កម្ពុជា​កំពុង​បង្កើន​មនុស្ស​ពី​គ្មាន​ជំនាញ​ទៅជា​អ្នកជំនាញ​ដើម្បី​ទទួលបាន​ប្រាក់ខែ​ខ្ពស់​

27-07-2016 4:06 pm 593

​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុងតែ​ធ្វើ​ការកែប្រែ​ធនធាន​មនុស្ស​ពី​អ្នក​ធ្វើការ​ដោយ​ប្រើ តែ​កម្លាំងបាយ​ទទួលបាន​ប្រាក់ខែ​ទាប ទៅ​ជា​អ្នកធ្វើការ​ដោយ​ជំនាញ​ហើយ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​វិញ​ដោយ​ការ​បង្កើត​​ឱ្យ មាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ហើយ​នៅក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នី​មួយៗ មាន​បង្រៀន​ជំនាញ​ជាច្រើន​ដែល​ទីផ្សារ​ការងារ​កំពុងតែ​ត្រូវ​ការ ជាពិសេស​លើ​ជំនាញ​ទេសចរណ៍​។​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោកពេ​ជ សោភ័ណ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​​សិស្ស​ជំនាន់​ទី​១៤​របស់​សាលា សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូល​ឌុយ​ប្រ៊ូល ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៦​ខែកក្កដា​។

 

​លោកពេ​ជ សោភ័ណ​បាន​បន្តថា បច្ចុប្បន្ន​នេះ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​ធំ បានធ្វើ ការងារ​ដោយ​កម្លាំងបាយ​នៅតាម​ការដ្ឋាន​សំណង់ រោងចក្រ និង​កន្លែង​ផ្សេងៗ​ទៀត ដោយ​ទទួលបាន​ប្រាក់ កម្រៃ​ទាប​នៅឡើយ ដោយសារតែ​ពួកគាត់​មិន​មាន​ជំនាញ​ច្បាស់លាស់​។​

 

​ជាមួយគ្នានេះ​ដែរ​លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ក៏​បានឲ្យដឹងថា ជា​ការពិត​ណាស់​នៅ​ឆ្នាំ​២០២០​ខាងមុខ កម្ពុជា​ត្រូវការ​ចំនួន​អ្នកជំនាញ​ទេសចរណ៍​ប្រមាណ ៤០​ម៉ឺន​នាក់​សម្រាប់​​បម្រើ​ឱ្យ​អ្នកទេសចរ​ប្រមាណ​៧​លាន​នាក់ ហើយ​ដើម្បី​ឱ្យមាន​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​នេះ​គ្រប់គ្រាន់ ក្រសួង​ទេសចរណ៍​បាន និង​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ដើម្បី​បង្កើត​​សាលា​ជាតិ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​២ គឺ​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។​ជាមួយគ្នានេះ​ដែរ​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ស្វីស កម្ពុជា​នឹង​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ​ធ្វើ​ម្ហូប ដែល​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៧​ខាងមុខ​នេះ​នៅ​រាជធានី​ភ្នំពេញ​។​

 

​សូមបញ្ជាក់​ថា​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​ចូល​មក​ទស្សនា ប្រទេស​កម្ពុជា​នា​ដើមឆ្នាំ​២០១៦​នេះ មាន​ការថយចុះ បើ​គិត​ទៅ​នឹង​រយៈពេល ដូច​គ្នា​នា​ដើមឆ្នាំ​២០១៥​។​ដោយ​ឆ្នាំ​២០១៥​កម្ពុជា​ទទួល​បាន ចំនួន​ភ្ញៀវទេសចរ ប្រមាណ​៤​លាន​៨​សែន​នាក់ ហើយ​បើ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ កំណើន​ភ្ញៀវ​ទេសចរ បាន​កើនឡើង ៦​ភាគរយ ទាញ​ចំណូល​ចូល ប្រមាណ ៣​ពាន់​លាន​ដុល្លារ ។​ក្នុងនោះ​បាន​ផ្តល់ ការងារ ជូន​ប្រជាជន​កម្ពុជា​បាន ចំនួន​៦០​ម៉ឺន​នាក់ និង​រាប់ម៉ឺន​នាក់​ទៀត បាន​ទទួល​ការងារ ធ្វើ​ដោយ​ប្រយោល​៕

ព័ត៌មានផ្សេងទៀត