ប្រធាន​អង្គការ​មួយសុំ​អន្តរាគមន៍​​ពី​នាយក​រដ្ឋមន្ត្រី​​ ករណីកាប់​បំផ្លាញព្រៃឈើ​នៅជួរភ្នំក្រវាញ​

27-07-2016 5:22 pm 1881

លោកជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​​ការពារ​សិទ្ធិ​​ពលរដ្ឋ (ACNCIPO) បានដាក់លិខិតជាផ្លូវការទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែនហើយ ដើម្បី​​សុំ​អន្តរា​​គមន៍ករណី សកម្មភាពកាប់​បំផ្លាញព្រៃ​ឈើនៅតំបន់អភិរក្សជួរភ្នំក្រវាញ។

 

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាបន្តបន្ទាប់ថាមានការកាប់បំផ្លាញព្រៃឈើ នៅតំបន់​អភិ​រក្ស​​ជួរភ្នំក្រវាញ​ ដឹកជញ្ជូនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តកំពត និង​ខេត្ត​តា​កែវ ហើយមិនមានការអើពើ​បង្ក្រាបពីមន្ត្រីឧទ្យានុរក្សបរិស្ថាន និងមន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែលទទួល​ខុស​ត្រូវនៅតបន់ការពាររបស់ខ្លួន នៅថ្ងៃទី២៦ កក្កដា  ​​​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោកជា ហ៊ាន បានដាក់​លិខិត​មួយ​ច្បាប់​​ទៅលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ដើម្បីឲ្យជួយ​អន្តរាគមន៍ទៅរដ្ឋមន្រ្តីក្រសួងបរិស្ថាន ​បញ្ឈប់​ឲ្យ​មាន​ការកាប់ឈើ​នៅតំបន់​អភិ​រក្ស​ជួរភ្នំក្រវ៉ាញ ស្ថិតក្នុងភូមិសាស្ត្រខេត្ត​កោះ​កុង​ ខេត្តកំពង់ស្ពឺ និងខេត្ត​ពោធិ៍សាត់។

 

ក្នុងលិខិត អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិបានរាបរាប់ប្រាប់ ទៅ​ប្រមុខរដ្ឋា​ភិបាល​កម្ពុជា ពីសកម្មភាពកាប់បំផ្លាញព្រៃឈើ​នៅតំបន់​អភិរក្ស​ដោយក្រុមឈ្មួញធំៗ ហើយ​មន្រ្តីឧទ្យានុរក្សបរិស្ថាននៅ​តំបន់ទាំងនោះ​មិនបា​ន​បង្រ្កាប ដោយយកលេស​យ៉ាងនេះ​ យ៉ាងនោះ​​​។

 

សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន អះអាងថា ខ្លួននៅមិនទាន់ទទួលបានដំណឹង អំពីការ​ប្រព្រឹត្ត​ខុស របស់មន្ត្រី​ឧទ្យានុរក្ស​​បរិស្ថាន​​នៅឡើយទេ ប៉ុន្តែក្រសួងថានឹងចាត់វិធានការ បើរកឃើញពីមាន​ភាព​មិន​​ប្រក្រតីមែននោះ។ លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានប្រាប់វិទ្យុវាយោ​ ថា​ ករ​ណី​បទ​ល្មើស​​​ទ្រង់ទ្រាយតូច នៅតែបន្តកើតមាន បើទោះជារដ្ឋាភិបា​បានបើកយុទ្ធនាការ​បង្ក្រាបបទ​ល្មើស​​ទ្រង់ទ្រាយធំរួចហើយ។

 

នាពេលកន្លងទៅថ្មីៗនេះ លោកជា ហ៊ាន បានថ្កោលទោស និងធ្វើការអំពាវនាវដល់មន្រ្តីឧទ្យានុរក្ស​បរិស្ថាន​​ ​ដែលការ​ពារនៅតំបន់អភិរក្សជួរភ្នំក្រវ៉ាញ​ឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការឲ្យឈ្មួញចូលកាប់​បំ​ផ្លាញ​ព្រៃឈើនៅតំបន់អភិរក្ស បន្ទាប់ពី​ប្រធានអង្គការមួយនេះអះអាងថា បានចុះអង្កេតនៅតែឃើញ​ឈ្មួញចូលកាប់ឈើដដែល។

 

ចាំមើលថា ពេលដែលលិខិតសុំអន្តរាគមន៍នេះ ទៅដល់ដៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយនោះ តើលោក​នឹងចាត់វិធានការបែបណា ព្រោះនេះជាឧក្រិដ្ឋកម្មព្រៃឈើ​ ដែល​រដ្ឋា​ភិបាល​ត្រូ​​វលុបបំបាត់៕

 

ដោយ៖ខាត់ សុធី

 

 

 

ព័ត៌មានផ្សេងទៀត