លុបចោល​ការជាប់​គ្រូ​ ដោយ​ស្វ័យប្រវត្តិ ជា​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​

23-09-2016 9:03 am 3093

អនុវត្ត​បាន​ត្រឹម​​ពីរ​​ឆ្នាំ ចំណាត់ការ​​របស់​ក្រសួង​អប់រំ ដែល​​ជ្រើស​រើស​​សិស្ស​​ដែល​​ប្រឡង​​ជាប់​​និទ្ទេស​​A B C ឱ្យ​ជាប់​ជា​គ្រូ បង្រៀន​​ដោយ​ស្វ័យប្រវត្តិ ត្រូវបាន​លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន លុប​ចោល ក្រោម​ហេតុ​ផល​​មួយចំនួន​។ ការលុបចោល​​ចំណាត់ការ​នេះ ត្រូវបាន​​និស្សិត និង អាណាព្យាបាល​​សិស្ស សម្ដែង​ការ​សាទរ ​ដោយហេតុ​ថា វា​ជា​ការ​ផ្ដល់​ឱ្យ​កាស ឱ​​មាន​ការប្រគួតប្រជែង ដើម្បី​ពង្រឹង​​គុណភាព​​វិស័យ​អប់រំ​។​​


​លោក ប្រាជ្ញ បញ្ញា និស្សិត ឆ្នាំ​ទី​៣ នៃ​​សាកលវិទ្យាល័យ​​ភូមិន្ទ​​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យល់ថា សិស្ស​​ដែល​ប្រឡង​បាន​និទ្ទេស​ទាប​ដូច​ជា D និង​E មិន​ប្រា​កដ​ថា​មាន​ចំណេះដឹង​ទាប​ជាង​​អ្នក​ប្រឡង​​ជាប់​និទ្ទេស​A B C ឡើយ​។ លោក​បាន​បង្ហាញ​​ទស្សន​វិជ្ជមាន​​ចំពោះ​​រដ្ឋាភិបាល ដែល សំរេច​ឱ្យ​ក្រសួង លុបចោល​​ការជាប់​គ្រូ ដោយ​​ស្វ័យប្រវត្តិ​នេះ ព្រោះ​​ថា​វា​​ផ្ដល់​​ឱកាស​ដល់​សិស្ស​​និទ្ទេស​​D និង​E ឱ្យ​ពួកគេ​មាន​ឱ​កាស​ប្រកួត​ប្រជែ​ង​​ដើម្បី​ក្លាយ​​ជា​គ្រូបង្រៀន​............


​សំឡេង លោក ប្រាជ្ញ បញ្ញា​៖


​មិន​ត្រឹមតែ​អាច​ផ្ដល់​ឱកាស​ដល់​សិស្ស​និទ្ទេស​D និង​E តែ​លោក​​បញ្ញា​យល់ថា ការតម្រូវ​ឱ្យ​​មាន​ការ​ប្រឡង​គ្រូ​ដោយ​ស្មើភាព​​នេះ ក៏​អាច​ផ្ដល់​ឱកាស​​ដល់​​រូបលោក និង​និស្សិត​​ផ្សេង​​ទៀត​​ដែល​បន្ត​ការ​សិក្សនៅ​​សាកលវិទ្យា​ល័យ មាន​ឱ្យ​​ការប្រឡង​គ្រូ ផងដែរ​។ ហើយ​វា​​ក៏​​ជា​ការប្រគួតប្រជែង​​សម​ត្ថភាព​មួយ​​ដ៏​ស្វិតស្វាញ ដើម្បី​គុណភាព​​វិស័យ​អប់រំ​.........


​សំឡេង​លោក ប្រាជ្ញ បញ្ញា​៖


​ស្រដៀង​គ្នា​នេះដែរ ព្រះ​តេជគុណ រឿន រាជ ដែល​ជា​សា​មណៈ​និស្សិត ថ្នាក់​​បរិញ្ញាប័ត្រ​ផ្នែក​អក្សរ​សាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​​បញ្ញា​សាស្ត្រ យល់ថា ចំណុច​​ល្អ​ដែល​រដ្ឋាភិបាល​លុបចោល​​ការជ្រើសរើស​​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ត្រង់​ថា​វា​​បាន​ផ្ដល់​នូវ​​សុ​ក្រិត​ភាព និង​មិន​រើសអើង​​ចំពោះ​សិស្ស​ក្រីក្រ ដែល​ត្រៀម​​សមត្ថភាព​ក្នុង​ការប្រឡង​គ្រូ​..............
​​

