រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​​អ្នកកាសែត​​ត្រូវមាន​វិជ្ជាជីវៈ​​ចំពោះ​ការផ្សាយ​​តួលេខ​​អ្នក​ហែសព​​លោក​កែម ឡី​​

27-07-2016 1:56 pm 31542

​ការផ្សព្វផ្សាយ​អំពី​ចំនួន​អ្នកចូលរួម​ដង្ហែ​សព​លោក​កែម ឡី នៅតាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​នា​ពេលកន្លងមក នៅតែ​ជា​ប្រធានបទ​មួយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​តែងតែ​លើកយក​មក​ជជែក​គ្នា​។ សារព័ត៌មាន​ក្នុងស្រុក​ខ្លះ​បានន​ចុះផ្សាយ​ថា ចំនួន​អ្នកចូលរួម​ដង្ហែរ​សព​លោក​កែម ឡី កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា មាន​ប្រមាណ ១​លាន​កន្លះ​នាក់​ទៅ ២​លាន​នាក់ និង​មាន​ប្រវែង​ក្បួន​ប្រមាណ​៣០​គីឡូម៉ែត្រ ដោយ​យោង​​ទៅតាម​គណៈ​កម្មា​កា​រ​​បុណ្យ​សព​។ រីឯ​កាសែត​ខ្លះទៀត​បាន​ផ្សព្វផ្សាយ​ថា ចំនួន​អ្នក​ហែសព​មាន​ប្រហែល​រាប់ម៉ឺន​នាក់​ប៉ុណ្ណោះ​។

 

​ជុំវិញ​ព័ត៌មាន​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឆ្លើយ​សំណួរ​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា ប្រសិនបើ​មាន​ប្រជាជន​ចូលរួម​ដង្ហែ​សព​លោក​កែម ឡី ២​លាន​នាក់ ទាល់តែ​អាច​ថា​សាលារៀន ផ្សារ មន្ទីរពេទ្យ​មួយ​ចំនួន​ត្រូវ​បិទទ្វារ ហើយ​បូក​ជាមួយ​ប្រជាជន​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ព្រោះថា​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រជាជន​រស់នៅ​មិន​ដល់​២​លាន​នាក់​នោះទេ​។ លោក​ខៀវ កាញារីទ្ធ បញ្ជាក់ថា ការផ្សព្វផ្សាយ​ពី​ចំនួន​មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែរ​សំខាន់​នោះ បើសិនជា​អ្នកកាសែត​ពិតប្រាកដ​គឺ​ត្រូវ​ចេះ​វិភាគ និង​គួរតែ​មាន​វិជ្ជាជីវៈ​មួយ​ចេះ​ខ្មាស​ខ្លួនឯង​....​។​

​សំឡេង​លោក​ខៀវ កាញារីទ្ធ​៖

 

​លោក​ខៀវ កាញារីទ្ធ បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ក្រុម​ការងារ​បច្ចេកទេស (TWG-A2I) រៀបចំតាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន​​ប្រធាន​បទ​ "​ប្រព័ន្ធ​សម្របសម្រួល​" នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា​នេះ នា​សណ្ឋាគារ​ភ្នំពេញ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ​កំពុង​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ​។​

 

​ជា​ការកត់សម្គាល់ ការ​ចុះផ្សាយ​ពី​ចំនួន​អ្នកចូលរួម​ហែសព​លោក​កែម ឡី​នេះ ហាក់​នៅ​តែ​ជា​មន្ទិល​នៅឡើយ ដោយសារ​តែ​វា​ជា​ការប៉ានស្មាន​ចំនួន ពោល​គឺ​គ្មាន​ការ​គណនា​ច្បាស់លាស់ និង​គ្មាន​របាយការណ៍​ណាមួយ​បញ្ជាក់​តួលេខ​ពិត​នោះឡើយ​។ ទន្ទឹម​នឹង​ការចុះផ្សាយ​ពី​ចំនួន​មហាជន​ដ៏​ច្រើន​នេះ​ដែរ ក៏​មាន​ការ​ប្រតិកម្ម​ពី​បុគ្គល​មួយចំនួន​ផង​ដែរ ដោយ​គេ​ចាត់ទុកថា គឺជា​ការផ្សាយ​ប្រាស់ចាក​សីលធម៌ ភូតភរ បំភ្លៃ និង​បំភ្លើស​ជ្រុល​ហួសហេតុ​។​

 

​សូមបញ្ជាក់​ថា សព​លោក​បណ្ឌិត​កែម ឡី ត្រូវបាន​ដង្ហែ​ឆ្ពោះទៅ​កាន់​ខេត្ត​តាកែវ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែកក្កដា បន្ទាប់​ពី​តម្កល់ទុក​នៅ​វត្ត​ពោធិ៍យារាម ហៅ​វត្ត​ចាស់ នៅ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​១៤​ថ្ងៃ​។ ក្នុង​ថ្ងៃ​ដង្ហែ​សព​លោក​កែម ឡី គេ​កត់សម្គាល់ឃើញ​មាន​មហាជន​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​នាំឲ្យ​អ្នកវិភាគ​ចាត់ទុក​ជា​ព្រឹត្តការណ៍​មហាជន​ធំ​ទីពីរ បន្ទាប់​ពី​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្ដម សីហនុ កាលពី​ឆ្នាំ​២០១៣៕

(​ដោយ​៖ អឿន ភា​រ៉ា​)

ព័ត៌មានផ្សេងទៀត