បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ កម្ពុជា​ផ្តល់​មេរៀន​ឲ្យអាស៊ាន​?​

26-07-2016 6:06 pm 9450
រូបភាពពី Fresh News

បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយជារឿងចម្រូងចម្រាសពាសពេញពិភពលោក ពិសេសក្នុងសហគមន៍ អាស៊ាន ព្រោះប្រទេសមួយចំនួនជាសមាជិកអាស៊ាន ជាគូវិវាទជាមួយចិន។ចិនដែលប្រកាសថា ដែន កោះនៅលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ស្ថិតនៅដែនគ្រប់គ្រងរបស់ខ្លួននោះ បានធ្វើឲ្យប្រទេស ហ្វីលីពីន វៀតណាម ព្រុយណេ និងប្រទេសមាឡេស៊ី ហៅការប្រកាសរបស់ចិនថា ជាការឈ្លានពានមក លើដែនអធិបតេយ្យភាពរបស់ប្រទេសតូចតាច។នៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀង​ចន្ទន៍នៃប្រទេស​ឡាវ កម្ពុជាមិនបានចូលរួម ក្នុងការបញ្ចេញជំហររួមណាមួយចំពោះ សាលដីការបស់តុលាការអន្តរជាតិ លើ វិវាទរវាងប្រទេសហ្វីលីពីន និងប្រទេសចិននោះទេ។ជំហរនេះ បានរងការរិះគន់។ប៉ុន្តែលោកសុខ ទូចថា ជំហររបស់កម្ពុជាពេលនេះ គឺជាមេរៀន​មួយប្រាប់ដល់អាស៊ាន។

 

ប្រទេសហ្វីលីពីន​បានសម្រេចប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ កាលពីឆ្នាំ២០១៣ ហើយនៅថ្ងៃ ១២ កក្កដា​២០១៦ តុលាការនេះ បានចេញសេចក្តីសម្រេចឲ្យហ្វីលីពីន ឈ្នះក្តីលើចិន។ ប៉ុន្តែ​ចិន ទាត់ ចោលសេចក្តីសម្រេច​នេះ។ដោយឡែកកម្ពុជា ដែលមានទំនាក់ទំនងស្អិតល្មួត ចាក់ទឹកមិនលិចជាមួយ ចិននោះ បានបញ្ជាក់ថា កម្ពុជា​នឹងមិនចូលរួម ក្នុងការបញ្ចេញ​ជំហររួម​ណាមួយចំពោះ សាលដីកា របស់ តុលាការអន្តរជាតិ លើវិវាទរវាងប្រទេស​ហ្វីលីពីន និងប្រទេសចិននោះទេ។

 

នៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ កាលពីថ្ងៃទី២៤កក្កដា២០១៦ រដ្ឋមន្ដ្រីការបរទេស នៃប្រទេសជាសមាជិកអាស៊ានទាំង១០បានជួបជុំគ្នា ពិភាក្សាពីបញ្ហាសំខាន់ៗ ក្នុងនោះ​ក៏​មាន របៀប វារៈទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង ដែលកំពុងជាប់គាំងនេះផងដែរ ហើយក៏មិនខុស អ្វីពីកិច្ច ប្រជុំកាលពីឆ្នាំ២០១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះដែរ គឺ អាស៊ាននៅតែ​មិន​បាន ចេញសេចក្ដី ថ្លែង ការណ៍រួមដដែល។

 

ក្នុងកិច្ចប្រជុំ ហ្វីលីពីន និងវៀតណាមទាមទារឲ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួម គោរពតាមសេចក្ដី សម្រេចរបស់តុលាការអាជ្ញាកណ្ដាលក្រុងឡាអេ ដែលចេញកាល​ពីថ្ងៃទី១២​កក្កដានិយាយ​ថា ចិន គ្មាន សិទ្ធិទាមទារកាន់កាប់ទាំងស្រុងនៅសមុទ្រចិនខាងត្បួង។ប៉ុន្ដែគោលបំណងនេះត្រូវបរាជ័យ ព្រោះ សមាជិកមិនស្រុះស្រួលគ្នា។ជាក់ស្ដែងមានកម្ពុជា មិនបាននិយាយអ្វីទាក់ទងនឹង សេចក្ដីសម្រេច របស់ តុលាការអាជ្ញាកណ្ដាលក្រុងឡាអេឡើយ។

 

មានការចោទប្រកាន់ថា ការដែលកម្ពុជាបដិសេធមិនលើកឡើងពី សេចក្ដីសម្រេច របស់តុលាការ អាជ្ញា កណ្ដាល​អន្ដរជាតិ បានធ្វើឲ្យកិច្ចប្រជុំទាំងមូលត្រូវជួបភាពច្របូកច្របល់។

 

