ពលរដ្ឋ​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្ងៃ​ដំបូង ជឿជាក់​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី​

01-09-2016 4:16 pm 4245


​នៅ​ព្រឹក​ថ្ងៃទី​១ សីហា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​​មួយចំនួន​បាន​រូតរះ​មក​ទាំង​ព្រឹក ដើម្បី​បំពេញ​​តួនាទី​របស់​ខ្លួន​ជា​ពលរដ្ឋ ឱ្យ​បាន​​រួចរាល់ ក្នុង​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​​ជ្រើស​ថ្នាក់ដឹកនាំ​ក្នុង​ភូមិ​-​ឃុំ​របស់​ខ្លួន បើ​ទោះបីជា​ឱកាស នៃ​ការចុះ​ឈ្មោះ​នេះ មាន​រយះពេល​រហូតដល់​​៣​ខែ​ក៏​ដោយ​។

 

កន្លងមក​ធ្លាប់តែ​មាន​​ការលើក​ឡើង​​ពី​ខាង​​គណៈ​កម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) និង​មន្ត្រី​អង្គការ​សង្គម​​ស៊ីវិលមួយ​ចំនួន អំពី​សុ​ក្រិត​ភាព នៃ​ប្រព័ន្ធ​ចុះ​​ឈ្មោះ​​បោះឆ្នោត​ថ្មី​។ ថ្ងៃ​ដំបូង​នៃការ​​ចុះឈ្មោះ​បោះឆ្នោត​នេះ ពលរដ្ឋ​បាន​បង្ហាញ​នូវ ជំនឿ​ជា​ក់​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ថ្មី ថា​នឹង​មិន​មាន​​បញ្ហា​ប្រទាំង​​ប្រទើស ដូច​អាណត្តិ​​មុនៗ​ឡើយ​។​


​កំពុង​អង្គុយ​លើ​កៅអី រងចាំ​លេខ​រៀង​ចូល​ក្នុង​ការិយាល័យ​​ចុះ​​ឈ្មោះ​បោះឆ្នោត​​នៅ​សាលា សង្កាត់​បឹង​កេងកង​៣ លោក​មាស រ៉ូណែត ប្រជាពលរដ្ឋ ដែល​មកពី​ភូមិ​១ ក្នុង​សង្កាត់​បឹង​កេងកង​​៣​នេះ បាន​លើកឡើង​ថា ដោយសារតែ​លោក មិនទាន់​រវល់​នឹង​ការងារ លោក​ក៏​សម្រេចចិត្ត​មក​សាលា​សង្កាត់​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​រួចរាល់ នៅ​ព្រឹក​ថ្ងៃទី​១ កញ្ញា​នេះ​។ លោក​ថា គ្រួសារ​​របស់​​លោក​នឹង​អញ្ជើញ​មក​ចុះ​​ឈ្មោះ​បោះ​ឆ្នោត​​នៅពេល​ក្រោយ ​តាម​ការស្ម័គ្រ​ចិត្ត​របស់​ពួកគេ​..........


​សំឡេង​លោក មាស រ៉ូណែត​៖​


​កាន់​អត្តសញ្ញាណប័ណ្ណ ជាមួយនឹង​បង្កាន់ដៃ​បញ្ជាក់​ការចុះឈ្មោះ​​បោះឆ្នោត ដើរចេញ​ពី ការិយាល័យ បន្ទាប់​ពី​ចុះឈ្មោះ​រួច បុរស​វ័យ​៦៥​ឆ្នាំ គឺ​លោក ឡឹង ប៉ូ​លី បាន​មាន​ប្រសាសន៍ ថា ដោយ​សារ​តែ​ខ្លាច​ពេល​​ក្រោយ​មាន​ការ​ចង្អឿត​ពេក ទើប​លោក សម្រេចចិត្ត​មក​ចុះឈ្មោះ នៅ​ព្រឹក​ថ្ងៃ​ដំបូង​​នេះ ឱ្យ​រួចរាល់ ទាំង​កំពុង​​មាន​បញ្ហា​សុខភាព​...........


