កម្ពុជា​ត្រូវការ​សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ច្រើន​ថែមទៀត​

25-07-2016 5:34 pm 724

​កង្វះ​សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ គឺជា​បញ្ហា​ប្រឈម​មួយ ក្នុង​ការបណ្ដុះបណ្ដាល និង​ផ្គត់ផ្គង់​ជំនាញ​ទេសចរណ៍ ដែល​បច្ចុប្បន្ន មានតែ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេស​ច​រ​ណ៍​​ខ្នាត​តូច​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​កំពុង​បណ្ដុះបណ្ដាល ជំនាញ​ទេសចរណ៍ បាន​ប្រមាណ ១.៧០០ នាក់ ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ការ​អះ​របស់លោក ថោង ខុន ក្នុងឱកាស​សន្និបាត​បូកសរុប លទ្ធ​​ផល​ការងារ គណៈកម្មាធិការ​ជាតិ អ្នកជំនាញ​ទេសចរណ៍ ឆ្នាំ​២០១៥​ដល់ ឆមាស​ទី​១ ឆ្នាំ​២០១៦ និង​ទិសដៅ​អនុវត្ត​បន្ត ឆមាស​ទី​២ ឆ្នាំ​២០១៦  និង​ឆ្នាំ​២០១៧ នៅ​សាលសន្និសីទ​ចតុមុខ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​

 

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អ្នកជំនាញ​ទេសចរណ៍ បាន​បន្ថែមថា ជា​ផ្នែក​មួយ​នៃ ដំណោះស្រាយ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ ក្រ​សួង​​ទេសចរណ៍ បង្កើត​សាលា​ជាតិ វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន ២ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ក្រោម​កិច្ចសហប្រតិបត្តិការ​ឥណទាន ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដែល​មាន​សមត្ថភាព បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ថ្មី បាន ១.៣០០ នាក់ ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ តទៅ បើ​តាម​ការគ្រោងទុក​។

 

​ដោយសារតែ​មាន​ការខ្វះ​ខាត​សាលា​បណ្ដុះបណ្ដាល វិជ្ជាជីវៈ​ទេសចរណ៍​បែបនេះ នៅពេល​នេះ​រាជរដ្ឋាភិបាល បាន​ទទួល​ជំនួយ ក្នុង​ក្របខ័ណ្ឌ EIF (Enhanced Integration Framework) ដែល​មាន​មូល​និធិ Shift 360 របស់​ប្រទេស​ស្វីស ទទួលបន្ទុក​អនុវត្ត​គម្រោង​បង្កើត សាលា​បណ្ដុះបណ្ដាល​ចម្អិនម្ហូប​កម្ពុជា ដែល​អាច​បណ្ដុះបណ្ដាល​ចុងភៅ ប្រមាណ ៣០០​នាក់ ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ តទៅ​។

 

​ជាមួយគ្នានេះដែរ ប្រទេស​ជា​សមាជិក បាន​ទទួលយក​ការបណ្ដុះបណ្ដាល វិជ្ជាជីវៈ​ទេសចរណ៍ តាម​ស្តង់ដា​រួម លើ​មុខ ជំនាញ​ចំនួន​៣២ នៃ​សេវាកម្ម​សណ្ឋាគារ និង​សេវាកម្ម​ធ្វើដំណើរ ស្រប​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​ទទួល​ស្គាល់​គ្នា ទៅវិញទៅមក លើ​អ្នកជំនាញ​ទេសចរណ៍ អាស៊ាន ដែល​មាន​គោលដៅ​សម្រួល បម្លាស់​ទី​ការងារ​ទាំង ៣២ មុខ​ជំនាញ​ក្នុង​តំបន់​។ នេះ​ជា​ឳ​កាស​ថ្មី មួយ​បន្ថែម​​ទៀត សម្រាប់​កម្ពុជា ក្នុង​ការពង្រឹង​ប្រព័ន្ធ​បណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​។

 

​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ចាប់​យក​ឱកាស និង​ដោះស្រាយ​បញ្ហា ប្រឈម​ខាងលើ ក្រសួង​ទេសចរណ៍ បាន​ដាក់ចេញ នូវ​យុទ្ធនាការ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” និង​ដោយ​មាន​ការគាំទ្រ ពី​រាជ​រដ្ឋា​ភិបាល ក្រសួង​ទេសចរណ៍ ក៏​បាន​ដាក់​ចុះ​ចលនា ប្រឡង​ប្រណាំង “​បដិសណ្ឋារកិច្ច​ល្អ​” ដើម្បី​ជា​ចលនា​ជំរុញ ការលើកកម្ពស់ និង​ការអភិវឌ្ឍ ជំនាញ​ទេសចរណ៍ សំដៅ​ពង្រឹង​គុណភាព​សេ​វា​កម្ម កាន់តែ​ប្រសើរ​ថែម​ទៀត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ថោង ខុន​៕
 


ព័ត៌មានផ្សេងទៀត