លោក​​ព្រាប កុល​ ​ស្នើឲ្យ​ គ​.​ជ​.​ប លុបចោល​​បម្រាម​​ថត​​រូប​ថត​​វីដេ​អូ​​ក្នុង​កា​រិ​​យា​ល័យ​​រាប់​​សន្លឹក​ឆ្នោត​​

27-07-2016 5:18 pm 4790

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា កំពុង​តស៊ូ​មតិ​នៅ​ក្នុង​កិច្ចប្រជុំតុមូល ដើម្បីឲ្យ គ​.​ជ​.​ប លុបចោល​បម្រាម​ថតរូប ថត​វីដេអូ នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។

 

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ បាន​អះអាង​ថា យោងតាម​គោលការណ៍​សកល ការបោះ​ឆ្នោត​ត្រូវមាន​តម្លាភាព​គ្រប់​ដំណាក់កាល និង​គ្រប់​សកម្មភាព លើកលែង​តែ​ការ​គូស​សន្លឹក​ឆ្នោត​នៅក្នុង​បន្ទប់​សម្ងាត់​។ ដូច្នេះ​ដើម្បី​លើក​កំពស់​តម្លាភាព និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​គណបក្ស​នយោបាយ អ្នក​បោះឆ្លោត មហាជន​ទូទៅ និង​ស្ថាប័ន​ពាក់ព័ន​ទាំងអស់ (​ទាំង​ជាតិ និង​អន្តរជាតិ​) គ​.​ជ​.​ប គួរ​លុប​ចោល​បម្រាម​នេះ​។​

 

​លោក ព្រាប កុល បាន​គូសបញ្ជាក់ថា ការហាម​ថតរូប​នៅ​កន្លែង​គូស​សន្លឹកឆ្នោត ពេល​ដែល​កំពុង​បោះឆ្នោត​ជាការ​សមស្រប ហើយ​លោក​គាំទ្រ​។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​គួរ​ត្រូវ​បាន​អនុញ្ញាត ឲ្យ​ថត​រូបនៅក្នុង​ដំណាក់កាល​ផ្សេងៗ​ទៀត ជាពិសេស​នៅពេល​រាប់​សន្លឹកឆ្នោត​។ លោក ព្រាប កុល បាន​គូសបញ្ជាក់​បន្ថែមថា នៅ​ប្រទេស​ខ្លះ​ដែល​លោក ធ្លាប់​បាន​ទៅ​សង្កេតការណ៍​បោះឆ្នោត គេ​មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍​ថតរូ​ប ឬ​ថត​វិដេអូ​ទេ សូម្បី​តែ​អ្នក​បោះឆ្នោត ក៏​គេ​អនុញ្ញាតឲ្យ​មក​ឈរ​មើល​តាម​បង្អួ​ច និង​ថតរូប ឬ​ថត​វីដេអូ​បានដែរ​។​

 

​ការស្នើឲ្យ គ​.​ជ​.​ប លុបចោល​បម្រាម​ថតរូប ថត​វីដេអូ នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នេះដែរ លោក ព្រាប កុល ថា មន្ត្រីជាន់ខ្ពស់ និង​ទីប្រឹក្សា គ​.​ជ​.​ប ទទួល​យក​សំណើរ​នេះហើយ ដើម្បី​យក​ទៅ​ពិគ្រោះ​យោបល​ជាមួយ​សមាជិក គ​.​ជ​.​ប ថា​តើ​គួរ​សម្រេច​លុបចោល ឬ​យ៉ាងណា​………………………..

​សំឡេង​៖

 

​លោក ព្រាប កុល បាន​បន្តថា គ​.​ជ​.​ប គួរតែ​លុបចោល​បម្រាម​ទាំងនេះ ដើម្បី​ឲ្យ​គណបក្ស​នយោបា​យ អ្នក​បោះឆ្លោត មហាជន​ទូទៅ និង​ស្ថាប័ន​ពាក់ព័ន​ទាំងអស់ (​ទាំង​ជាតិ និង​អន្តរជាតិ​) មាន​ការជឿ​ទុកចិត្ត ទៅ​លើ​ស្ថាប័ន​មួយ​នេះ​។​

 

​ទាក់ទង​ទៅនឹង​បម្រាម​ហាម មិនឲ្យ​ថតរូប ថត​វីដេអូ នៅក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នេះដែរ វិទ្យុ​វាយោ មិន​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការឆ្លើយបំភ្លឺ​ពី​លោក ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​​គ​ណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នកទទួល​។ ប៉ុន្តែ​បើ​តាម​លោក ព្រាប កុល ថា​បម្រាម​នេះ លោក​ឃើញ​នៅក្នុង​សេចក្ដីព្រាង​ក្រម​សីលធម៌​របស់ គ​.​ជ​.​ប ដោយ​លោក​មិន​ថា ជា​មូលហេតុ​អ្វី​នោះទេ ដែល គ​.​ជ​.​ប ដាក់​បម្រាម​បែបនេះ​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត