សមា​ជិក​​អា​ស៊ាន​​ចាត់​ទុក​​កម្ពុជា​ ​និង​​ឥណ្ឌូ​នេ​ស៊ី​ ​ជា​​ប្រ​ទេស​​នាំ​មុខ​គេ​​លើ​​ការ​អភិវឌ្ឍ​​ជំ​នាញ​​ទេសចរ​ណ៍​​

26-07-2016 5:28 pm 1613

​កម្ពុជា និង​ឥណ្ឌូនេស៊ី ត្រូវបាន​ចាត់ទុក​ជា​ប្រទេស​នាំមុខគេ​លើ​ការអភិវឌ្ឍ​ជំនាញ​ទេសចរណ៍ ស្របតាម ស្មារតី​សមាហរណកម្ម​សហគម​សេដ្ឋកិច្ច​អាស៊ាន (AEC)​។ នេះ​បើ​តាម​ការបញ្ជាក់ ពី​ក្រសួង​ទេសចរណ៍ ។ ដោយ​ក្នុង​នោះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការទទួលស្គាល់​គ្នា​ទៅវិញ​ទៅ មក លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) ដើម្បី​សម្រួល​បម្លាស់​ទី​ការងារ អ្នកជំនាញ​ទេសចរ ណ៍ លើ​មុខ​ជំនាញ​ចំនួន ៣២ ស្ថិតក្នុង​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ​។​

 

​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ប្រទេស​ជា​សមាជិក​ត្រូវ​រៀបចំ​យន្តការ បទដ្ឋាន​គតិយុត្ត និង​ស្តង់ដា​នានា​ទ្រទ្រង់​ដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ក្នុង​ប្រទេស​រៀងៗ​ខ្លួន ឲ្យស្រប​តាម​ស្តង់ដា​សមត្ថភាព​អាស៊ាន ហើយ​ក្រសួង​ទេសចរណ៍​កម្ពុជា​មាន យន្តការ​ការងារ ផែនការ​ច្បាស់លាស់ និង​លទ្ធផល​ជាក់ស្តែង​ក្នុង​ការអភិវឌ្ឍ​ជំនាញ​ទេសចរណ៍ ខាងលើ ទាំង​ក្របខណ្ឌ​ជាតិ និង​អាស៊ាន​។​

 

​បើ​តាម​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា លេខាធិការដ្ឋាន​អាស៊ាន និង​ប្រទេស​ជា​សមាជិក បានចាត់ទុក​កម្ពុជា និង​ឥណ្ឌូនេស៊ី ជា​ប្រទេស​នាំមុខ​គេ​ក្នុង​តំបន់ និង​បាន​រៀបចំ​របាយការណ៍​មួយ​មានឈ្មោះ​ថា ការអនុវត្ត​ល្អៗ ​និង​​ភា​ព​ជោ​គ​ជ័យ​របស់​កម្ពុ​ជា និង​ឥណ្ឌូនេស៊ី “Best Practices and Success Stories from Cambodia and Indonesia” ដើម្បី​ចែករំលែក​បទពិសោធន៍​ទាំងនេះ ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត​។​

 

​សូមបញ្ជាក់​ថា ថ្មីៗ​កន្លងទៅនេះ កម្ពុជា​បាន​ជាប់​ជ័យលាភី ជា​ប្រទេស​ដែល​មាន​ទេសចរណ៍​ល្អ​បំផុត​នៅលើ​លោក ឆ្នាំ​២០១៦ បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន ៣០ ចូ​ល​រួម​​ប្រ​កួ​ត​ប្រជែង​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត