ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ពិនិត្យ​មើល មណ្ឌល​ប្រឡង​បាក់​ឌុប​ចំនួន​៦៩ នៃ​ខេត្ត​ទាំង​១២

26-07-2016 4:44 pm 639

នៅក្នុង​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦​ក្រុមការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង នៃ​មណ្ឌល​ប្រឡង​ចំនួន​៦៩ នៃ​ខេត្ត​ទាំង​១២ ក្នុងនោះ​រួមមាន​ខេត្ត ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង ប៉ៃលិន ព្រៃវែង តាកែវ និង​ខេត្ត​កណ្តាល ដើម្បី​ត្រៀម​ពង្រាយ​កម្លាំង​សង្កេតការណ៍​របស់ខ្លួន​។​នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការចុះពិនិត្យ​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ តាម​រាជធានី​ខេត្ត​របស់​ក្រុម​ការងារ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

 

 នៅពេល​ចុះទៅពិនិត្យ​នោះដែរ ក្រុមការងារ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានរួម​គ្នា​ជាមួយ​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​ទទួលបន្ទុក ស្នងការ ស្នងការរង​នគរបាល​ខេត្ត​ទទួលបន្ទុក មេបញ្ជាការ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួលបន្ទុក ប្រធាន អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ប្រធាន និង​តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រចាំ​ខេត្ត​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​១២​ខេត្ត ដើម្បី​ពិនិត្យ​ពិភាក្សា រៀបចំ​ផែនការ​បម្រើ​ឲ្យ​ការ ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២​ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៦​។​

 

​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​១២ រួមទាំង​សេនាធិការ​របស់ខ្លួន ដែល​មាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​នគរបាល កងរាជអាវុធហត្ថ​ខេត្ត បាន​វាយតម្លៃ​ខ្ពស់​នូវ​ការទទួល​របស់​ខ្លួន​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​ការប្រឡង​បាក់​ឌុប​ប្រព្រឹត្ត​ទៅ​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​និង​លទ្ធផល​ទទួលយកបាន​។​

 

​សូមបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ ឬ​បាក់​ឌុប នឹង​ត្រូវ​ចាប់ផ្តើម ពោល​គឺ​នៅ​ថ្ងៃទី​២២ សីហា​។ សម្រាប់​បេក្ខជន​ប្រឡង នៅ​ឆ្នាំ​២០១៦​នេះ មាន​ចំនួន​ប្រមាណ ៩៣,៧៥២​នាក់ មាន​មណ្ឌល​ប្រឡង​ចំនួន ១៥៧​មណ្ឌល ចែកចេញ​ជា ៣,៧៨១​បន្ទប់ នៅ​ទូទាំង​២៥ រាជធានី​/​ខេត្តហើយ លទ្ធផល​ប្រឡង​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី ១៣ ខែ​កញ្ញា និង​សម្រាប់​មណ្ឌល​ប្រឡង​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា​៕

ព័ត៌មានផ្សេងទៀត