អូស្ត្រា​លី​​នឹង​​បន្ត​​ផ្តល់​​ថ​វិកា​​ប្រ​មាណ​​៣៦​​លាន​​ដុល្លារ​​កែ​លម្អ​​គុណ​ភាព​​សេវា​​សុខា​ភិ​បាល​នៅ​​កម្ពុជា​​

27-07-2016 11:19 am 901

​លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានបញ្ជាក់​ថា អូស្ត្រាលី នឹង​បន្ត​ផ្តល់​ថវិកា ក្នុង​គម្រោង​ដើម្បី​ពង្រីក​មូល និធិ​សមធម៌ និង​កែលម្អ​គុណភាព​សេវា​សុខាភិបាល​កម្ពុជា ដែល​ហៅថា H-EQUIP (Health Equity and Quality Improvement Project) ចំនួន ៥០​លាន ដុល្លា​អូស្ត្រាលី ប្រហាក់ប្រហែល ៣៦​លាន​ដុល្លា​អា មេរិក ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ព្រមទាំង​សន្យាថា នឹង​បន្ត​កិច្ចសហការ​ល្អ​ជា​បន្ត​ទៀត ជាមួយ​ក្រសួង​សុខាភិបាល​។​

 

​ការបញ្ជាក់​បែបនេះ ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​សវន​ការសម្តែង​ការគួរសម​ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង​សុខា​ភិបាល​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​រូបនេះ បញ្ជាក់បន្ថែម​ថា ជា​សរុប​តាំងពី​ឆ្នាំ​២០១០ មកទល់​បច្ចុ​ប្បន្ន​នេះ អូស្ត្រាលី បាន​ផ្តល់​ថវិកា​ប្រហែលជា​១០០​លាន​ដុល្លា​អូស្ត្រាលី សម្រាប់​វិស័យ​សុខាភិបាល​។​

 

ក្នុងនោះដែរ​អូស្ត្រាលី​ក៏​មាន​ការផ្តល់​ថវិកា ដល់​ដៃគូ​អង្គការក្រៅរដ្ឋាភិបាល របស់​អូស្ត្រាលី ការ​សាងសង់​ហិដ្ឋារចនាសម្ព័ន​-​រូបវ័ន្ត ជា​ពិសេស​ជួយ​ដល់​កម្មវិធី​សុខភាព​ភ្នែក ការបណ្តុះបណ្តាល​ធនធាន មនុស្ស ចូលរួម​ក្នុង​គម្រោង​ពង្រីក​មូលនិធិ​សមធម៌ និង​ប្រហែលជា ២០ លាន​ដុល្លា​អូស្ត្រាលី ក្នុង ១០០​លាន​ដុល្លា​អូស្ត្រាលី ខាងលើនេះ សម្រាប់​ផ្នែក​គាំពារ មាតា និង​ទារក ផងដែរ​។​

 

​លោក ម៉ម ប៊ុនហេង បាន​គូសបញ្ជាក់ថា កន្លង​មក​អូស្ត្រាលី បាន​ផ្តល់​ថវិកា​ក្នុង​គម្រោង​ទ្រទ្រង់​វិស័យសុខាភិបាល ជំហាន​ទី​២ (Health System Support Program Phase 2) ប្រមាណ​ជា ៧១​លានដុល្លា​អូស្ត្រាលី​​ ​ប្រ​ហា​ក់​ប្រ​ហែ​ល​ ៦៦​លាន​ដុល្លា​អាមេរិក ហើយ​លោក ម៉ម ប៊ុនហេង ក៏​អរគុណ​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្ដល់​ថវិកា​បន្ថែម​ទៀត ដល់​វិស័យ​សុខាភិបាល​កម្ពុជា​។​

 

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូត ប្រទេស​អូស្ត្រាលី ទើបតែ​តាំង​ជា ឯកអគ្គរដ្ឋទូត​ថ្មី ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​ឯកអគ្គរាជទូត​ចាស់ បាន​ផុត​អាណត្តិ​៕
​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត