អ្នក​អភិរក្ស​​សត្វ​ផ្សោត​​ទន្លេមេគង្គ​​ត្រូវ​ព្យុះ​​បោកបក់​ផ្ដាច់​ជីវិត​​ពេល​​កំពុង​​បំពេញ​​បេសកម្ម​​

26-07-2016 3:34 pm 22400
រូបភាពពីអង្គការWWF-កម្ពុជា

​អ្នក​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​លោក​ឡេ សុខ​លេង ត្រូវបាន​ព្យុះ​បោកបក់​ផ្ដាច់ជីវិត​ក្នុង​ពេល​លោក​កំពុង​បំពេញ​បេសកកម្ម​លើ​ផ្ទៃ​ទន្លេ ដែល​មាន​ទីតាំង​នៅ​ជិត​ភូមិ​សណ្តាន់​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​អន្លង់​ផ្សោត​កាំ​ពី​។​


​ហេតុការណ៍​នេះ​បាន​កើតឡើង នា​យប់​ថ្ងៃ​អាទិត្យ ទី​២៥ កក្កដា ឆ្នាំ​២០១៦​។ ប្រភព​ពី​អង្គការ WWF-កម្ពុជា បានឲ្យដឹងថា សាកសព​ត្រូវបាន​រកឃើញ​នា​ព្រឹក​នេះ​នៅ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ដែល​ក្រុម​ការងារ​បាន​ខិតខំ​ស្វែងរក​អស់​រយៈពេល​មួយ​ថ្ងៃ​ពេញ​។ លោក ឡេ សុខ​លេង​មាន​អាយុ ៣២​ឆ្នាំ ហើយ​ពេលនេះ​លោក​បាន​លាចាក​លោក​ចោល​ប្រពន្ធ និង​កូនៗ​២​នាក់​របស់​គាត់ ឲ្យ​រស់នៅ​គ្មាន​ទីពឹង​។​


​សូមបញ្ជាក់​ថា លោក ឡេ សុខ​លេង​គឺជា​ឆ្មាំ​ទន្លេ​ម្នាក់​ដែល​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ និង​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​។ ក្នុងពេល​បំពេញ​បេសកកម្ម​នោះដែរ លោក​បាន​រួម​ដំណើរ​ជាមួយ​មន្ត្រី​ឆ្មាំ​ទន្លេ​២​នាក់​ទៀត​ដែល​ពេល​នេះ​ពួកគាត់​ទាំង​ពីរ​នោះ ក៏​បាន​រងគ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ដែល​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល ។​អង្គការ WWF ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​សប្បុរសជ​នឲ្យចូលរួម​ជា​វិភាគទាន​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​របស់​លោក​ឡេ សុខ​លេង​៕  


ព័ត៌មានផ្សេងទៀត