ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​សាកជើងម្តងជើងម្តងទៀតជាមួយសិង្ហ​បុរី​ស្អែក តែបាត់កីឡាករឆ្នើម៣រូប

27-07-2016 2:57 pm 1138

ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នឹង​បើកទ្វា​ស្វាគមន៍​ភ្ញៀវ​សិង្ហ​បុរី​នៅវេលា​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​ម៉ោង ៦:៣០​នាទី​។​

 

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​បង្កើន​ការហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​។ ការជួប​គ្នា​ជា​ថ្មី​ម្តង​ទៀត​នេះ និង​កាន់តែ កក្រើក​ជាង​មុន​ព្រោះ​ក្រុម​ទាំងពីរ​បាន​វិវត្តន៍​សមត្ថភាព​ខ្លួន​បាន​ល្អ​ប្រសើរ​ច្រើន​។​

យ៉ាងណា​ក៏​ដោយ​កាលពី​ព្រឹក​មិញ​នេះ​ក្នុង​សន្និសីទកាសែត​មុន​ជំនួប​មកដល់ គឺ​ប្រធាន​ក្រុម Khairul Amri របស់​សិង្ហ​បុរី​បានអោយដឹងថា​៖ “​កម្ពុជា​ឥលូវ​នេះ​មិន​ដូច​ពីមុន មាន​ការវិវត្តន៍​បានល្អ​ច្រើន ខ្ញុំ​បាន​ឃើញ​ពី​ទំរង់​លេង​របស់​កម្ពុជា ហើយ​កីឡាករ​ដែល​ល្អ​ជាងគេ​គឺ ឃួន ឡា​បូ​រ៉ាវី មាឌ​ធំ លេង​នៅ​តំបន់​ប្រយុទ្ធ​”​។​

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​ស្តាយ​បើ​តាម​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​បញ្ជាក់​នៅ​មុន​នេះ ខ្សែប្រយុទ្ធ​សំខាន់​ទាំង​ពីរ​នាក់ ប្រាក់ មុន្នី​ឧត្តម និង​ចាន់ វឌ្ឍនាកា បាន​រងរបួស ដែល​ធ្វើឱ្យ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​អាច​មិន​បាន​ចូល​លេង​ទេ ពេល​កម្ពុជា​ប៉ះ​ជាមួយ​សិង្ហ​បុរី​នៅ​ថ្ងៃស្អែក​នេះ​។ ចំណែកឯ​ខ្សែការពារ ណុប តុលា ក៏​មាន​របួស​ផងដែរ  ពេល​កីឡាករ​រូប​នេះ​ប្រកួត​អោយ​ក្លឹប របស់​ខ្លួន​កន្លងមក​។​

ទោះបីយ៉ាងណា​ក៏ដោយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​មាន​កំលាំងចិត្ត និង​មាន​កីឡា​ករទី​១២ ចាំ​ជួយ​បន្ថែម​ទៀត​គឺ​អ្នកគាំទ្រ​ទាំងអស់គ្នា សូម​ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ក៏ដូចជា​លើកស្ទួយ​វិស័យ កីឡា​នៅ​កម្ពុជា​យើង​៕ ដោយ​៖ អ៊ុំ កុសល​

ព័ត៌មានផ្សេងទៀត