លោក​ហេង សំរិន ​សុំឲ្យ​ចិនជួយ​សង់​អគារ​រដ្ឋបាល​រដ្ឋសភា​កម្ពស់​១២ជាន់​

27-07-2016 11:49 am 4738

ឆ្លៀតពេលដែលចិន កំពុងសរសើរកម្ពុជា ចំពោះជំហរលើបញ្ហាសមុទ្រចិនខាងត្បូង លោកហេង សំរិន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន បានស្នើសុំចិន ជួយសាងសង់អគាររដ្ឋបាលដល់រដ្ឋសភាកម្ពុជា ចំនួនមួយខ្នង ដែលមានកម្ពស់១២ជាន់។ សំណើនេះ ត្រូវបានលោកចាង តឺជាំង (Zhang Dejiang) ប្រធានរដ្ឋសភាប្រជាជនចិន ទទួលយក។

 

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន លោកហេង សំរិន​ បានប្រាប់ទៅភាគីចិនថា សេដ្ឋកិច្ច របស់ ប្រទេសកម្ពុជា ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ អាចសម្រេចបាន កំណើនក្នុង រង្វង់ ៧,១ភាគរយ អត្រានៃភាពក្រីក្រ នឹងត្រូវបានកាត់បន្ថយនៅក្រោម១៣ភាគរយ ។កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទូទៅ ត្រូវបានលើកកម្ពស់​ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើននេះ ត្រូវបានលោកហេង សំរិន បញ្ជាក់ប្រាប់ចិនថា ដោយសារការរួម​ចំណែកដ៏ធំធេង ក្នុងការជួយឧបត្ថម្ភ គំាទ្រ របស់ប្រទេសចិន ទំាងហិរញ្ញប្បទានឥតសំណង និងកម្ចីសម្បទាន។

 

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ មានសេចក្តីសោមនស្សរីករាយ ក្នុងការ គាំទ្រ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាង រដ្ឋាភិបាលកម្ពុជា-ចិន លើវិស័យនយោបាយ ការ ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដទៃទៀត សំដៅនាំមកនូវ ឧត្តមប្រយោជន៍ទៅវិញ​ទៅមករវាងប្រទេសទាំងពីរ។

 

ក្នុងនាមរដ្ឋសភា លោកហេង សំរិនបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ចិន នូវគោល នយោបាយ ខ្សែក្រវាត់មួយ ផ្លូវសេដ្ឋកិច្ចសូត្រ និងការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជានយោបាយតភ្ជាប់ បណ្តាប្រទេសក្នុងតំបន់អាស៊ានទំាងមូល។

 

ក្នុងជំនួបនោះ ចិនក៏មិនបានភ្លេចដែរ ក្នុងការអរគុណកម្ពុជា ចំពោះជំហរលើបញ្ហាសមុទ្រចិនខាងត្បូង ពិសេស អរគុណកម្ពុជាដែលបានគំាទ្រនយោបាយចិនតែមួយ។ ចិនក៏បានប្តេជ្ញាថា នៅតែបន្តគំាទ្រ និង ចូលរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត លើគ្រប់វិស័យ។

 

ឆ្លៀតក្នុងឱកាសដ៏ល្អនោះ លោកហេង សំរិន បានស្នើសុំចិន ជួយសាងសង់អគាររដ្ឋបាល ដល់រដ្ឋ សភា កម្ពុជា ចំនួនមួយខ្នង ដែលមានកម្ពស់១២ជាន់។ សំណើនេះ ត្រូវបានលោកចាង តឺជាំង (Zhang Dejiang) ប្រធានរដ្ឋ​សភាប្រជាជនចិន ទទួលយក និងស្នើឱ្យដាក់តាមរយៈ រាជរដ្ឋាភិបាលចិន។

 

សូមបញ្ជាក់ថា នៅរយៈកាលចុងក្រោយនេះ ភាពជិតស្និទ្ឋរវាងកម្ពុជា និងចិន កាន់តែត្រូវបានបង្ហាញ ខ្លាំងឡើង ពិសេសនៅបន្ទាប់ពីកម្ពុជា បានប្រកាសពីជំហររបស់ខ្លួន លើទំនាស់សមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសជា​សមាជិកអាស៊ានមួយចំនួនទៀត ។ ជំហររបស់កម្ពុជាត្រូវបានគេមើលឃើញថា ផ្អៀងទៅរកចិន។ លោក វ៉ាង យី ក៏ធ្លាប់បានថ្លែងកោតសរសើរដល់ប្រទេសកម្ពុជា និងចាត់ទុកកម្ពុជាថា បានរក្សាជំហរយុត្តិធម៌ និងអព្យាក្រឹត្យ ដោយមិនជ្រៀងជ្រែកការងារប្រទេសមានជម្លោះ និងជំរុញ ឲ្យ ភាគីជម្លោះ ដោះស្រាយដោយសន្តិវិធី៕

 

ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត