រឿង​លោក​ជៀស ស្រួច រម្លឹក​ពី​​អតីត​​ប្រពន្ធ​នៅតែទទួល​ការចាប់​អារម្មណ៍​ពីមហាជន​​

27-07-2016 11:59 am 6258

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក និង​បណ្តា​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត ទាក់ទង​នឹង​រឿងរ៉ាវ អតីត​កីឡាប្រដាល់ និង​ជា​តារា​សំដែង លោក​ជៀស ស្រួច ដែល​បាន​រៀបរាប់ ពី​ខ្សែជីវិត​តស៊ូ ក្រ​លំបាក ក្រោយ​ចាកចេញ​ពី​វិស័យ​សិល្បៈ និង​កីឡា​ប្រដាល់​។ ទន្ទឹម​នឹង​ការ រម្លឹក​ពី​ជីវិត​កំសត់ ជា​កម្មករសំណង​នៅតាម​ជាយដែន លោក​ជៀស ស្រួច ក៏​បាន​ជីក​គាស់​កកាយ ពី​ការបែកបាក់​ជាមួយ​ភរិយា ផងដែរ​។​

​អ្នកនាង​សាត រស្មី ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​តារា​សំដែង​ដ៏​មាន​ប្រជាប្រិយ​មួយរូប គឺ​ជា​អតីត​ភរិយា របស់​លោក​ជៀស ស្រួច​។ ទាក់ទង​នឹង​រឿងនេះ បាន​ធ្វើឲ្យ​មហាជន​ជាច្រើន មាន​ចម្ងល់​ថា តើ​ជា​ការ​ពិត​មែន​ឬ​ទេ​? ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ត្រូវបាន​លាតត្រដាង បន្ទាប់​ពី​អ្នកនាង​សាត រស្មី បាន​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ និង​ដោយ​ផ្ទាល់​ដល់​បណ្តា​សារព័ត៌​មាន​មួយ​ចំនួន​។​

​ងាក​មក​ស្តាប់​ការរៀបរាប់​ពី​លោក​ជៀស ស្រួច វិញ​បានឲ្យដឹងថា មូលហេតុ​នៃ​ការបែកបាក់ ជាមួយ​ប្រពន្ធ ដោយសារ​តែ​រូប​លោក បាន​រង​នូវ​ភាពអាម៉ាស់ ឈឺ​ចិត្ត ស្អិត​ទ្រូង ព្រោះតែ​ទឹកប្រាក់​៣០០​ដុល្លារ របស់​កូនអ្នកមាន​ស្តុកស្តម្ភ មក​ឆក់​ដណ្តើម​ប្រពន្ធ​ចេញពី​ទ្រូង​។ លោក​ថា ប្រាក់​៣០០​ដុល្លារ​នេះ ជា​តម្លៃ​ខ្លួន របស់​ប្រពន្ធ​លោក ដែល​គេ​យក​ទៅ​គេង​ជាមួយ​។​

​យ៉ាងណាមិញ សម្រាប់​ការបកស្រាយ ពី​អតីត​ភរិយា​លោក​ជៀស ស្រួច​វិញ ឲ្យ​បញ្ជាក់ថា រូប​នាង​មិន​បាន​ប្រព្រឹត្ត​អ្វី ដែល​លោក​ជៀស ស្រួច បាន​ចោទ​នោះទេ​។ តែ​ផ្ទុយទៅវិញ លោក​ជៀស ស្រួច ជា​មនុស្ស​ដែល​ញៀន​ល្បែង មិន​ខិតខំ​រកស៊ី និង​វាយ​ធ្វើបាប​ប្រពន្ធ​ជាដើម​។ នេះ​ជា​ការអះអាង​បន្ថែម​ពី​អ្នកនាង​សាត រស្មី​។​

​ដោយឡែក លោក​ជៀស ស្រួច បាន​បញ្ជាក់​ប្រាប់​Sabay​ថា “​មាន​ព្រះ​ជា​សាក្សី​ថា ខ្ញុំ​មិន​បាន​ធ្វើ​បាប​ប្រពន្ធ​ទេ​”​។​

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​រឿងនេះ យើង​មិន​អាច​សន្មត់​ថា អ្នកណា​ខុស ឬ​ត្រូវ​បាន​ទេ គឺមាន​តែ​ភាគី​ទាំង​២​ទេ ដែល​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត