ជួយ​សម្រួល​ ដល់​ការសិក្សារបស់​ខ្លួន ​ពី​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​។ ការ​ផ្ដល់​ជូន​គឺ​ដោយសារ​ មើលឃើញ​ថា កុមារ​ភាគ​ច្រើន ​មាន​ការខ្វះខាត​ នូវ​សម្ភារៈសិក្សា ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ​។ ក្រៅពី​ការផ្ដល់ជូន ​នូវ​សម្ភារ​សិក្សា​នៅ​ពេល​នេះ អង្គការ​សកម្មភាព​យុវជន​ ក៏​មាន​ការបង្ហាត់បង្រៀន​ជំនាញ​​កុំព្យូទ័រ និង​ថ្នាក់​ភាសា​អង់គ្លេស ដោយ​ឥតគិតថ្លៃ​ ដល់កុមារ​ដែល​ចង់​សិក្សា​រៀនសូត្រ​ថែមទៀត​ផង​។ លោក​សន សុផាត ​ប្រធាន​អង្គការ​សកម្មភាព​យុវជន​កម្ពុជា បានឲ្យដឹង​ថា​ ដោយ​សារ​​តែ​ជិត​ដល់​រដូវ​បវេសនកាល ទើប​អង្គការ​របស់​លោក មានការ​ចែក​ជូន​នូវ​សម្ភារៈ​សិក្សា​ទាំង​នេះដល់​កុមារ​....

 

​សំឡេង​លោក​សន សុផាត​៖

 

​ចំពោះ​សម្ភារៈ ដែល​ទទួលបាន​​ គឺ​បាន​ពី​សប្បុរសជនទាំង​ក្នុង ​និង​ក្រៅប្រទេស ដែល​បាន​ផ្ដល់​មក​អង្គការ​សកម្មភាព​យុវជន​​។ ក្រោយទទួលបាន​សម្ភារ​​សិក្សាទាំងនេះ ប្អូនៗកុមារបាន​បង្ហាញ​នូវ​អារម្មណ៍ ​សប្បាយរីករាយ​យ៉ាងខ្លាំង។ ​កុមារី​អឹម ស្រី​ពេជ្យ បាន​លើកឡើង​ថា​ ការទទួល​ផ្ដល់​ជូន​នេះ គឺជា​រឿង​ល្អ​មួយ​សម្រាប់​ប្អូន ក្នុង​ការសិក្សា​រៀនសូត្រ ហើយ​ក៏​បាន​ជួយ ​ដល់​កុមារ​ក្រីក្រ​ផ្សេង​ទៀត​ឲ្យមាន​សម្ភារៈប្រើប្រាស់​គ្រប់គ្រាន់​ផង​ដែរ​....

 

​សំឡេង​កុមារី​អឹម ស្រី​ពេជ្យ​៖

 

​កុមារី​សម្បុរ​ស្រ​អែមវ័យ​១៣​រូបនេះ ​បាន​បញ្ជាក់បន្ថែមថា ប្អូន​នឹង​ថែរក្សាព្រមទាំង​យក​សម្ភារ​ទាំងនោះ​ទៅ​សិក្សា និង​ទុកដាក់​ឲ្យបាន​ល្អ​....

 

​សំឡេង​កុមារី​អឹម ស្រី​ពេជ្យ​៖

 

​មិន​ខុស​គ្នាប៉ុន្មានដែរ កុមារា​ម្នាក់ដែលកំពុងសិក្សា​ថ្នាក់​ទី​០៧ ឈ្មោះ​ហេង វុ​ធ​ទី​ បាន​បង្ហាញ​ពីភាពសប្បាយរីករាយ មិនតែប៉ុណ្ណោះ​ប្អូនប្រុស​ ចង់​ឲ្យ​អង្គការ​នេះ បង្កើត​កម្មវិធីសិក្សា និង​មាន​ការ​ផ្ដល់​ជូន​​បែប​នេះ បន្តទៀត ដើម្បី​បាន​ជួយ​ដល់​កុមារ​ក្រីក្រ បាន​រៀនសូត្រ​ដូច​ជា​ប្អូន​ដែរ ព្រោះ​ថា​កុមារ​គឺ​មាន​សិទ្ធិ​ដូចៗ​គ្នា​....

 

​សំឡេង​កុមារា​ហេង វុ​ធ​ទី​៖

 

​ក្មេងប្រុស​តូច​ល្អិត និង​មាន​សម្ដី​ច្បាស់ៗ​រូបនេះ បានបញ្ជាក់​ថា ចាប់តាំងពី​មាន​សាលា​ដែល​បង្កើតឡើង​ ដោយ​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​រួច​មក គឺ​បាន​ធ្វើឲ្យ​កុមារ​នៅ​ទីនេះ​បាន ចូល​រៀន​​គ្រប់ៗ​គ្នា​ទាំង កុមារ​ក្រីក្រ និង​មិន​ក្រីក្រ​....

 

​សំឡេង​កុមារា​ហេង វុ​ធ​ទី​៖

 

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះជា​លើក​ដំបូង​ហើយ ដែល​អង្គការ​បាន​រៀបចំ​ ការចែកជូន​នូវ​សម្ភារ​សិក្សាដល់កុមារក្រីក្រ ខ្វះខាតសំភារៈសិក្សា។ អង្គការ​ស​កម្ម​ភាព​​យុវជន​កម្ពុជា​ ​បាន​បង្កើតឡើង​ នៅ​ឆ្នាំ​២០០៤ ​មាន​ទីតាំង​នៅ​ស្រុក​អង្គ​ជ័យ ខេត្ត​កំពត ដែល​មាន​ការបង្រៀន​កុំព្យូទ័រ ភាសា​អង់គ្លេស និងមានបណ្ណាល័យសម្រាប់កុមារចូលអានផងដែរ។លោក​សន សុផាត ​ប្រធាន​អង្គការ​សកម្មភាព​យុវជន​កម្ពុជា​បានឲ្យដឹងថា មូលហេតុ​ដែល​លោក​បង្កើត​អង្គការ​នេះ​ឡើង គឺ​ដោយសារលោក​ធ្លាប់​ មាន​ការលំបាក ​ក្នុង​ការសិក្សា​ភាសា​អង់គ្លេស និង​កុំព្យូទ័រ កាល​ពី​ថ្នាក់​វិទ្យាល័យ ដោយសារតែ​ជីវភាព​ក្រីក្រ​៕

ព័ត៌មានផ្សេងទៀត