​សំឡេង​លោក ឡឹង ប៉ូ​លី​៖​


​ថ្វីបើ​មិន​អាច​កំណត់​ថា​មាន​រយៈ​ពេល​ប៉ុន្មាន បុរស​វ័យ​ចំណាស់​រូបនេះ បាន​អះអាង​ថា ការចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​កុំព្យូទ័រ បែប​ថ្មី​នេះ មាន​ភាព​រហ័ស​ជាង ការចុះ​ឈ្មោះ​​កាលពី​អាណត្តិ​មុនៗ​។ មិន​ត្រឹមតែ​រហ័ស ថែមទាំង ផ្ដល់​នូវ​ទំនុកចិត្ត​ថា​ ​មាន​ភាពត្រឹមត្រូវ​ខ្លាំង​ជាង​មុន​ផងដែរ​............ 


​សំឡេង​លោក ឡឹង ប៉ូ​លី​៖​


​ដោយ​ខ្លាច​ពេល​ក្រោយ​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​​ច្រើន លោក ឡុង ហាក់ បាន​ឆ្លៀត​ពេល​ពី​ការងារ​មួយ​ព្រឹក ដើម្បី​មក​ចុះ​ឈ្មោះ​​បោះឆ្នោត​។ លោក​ចុះ​ឈ្មោះ​រួច​រាល់​​នៅ ម៉ោង​ប្រមាណ​៩:00 ព្រឹក​។ លោក និង​ភរិយា​មក​ចុះ​​ឈ្មោះ​មុន ទុក​ជា​គំរូ ទើប​ណែនាំ​ដល់​កូនៗ ឱ្យ​មក​ចុះ​ឈ្មោះ​ជា​ក្រោយ​...........


​សំឡេង លោក ឡុង ហាក់​៖​


​មិន​ខុស​ពី​អ្នក​ចុះ​ឈ្មោះ​មុនៗ លោក ឡុង​ហាក់ យល់ថា ការចុះ​ឈ្មោះ​​តាម​ប្រព័ន្ធ​ថ្មី​នេះ មាន​ការងាយស្រួល​ច្រើន និង​មាន​ភាពកក់ក្តៅ​​ថា​នឹង​គ្មាន​បញ្ហា​បាត់​ឈ្មោះ និង​ការបន្លំ​ឈ្មោះ​​ផ្សេងៗ​។ បុគ្គលិក​គ​.​ជ​.​ប បាន​បញ្ហា​ក់​​ឱ្យ​លោក ពិនិត្យមើល​ឈ្មោះ​ឱ្យ​បាន​ត្រឹមត្រូវ មុននឹង ចាក​ចេញ​ពី​ការិយាល័យ​........... 


​សំឡេង លោក ឡុង ហាក់​៖​


​មាន​វ័យ​៦៨​ឆ្នាំ​លោក ហាវ គៀ មានប្រសាសន៍​នៅ​មុខ ការិយាល័​ចុះ​ឈ្មោះ​បឹង​កេងកង​៣ ថា លោក​ប្រើពេល​​ប្រមាណ​តែ​១០​នាទី​ប៉ុណ្ណោះ សម្រាប់​ការចុះឈ្មោះ​បោះ​ឆ្នោត​​នៅ​ពេល​នេះ​។ ក្នុង​​ពេល​​ចុះ​ឈ្មោះ​​លោក​បាន​ផ្ទៀងផ្ទាត់ ខ្លួនឯង​យ៉ាង​ជាក់ស្ដែង ដោយ​ទំនុកចិត្ត ដែល​រំពឹង​ថា​ ​នឹង​មាន​ភាព​សុក្រឹត​ត្រឹមត្រូវ​...........


​សំឡេង លោក ហាវ គៀ​៖​


​សូមបញ្ជាក់​ថា ការចុះឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី​នេះ ប្រព្រឹត្ត​ឡើង​រយៈ​ពេល​ជិត​៣​ខែ ចាប់ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា រហូត​ដល់​​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ជាមួយគ្នា​នេះ​ការចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​មាន​​ថ្ងៃ​ឈប់​សម្រាក​ឡើយ គឺធ្វើឡើង​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ ដោយ​ពេល​ព្រឹក​​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​១១ ថ្ងៃត្រង់ និង​ពេល​​រសៀល​ចាប់ពី​​ម៉ោង​១ ដល់​ម៉ោង​​៥:៣០​នាទី​ល្ងាច​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត