ក្រសួង​ពាណិជ្ជកម្ម​ស្នើឲ្យ​ចក្រភព​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀ​ង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី​

27-07-2016 4:39 pm 805

​កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៦ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​ជាមួយ លោក វិល​លាម ប៊ី​ល ឡុង​ហ្គឺ ឯកអគ្គរាជទូត ចក្រភព​អង់គ្លេស ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយ លោកស្រី រីង​ហ្គែល ស៊េវិ​កសៀន ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ ប្រចាំ​ស្ថានទូត​ចក្រភព​អង់គ្លេស នៅ​កម្ពុជា ។

 

​នៅក្នុង​ជំនួប​នោះ​ផង​ដែរ​លោក ប៉ាន សូរ​ស័ក្តិ​បាន​ស្នើ​ឲ្យ​ចក្រភព​អង់គ្លេស ពិចារណា​លើ ការចុះ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទេ្វ​ភាគី រវាង​កម្ពុជា និង​ចក្រ​អង់គ្លេស ដើម្បី​ធានា​ឱ្យបាន​និរន្តរភាព និង​កំណើន ពាណិជ្ជកម្ម​ទេ្វ​ភាគី និង​បាន​ស្នើ ឱ្យមាន​ការគាំទ្រ​បន្ថែម ពី​ចក្រភព​អង់គ្លេស ដល់​កម្ពុជា ដោយមាន ចាប់ពី ការជំរុញ​វិនិយោគិន អង់គ្លេស មកកាន់​ប្រទេស​កម្ពុជា ការ​បន្ត​ផ្តល់​ការ អនុ គ្រោះ ផ្នែក​ពាណិជ្ជកម្ម ចំពោះ​ការនាំចេញ​ទំនិញ ពី​កម្ពុជា ព្រមទាំង ការផ្តល់​ជំនួយ ក្នុង​ការកសាង​ធនធានមនុស្ស ដើម្បី​ចូលរួម​ចំណែក ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ពីព្រោះ​ធនធាន​នេះ ជា​កត្តា​ដ៏​សំខាន់ មិន​អាច​ខ្វះ​បាន នៅ​គ្រប់​វិស័យ​ពាក់ព័ន្ធ ។​

 

​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​ផង​ដែរ​លោក ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​លក្ខណៈ កាន់តែ​រឹងមាំ និង​ប្រសើរឡើង ជា​លំដាប់ ។ ទន្ទឹមនឹងនោះ លោក​ក៏​បាន​លើកឡើង​ថា ចក្រ​អង់គ្លេស កំពុង ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរៀបចំ រាជរដ្ឋាភិបាល​ថ្មី​មួយ បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រ៊ីត​ស៊ីត និង មាន​ការរៀបចំ​រចនា​សម្ព័ន្ធ រាជរដ្ឋាភិបាល​ឡើងវិញ ដោយ​មាន​ការបង្កើត ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ មួយ​ថ្មី ដាច់ចេញ​ពី ក្រសួងការបរទេស ។ ចក្រភព​អង់គ្លេស នៅ​មិនទាន់​ច្បាស់ អំពី​ទំនាក់ទំនង រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ក្រោយ​ព្រឹត្តិការណ៍​ប្រ៊ីត​ស៊ី នៅឡើយ​ទេ ។ នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ ចក្រភព​អង់គ្លេស នឹង​អាច​កំណត់​បាន​ពី​គោលជំហរ​ទំនាក់ទំនង​របស់​ខ្លួន ជាមួយ​សហភាព​អឺរ៉ុប ។​

 

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លោក ឯកអគ្គរាជទូត​បាន​ទទួល​រាល់​សំណើ ពី​ភាគី​កម្ពុជា ប្រកប​ដោយ​ការទុកចិត្ត ដោយ​ភាគី​អង់​គេ្ល​ស ហើយ ភាគី​កម្ពុជា នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​បាន​សមិទ្ធផល​រួម ជា​ប្រយោជន៍ ដល់​ចំណងមិត្តភាព​ទ្វេភាគី​នេះ​ផងដែរ ៕

ព័ត៌មានផ្សេងទៀត