សម្រាប់កម្ពុជាគាំទ្រការប្រឆាំងរបស់ចិនទៅនឹងអាស៊ានរឿងសមុទ្រចិនខាងត្បូង ហើយកម្ពុជាបញ្ជាក់ថា បញ្ហាគួរ​ដោះស្រាយដោយទ្វេភាគី គឺដោះស្រាយជាមួយអ្នកពាក់ព័ន្ធ។ប្រទេសទាំង​បួន​ដែលមានវិវាទ នឹងចិន ក៏បានចោទ​ប្រកាន់ចិនថា បានប្រើយុទ្ធសាស្ដ្រអូសទាញកម្ពុជា តាមរយៈការផ្ដល់ ជំនួយឥត សំណងនិងកម្ចីជាច្រើន។ ហេតុនេះ​ចង់មិនចង់ បើសិនចេញសេចក្ដីថ្លែង​ការណ៍​រួមអាចនឹងប៉ះពាល់ចិន ដែលជាអ្នកមានគុណ​លើផ្នែកសេដ្ឋកិច្ច​របស់កម្ពុជា។

 

លោកសុខ ទូច សាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្រនយោបាយ បានបកស្រាយថា ជំហររបស់កម្ពុជា ពេល នេះ គឺជាមេរៀនមួយប្រាប់ដល់អាស៊ាន។ លោកថា សមាជិកអាស៊ាន បានបង្រៀនមេរៀន នេះដល់ កម្ពុជាមុន ព្រោះកន្លងមកពេលកម្ពុជាមានបញ្ហារឿងប្រាសាទព្រះវិហារជាមួយថៃ គ្មានសមាជិក អាស៊ានណាមួយ ចេញមុខជួយកម្ពុជាទេ។លោកសុខ ទូចបញ្ជាក់ដែរថា អ្វីដែល​កម្ពុជា​ធ្វើពេលនេះ គឺ ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសរបស់ខ្លួន មិនមែនសម្រាប់ប្រទេសណាមួយទេ……………..

 

សំឡេងលោកសុខ ទូច៖

 

ទាក់ទងនឹងជំហររបស់កម្ពុជា ក៏មានដែរការរិះគន់ ក្នុងនោះ លោកសាស្ត្រាចារ្យ Carl Thayer នៃ វិទ្យា ស្ថានការពារជាតិក្នុងទីក្រុង Canberra ប្រទេសអូស្ត្រាលីដែលបានផ្សព្វផ្សាយក្នុងការសែត Cambodia Daily នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ថា ជំហរកម្ពុជា ប្រឆាំងនឹងសេចក្តីប្រកាសនៃការដោះ ស្រាយ វិវាទអធិបតេយ្យភាពនៅឈូងសមុទ្រចិនខាងត្បូង (DOC) កើតចេញ​ពីទឹកលុយ​របស់ចិន។ ប៉ុន្តែ លោក ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ជាក់ថា វាកើតចេញពីការសម្រេចចិត្តរួម របស់ភាគីនៃបណ្តា    សមាជិករបស់ ASEAN ។ លោកផៃ ស៊ីផាន បានចាត់ការ​លើកឡើង​របស់លោកសាស្ត្រាចារ្យ Carl Thayerនេះថា ជាការម៉ាក់ងាយដល់ជំហរ របស់កម្ពុជាចំពោះបញ្ហាវិវាទ អធិបតេយ្យភាព ឈូងសមុទ្រ ចិនខាងត្បូង។

 

លោកផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាមិនមែនជាភាគីជម្លោះនោះទេក៏ប៉ុន្តែកម្ពុជាជាសមាជិកនៃ ASEAN ដែលមានមោទនភាពក្នុងការរៀបចំថែរក្សា និងដោះស្រាយវិបត្តិអធិបតេយ្យភាព ឈូង​សមុទ្រ ចិនខាង ត្បូង ។លោកថា នៅក្នុងសេចក្តីប្រកាសនៃការដោះ ស្រាយវិវាទអធិបតេយ្យភាព នៅឈូងសមុទ្រ ចិន ខាងត្បូង (DOC)  គឺមានន័យសំខាន់ក្រៅពីការ ដោះស្រាយជម្លោះ នៃ​ភាគី​ពាក់ព័ន្ធនោះ គឺការខិតខំ ការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់ភូមិសាស្ត្រសមុទ្រចិន ខាងត្បូងដែលមិនត្រឹម តែផលចំណេញ សម្រាប់តំបន់នោះទេ ក៏ប៉ុន្តែសម្រាប់ពិភពលោក ក្នុងការ​ធ្វើ​ចរាចរ​ទំនិញ ដែលមានតម្លៃរាប់ កោដិ​ដុល្លារ​អាមេរិក ដែលឆ្លងកាត់តាមតំបន់សមុទ្រចិនខាងត្បូង។ផលចំណេញទាំងអស់នោះគឺមិនអាចទៅរួចទេ បើសិន​តំបន់នោះជួប​ប្រទះនឹងសង្គ្រាម៕

 

ដោយ៖ខាត់ សុធី

ព័ត៌មានផ្សេងទៀត