៦​ខែ​ដើមឆ្នាំ ពលករ​ខ្មែរ​​ជាង​​២៥០០០​នាក់ ​ត្រូវ​អាជ្ញាធរ​ថៃ​​ចាប់បញ្ជូន​​មក​វិញ​​

27-07-2016 4:46 pm 3385
ពលករខ្មែរដែលលួចទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦ នេះ ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចំនួន ២៥ ៩២៥​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​នានា​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដែល​សរុប​ទាំងអស់ ៣៧៨ លើក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​សមណាក់​លោក សួន បវរ អភិបាល ខេត្ត​បន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំ​ដក​បទពិសោធន៍​លើ​ការងារ គ្រប់គ្រង​លំហូរ​មិន​ប្រក្រតី​នៃ​ពលករ​ឆ្លងកាត់​ព្រំដែន​កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​។​


​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​កម្ពុជា​បាន​ដកស្រង់​នូវ​ប្រសាសន៍​របស់​អភិបាល ខេត្ត​បន្ទាយមានជ័យ ឱ្យដឹងថា ក្នុងចំណោម​ពលករ​ដែរ​បាន​បញ្ជូន​មកនេះ​មាន​១១១៦៤​នាក់ តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយ​ប៉ែត និង​ចេញ​តាម​ច្រករបៀង​១៤៧៦១​នាក់ ហើយ​មាន ៣៥៨​នាក់​បាន​ជាប់​ពន្ធនាគា​រ នៅ​ប្រទេស ថៃ​លើសពី​១​ខែ​។ នៅក្នុង​រយៈពេល​នេះ មាន​ពលករ​ធ្វើ​ចំណាកស្រុក​មាន​ចំនួន​១០៩៤២៤​នាក់ ក្នុងនោះ ទៅ​ដោយ​ស្របច្បាប់​ចំនួន​៤១ ៤៣៦​នាក់ និង​មិន​ស្របច្បាប់​៦៧៩៨៨​នាក់​។ ពលករ​កម្ពុជា​ដែល​ឆ្លងដែន ទៅ​ធ្វើការ​នៅ ប្រទេស​ថៃ វិល​ល្ងាច​២០៣​លើក​មាន​ចំនួន​មនុស្ស​សរុប​៤១២៦៩​នាក់​។​


​លោក សួន បវរ បាន​លើកឡើង​ថា ដោយសារ​ខេត្ត​បន្ទាយមានជ័យ​និង​ប្រទេស​ថៃ​មាន​ព្រំដែន​ជាប់​គ្នា ម្ល៉ោះហើយ​វា​ជា​ឱកាស​មួយ​បង្កើត​មាន​ការ​ចេញ​ចូល​មិន​ស្របច្បាប់ ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ការនាំ​ចូល​គ្រឿងញៀន ទំនិញ​ខូច​គុណភាព ចោរលួច ចោរប្លន់ ជា​ផ្លូវ​រត់​គេច​របស់​ឧក្រិដ្ឋជន​ឆ្លងដែន​ដទៃទៀត​។


​អាជ្ញាធរ​បាន​បញ្ជាក់ថា មិន​អាច​បិទ​ច្រករបៀង​បាន​ដោយ សារ​តែ​ប្រជាពលរដ្ឋ​បន្ត​ចេញចូល ទៅ​ធ្វើការ​និង​ដោះដូរ​ផលិតផល​ជា​រៀងរាល់ថ្ងៃ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កន្លងមកនេះ អាជ្ញាធរខេត្ត​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី ថៃ​ឱ្យ​មាន​ការយោគយល់ និង​សហការ​គ្នា​កាន់តែ​ល្អប្រសើរ​ក្នុង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស ហើយ​មាន​ការបង្កើន​កិច្ច​ពិភាក្សា​រវាង​ភាគី​កម្ពុជា ថៃ​រាល់ពេល​មាន​បញ្ហា​កើតឡើង និង​ណែនាំ​ប្រជាពលរដ្ឋ ចំពោះ​គ្រោះថ្នាក់​នៃ​ការធ្វើការ​ចំណាកស្រុក​ខុសច្បាប់​៕

 

ព័ត៌មានផ្សេងទៀត