សង្ឃដីការ​ព្រះ​តេជ​គុណ រឿន រាជ​៖


​សា​មណៈ​និស្សិត អង្គ​នេះ បាន​​បន្ថែមថា លទ្ធផល​​នៃ​​ការ​ប្រឡង​បាក់​ឌុប​​ឆ្នាំនេះ មាន​សិស្ស​ជាប់​​និទ្ទេស A B C ច្រើន ដូច្នេះ​ការជ្រើស​រើស​​​គ្រូ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ​ វា​នឹង​លើស​ចំនួន​​បេក្ខជន ដែល​ក្រសួង​​អប់រំ​​ត្រូវការ ​ដែល​ធ្វើឱ្យ​អ្នក​​​ដែល​​មិន​បាន​​ជាប់​​ជា​គ្រូ​​បង្រៀន​​​ត្រូវ​អន់ចិត្ត​..............


​សង្ឃដីការ​ព្រះ​តេជ​គុណ រឿន រាជ​៖


​កំពុង​អង្គ​យ​លើ​ម៉ូតូ ក្បែរ​របង ចាំ​កូន​ប្រុស​ចេញពី​​សាលារៀន លោក​​ផល្លា ពលរដ្ឋ​ម្នាក់​​រស់នៅ​ក្នុង​ក្រុង​​តាខ្មៅ ខេត្ត​​កណ្ដាល ចង់​ឱ្យ​​រដ្ឋាភិបាល និង​​ក្រសួង​​ដែល​​​ពាក់ព័ន្ធ គួរ​ផ្ដល់​​ឱកាស​​​ដល់​និស្សិត ដែល​រៀន​​​បាន​ខ្ពស់​មាន​​ឱកាស​​ក្លាយ​ជា​​គ្រូបង្រៀន ក្នុង​​ក្រប​ខ័ណ្ឌ​រដ្ឋ​។ លោក​បាន​បង្ហាញ​​ការ​សោកស្ដាយ ដែល​កាល​ពី​​ជំនាន់​​របស់​ខ្លួន​​មិន​បាន​​ប្រឡង​ធ្វើជា​​គ្រូបង្រៀន ត្បិត​​រូប​លោក​មាន​សមត្ថភាព​​រៀន​ត្រឹម​​ចប់​បាក់​ឌុប​........​


​សំឡេង លោក ផល្លា​៖


​ដោយ​មិន​ចង់ឱ្យ​កូន​មាន​វាសនា ដូច​ខ្លួន លោក​ផល្លា កំពុង​ព្យាយាម​បណ្ដុះបណ្ដាល​​កូនប្រុស​របស់​ខ្លួន ឱ្យ​ខិតខំ​រៀនសូត្រ និង​គាំទ្រ​កូនប្រុស​​ក្នុង​ប្រឡង​ធ្វើជា​​គ្រូបង្រៀន នៅពេល​​អ​នា​គត់​។​.........

​សំឡេង លោក ផល្លា​៖


​សូមបញ្ជាក់​ថា ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​​សិស្ស​និទ្ទេស A  ទូទាំង​ប្រទេស កាល​ពី​​ថ្ងៃ​ទី​២១ កញ្ញា​នេះ លោក​នាយក​​រដ្ឋមន្ត្រី បាន​​ប្រកាស​​លុប​ចោល​​ចំណាត់​ការ​មួយ​​នេះ ដោយ​តម្រូវឱ្យ​បេក្ខជន ដែល​​មាន​បំណង​​​ចង់​​ធ្វើ​គ្រូ ត្រូវ​ឆ្លង​កាត់​​ការប្រឡង ជា​​ធម្មតា​វិញ​។​​
​​

សូមជម្រាបថា បន្ទាប់​ពី​​រឹតបណ្ដឹង​គុណភាព នៃ​ការប្រឡង​​បាក់​​ឌុប មាន​រយៈ​ពេល​​ពីរ​ឆ្នាំ​ហើយ ដែល​ក្រសួង​​អប់រំ បាន​ប្រកាស​​ជ្រើសរើស​​បេក្ខជន​​ដែល​​ប្រឡង​ជាប់​​​និទ្ទេស​A B និង​​C ​ឱ្យ​​​ជាប់​​ជា​គ្រូ​បង្រៀន ដោយ​​មិន​ចាំ​បាច់​​ឆ្លង​កាត់​ការប្រឡង​។ តែ​យ៉ាងណា​ ចំណាត់​ការ​នេះ ក៏​មាន​ការរិះ​​គន់​​​ផងដែរ ពី​អតីត​សិស្ស ​មួយចំនួន​​​ ដែល​មាន​​បំណង​​ចង់​​ប្រឡង​​ធ្វើជា​គ្រូ​បង្រៀន​៕
​(ដោយ៖ គីម ចាន់ចាវ)

ព័ត៌មានផ្សេងទៀត