ACU​​ច្រានចោល​ការ​ចោទ​​ប្រកាន់​​​របស់​ជនអនាមិក​លើលោក​ផ្កាយ​៣រុន​ រ័ត្នវាសនា​

28-07-2016 8:58 am 1329

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) នា​ពេល​ថ្មីៗ​នេះ បានសម្រេច​ទទួលយក​ការបំភ្លឺ​ពី​លោក​រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ពី​បណ្តឹង​របស់​ជនអនាមិក​។ អង្គភាព​ក៏បានផ្តល់​ភាពយុត្តិធម៌​ដល់​លោក​ផ្កាយ​បី​រូប​នេះ​ផងដែរ​។​

 

​នៅក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ផ្ញើ​ទៅកាន់ ប្រធាន​នាយកដ្ឋាន​នគរបាល​ច​រាចរណ៍​ឲ្យដឹងថា អង្គភាព​បានទទួល និង​ពិនិត្យ​លើ​លិខិត​បំភ្លឺ​របស់​លោក​រុន រ័ត្ន​វាសនា រួចហើយ​។ ជាមួយគ្នានេះ ACU​ស្នើ​ឲ្យ​លោក​រុន រ័ត្ន​វាសនា ផ្សព្វផ្សាយ​នូវ​លិខិត​បំភ្លឺ​របស់​ខ្លួន នៅក្នុង​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ ដើម្បី​បញ្ចប់​នីតិវិធី​បឋម​នៃ​ការទទួល​ពាក្យបណ្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

 

​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​នគរបាល​ចរា​ច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា អះអាងថា ACU​បាន​បានផ្តល់​ភាពយុត្តិធម៌​ស្អាតស្អំ និង​ច្រាន​ចោល​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មកលើ​លោក​រុន រ័ត្ន​វាសនា​។​

 

​សូមបញ្ជាក់​ថា កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ លោក​រុន រ័ត្ន​វាសនា បាន​ទទួលរង​នូវ​ពាក្យបណ្តឹង​ពី​ជនអនាមិក​ចំនួន​៦​ចំណុច ដោយ​ក្នុង​បណ្តឹង​នោះ​អះអាងថា លោក​ផ្កាយ​បី​រូប​នេះ​មិន​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ ព្រមទាំង​បានដាក់​មន្ត្រីនគរបាល​តាម​គោលដៅ​ការិយាល័យ​ជំនាញ និង​តាម​គោលដៅ​ប្រមូល​លុយ​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​តាម​ផ្លូវជាតិ គឺ​យក​សុទ្ធតែ​បក្ខពួក​របស់​ខ្លួន​។​

 

​យ៉ាងណា ជុំវិញ​ករណី​នេះ លោក​រុន រ័ត្ន​វាសនា បាន​ចេញ​សេចក្តីបំភ្លឺ​ចំនួន ៦​ចំណុច​យ៉ាង​ក្បោះក្បាយ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​វិញ​ផងដែរ​។ ដូច្នេះ​ហើយ​អង្គភាព​បាន​ពិនិត្យ និង​សម្រេច​ច្រាន​ចោល​ការចោទប្រកាន់​នេះ​។​

 

​គួរ​រំឭក​បន្តិច​ថា កន្លងមក​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​រិះគន់​ទៅ​មេ​ប៉ូលិស​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ការ​កិប​ទុក​នូវ​ប្រាក់​ដែល​បានមក​ពី​ការផាកពិន័យ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍​នៅលើ​ផ្លូវ​សាធារណៈ នា​ពេល​កន្លងមក​នេះ​។ លោក​ស ខេង ក៏​បាន​ព្រមាន​ដាក់​ទោសទណ្ឌ ឬ​ការទម្លាក់​ឋានន្តរ​សក្កិ ចំពោះ​ទង្វើ​ខុសឆ្គង​របស់​មេ​ប៉ូលិស​ទាំងនោះ​ផង​ដែរ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

 

ព័ត៌មានផ្សេងទៀត