​អ្នកវិភាគ​៖​​ការបើកចំហ​ឲ្យ​មហាជន​​ឈរឈ្មោះ​បោះឆ្នោត​​ឃុំ​សង្កាត់​​ជា​ជំហាន​​ល្អ​​របស់​បក្ស​​ប្រឆាំង​​

27-07-2016 5:12 pm 2487

​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តំណាង​ឲ្យ​គណបក្ស​ខ្លួន​បាន ទោះបីជា​អ្នក​ទាំងនោះ​មិនមែន​ជា​សមាជិក ឬ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ​។ អ្នកវិភាគ​ចាត់ទុក​ការបើកចំហ​ឲ្យ​មហាជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ ជា​ជំហាន​ល្អ​របស់​គណបក្សប្រឆាំង​។

 

​ទោះបី​មិន​មែន​ជា​សមាជិក ឬ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ តែ​អាច​ឈរឈ្មោះ​ជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ​សង្កាត់ តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ហើយ​គណបក្ស​នឹង​ប្រកាស​ជា​សាធារណៈឲ្យ​មាន​ការ​ដាក់​ពាក្យ​ស្នើសុំ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឲ្យបាន​ទូលំទូលាយ​។ នេះ​បើ​តាម​ការសម្រេច របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃ​របស់​ខ្លួន នា​ពេល​ថ្មីៗ​នេះ​។

 

​ការបើកចំហ​ឲ្យ​ប្រជាពលរដ្ឋ​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ ជា​ជំហាន​ល្អ​របស់​គណបក្សប្រឆាំង​។ នេះ​បើ​តាម​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា​។ លោក​អ៊ូ វីរៈ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សប្រឆាំង​ធំ​មួយ ដូច្នេះ​ត្រូវតែ​មាន​ការបើក​ទូលំ​ទូលាយ​ឲ្យ​មហាជន​ចូលរួម​។ មួយវិញទៀត នេះ​អាច​ជា​សញ្ញា​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​លែង​ព្រួយបារម្ភ​ពី​អ្នក​ដែល​ចូល​ទៅ​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​ផង​ដែរ​....​។​

​សំឡេង​លោក​អ៊ូ វីរៈ​៖

 

​ទន្ទឹម​នឹង​សញ្ញា​វិជ្ជមាន​របស់​គណបក្ស​ប្រឆាំង​នេះ លោក​អ៊ូ វីរៈ បន្ត​ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​បាន​ក្លាយទៅជា​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​នៅឡើយ​ទេ ដោយសារតែ​នៅ​មាន​ការសម្រេច និង​ធ្វើ​ការជ្រើសរើស​ពី​ថ្នាក់លើ​ដដែល ពោល​គឺ​មិនទាន់​មាន​ការបោះឆ្នោត​ពី​សមាជិក​នៅក្នុង​បក្ស​នៃ​មេឃុំ​នី​មួយៗ​នោះទេ​។​

 

​យ៉ាងណា បើ​តាម​ការប្រកាស​រប​ស់លោក​ប៉ុល ហំ​ម មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​ថ្មីៗ​នេះ​ឲ្យដឹងថា គណបក្ស​បាន​បន្ត​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​របស់​ខ្លួន​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់មូលដ្ឋាន​។ កែទម្រង់​ដោយ​របៀប​ណា​? លោក​ប៉ុល ហំ​ម បញ្ជាក់ថា គឺ​ធ្វើ​យ៉ាងណាឲ្យ​សេចក្តីសម្រេច​ទាំងឡាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សេចក្តីសម្រេច​ដោយ​យន្តការ មិន​មែន​ដោយ​បុគ្គល​ណា​ម្នាក់​ទេ គឺ​ដោយ​យន្តការ​តាំង​ពីលើ​រហូត​ដល់​ក្រោម​។​

 

​ជាមួយគ្នានេះ លោក​ប៉ុល ហំ​ម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​បារម្ភ​ពី​ភាព​ថ្នាំងថ្នាក់​ផ្ទៃក្នុង​បក្ស​នោះ​ទេ ចំពោះ​ការបើកចំហ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​។ លោក​បន្តថា ទោះបីជា​បុគ្គល​ណា​មកពីណា ថ្មី​ឬ​ចាស់​ក៏ដោយ ឲ្យតែ​គាត់​មាន​ប្រជាប្រិយភាព​នោះ​នឹង​អាច​ក្លាយជា​តំណាង​គណបក្ស​បាន​....​។​

​សំឡេង​លោក​ប៉ុល ហំ​ម​៖

 

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នឹង​ឈាន​មកដល់​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខ​។ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ត្រង់​មាត្រា​៤៥ ថ្មី (​មាត្រា​៩៤​ចាស់​) បាន​កំណត់​ពី​លក្ខខណ្ឌ​របស់​ពលរដ្ឋ ដើម្បី​អាច​ឈរ​ឈ្មោះ​សម្រាប់​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដូចជា​៖ ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​, ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​, បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក្នុង​ឃុំ​សង្កាត់​ដែល​ខ្លួន​មានបំណង​ឈរឈ្មោះ​បោះឆ្នោត និង​ត្រូវមាន​អាយុ​យ៉ាងតិច ២៥​ឆ្នាំ គិត​មកដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត